ភ្នំពេញ ៖ យោងតាមការឱ្យដឹងពីមន្រ្តីបរិស្ថាន បានឲ្យដឹងថា ៖ ប្រទេសអភិវឌ្ឍន៍ភាគច្រើនផលិតគ្រឿងអេឡិចត្រូនិក ខណៈប្រទេសកំពុងអភិវឌ្ឍមួយចំនួន ត្រូវបានគេកំណត់ជាគោលដៅសម្រាប់ការនាំចូលសំណល់អេឡិចត្រូនិក និងការបង្កើតរោងចក្រកែច្នៃ។ យ៉ាងណា ប្រទេសជាច្រើនបានបដិសេធយ៉ាងដាច់ខាតការនាំចូលសំណល់អេឡិចត្រូនិក និងរោងចក្រកែច្នៃ ដោយសារវាប៉ះពាល់ធ្ងន់ធ្ងរចំពោះបរិស្ថាន សុខភាព សេដ្ឋកិច្ច និងសង្គម។
មន្រ្តីបរិស្ថានបញ្ជាក់ថា មូលហេតុដែលមិនគួរនាំចូលសំណល់អេឡិចត្រូនិកយកមកកែច្នៃ ទី១.គ្រោះថ្នាក់ខ្លាំងដល់សុខភាពមនុស្ស៖ រោងចក្រកែច្នៃសំណល់អេឡិចត្រូនិក ជាពិសេសរោងចក្រប្រើបច្ចេកវិទ្យាចាស់ៗ ឬមានច្បាប់គ្រប់គ្រងខ្សោយ អាចប៉ះពាល់ដល់កម្មករ និងសហគមន៍នៅជុំវិញ។ វិធីកែច្នៃមិនផ្លូវការ ដូចជា ការដុតខ្សែភ្លើង ឬការប្រើសារធាតុអាស៊ីត ដើម្បីយកលោហៈ អាចបញ្ចេញសារធាតុពុលទៅក្នុងខ្យល់ និងទឹក បង្កឱ្យមានជំងឺដង្ហើម ជំងឺប្រព័ន្ធប្រសាទ មហារីក និងបញ្ហាការលូតលាស់របស់កុមារ។
ទី២.ការ ការពារបរិស្ថាន ពីសារធាតុពុល៖ សំណល់អេឡិចត្រូនិកមានសារធាតុពុលដូចជា សំណ បារត កាឌមីញ៉ូម និងសារធាតុគីមីគ្រោះថ្នាក់ផ្សេងៗដែលប្រើក្នុងប្លាស្ទិក និងបន្ទះសៀគ្វី។ នៅពេលសំណល់អេឡិចត្រូនិកត្រូវបាននាំចូល និងកែច្នៃដោយគ្មានការគ្រប់គ្រងត្រឹមត្រូវ សារធាតុពុលអាចបំពុលដី ទន្លេ និងទឹកក្រោមដី បង្កការខូចខាតបរិស្ថានយ៉ាងយូរអង្វែង និងពិបាកស្ដារឡើងវិញ។
ទី៣.ផលប៉ះពាល់សេដ្ឋកិច្ចរយៈពេលវែង៖ ទោះបីជាការទទួលសំណល់អេឡិចត្រូនិក អាចផ្ដល់ការងារខ្លះៗនៅពេលដំបូង ប៉ុន្តែរដ្ឋត្រូវចំណាយលុយច្រើនលើសលប់វិញ ដើម្បីព្យាបាលជំងឺប្រជាជន និងសម្អាតបរិស្ថានដែលខូចខាត។ លើសពីនេះ ការបំពុលដី និងទឹក ក៏ធ្វើឱ្យប៉ះពាល់ដល់វិស័យកសិកម្មផងដែរ។ ដូច្នេះ រាជរដ្ឋាភិបាលយល់ឃើញថា វាមិនមែនជាការអភិវឌ្ឍដែលចំណេញនោះទេ។ មន្រ្តីបរិស្ថានបន្ថែមថា ការគោរពច្បាប់អន្តរជាតិកិច្ចព្រមព្រៀងអន្តរជាតិ ដូចជា អនុសញ្ញាបាសែល(Basel Convention) បានតម្រូវឱ្យប្រទេសនីមួយៗទទួលខុសត្រូវលើសំណល់ដែលខ្លួនផលិត។ ការបដិសេធមិនទទួលសំណល់ពីក្រៅប្រទេស គឺជាការបង្ហាញពីឆន្ទៈក្នុងការការពារយុត្តិធម៌សង្គម និងការអភិវឌ្ឍ៕



