មន្រ្តីជាន់ខ្ពស់នៃក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់អនុសាសន៍ ៨ចំណុច ដល់មន្រ្តីក្រោមឱវាទ និងលោកគ្រូ អ្នកគ្រូ នៅខេត្តមណ្ឌលគិរី ដើម្បីពង្រឹងគុណភាព និងប្រសិទ្ធភាពអប់រំ ឱ្យកាន់តែល្អប្រសើរ

មណ្ឌលគិរី ៖ នៅក្នុងពិធីបិទសន្និបាតបូកសរុបវាយតម្លៃលទ្ឋផលការងាររបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តមណ្ឌលគិរី ឆ្នាំសិក្សា២០២៤-២០២៥ និងទិសដៅការងារ ឆ្នាំសិក្សា២០២៥-២០២៦ នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តមណ្ឌលគិរី ឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ណែនាំដល់មន្រ្តីក្រោមឱវាទ និងលោកគ្រូ អ្នកគ្រូ នៅខេត្តមណ្ឌលគិរី ត្រូវពង្រឹងសេវាអប់រំប្រកបដោយគុណភាព និងប្រសិទ្ធភាព ក្នុងការអភិវឌ្ឍវិស័យអប់រំ ក្នុងខេត្តមណ្ឌលគិរី ឱ្យកាន់តែរីកចម្រើន។

ដើម្បីរួមចំណែកក្នុងការកែទម្រង់វិស័យអប់រំ យុវជន និងកីឡា ឯកឧត្តម កែ ប៊ុនខៀង បានផ្តល់អនុសាសន៍ ៨ ចំណុច ៖ ១/ បន្តពង្រឹង និងអភិវឌ្ឍប្រព័ន្ធអប់រំឱ្យកាន់តែរឹងមាំ មានភាពបុរេសកម្ម ទំនើបកម្ម និងឆ្លើយតបទៅនឹងបរិការណ៍ជាតិ អន្តរជាតិ។ ២/ បន្តអភិវឌ្ឍសមត្ថភាពស្ថាប័ន និងមន្ត្រីអប់រំឱ្យបានពេញលេញ ៣/ បន្តអភិវឌ្ឍការអប់រំឌីជីថល សម្រាប់ការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងបរិវត្តកម្មសង្គម និងសេដ្ឋកិច្ចឌីជីថល ជាពិសេស ជំរុញការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ ប្រកបដោយប្រសិទ្ធភាព និងចីរភាព ព្រមទាំង លើកទឹកចិត្តឱ្យមានការសិក្សាស្រាវជ្រាវ និងការរៀនមួយជីវិតសម្រាប់ទាំងអស់គ្នា។ ៤/ អនុវត្តឱ្យកាន់តែសកម្មលើការងារកាយរឹទ្ធ និងការអភិវឌ្ឍយុវជន ដើម្បីឱ្យកុមារ និង យុវជនមានស្មារតីទទួលខុសត្រូវ មានជំនឿលើសមត្ថភាពរបស់ខ្លួន ដោយប្រកាន់ខ្ជាប់នូវទង្វើ វិជ្ជមានក្នុងសង្គម មានសីលធម៌ និងការរស់នៅក្នុងភាពជាពលរដ្ឋ។ ៥/ បន្តលើកកម្ពស់វិស័យកីឡា និងលំហាត់ប្រាណ ដើម្បីកសាងមនុស្សគ្រប់រូបឱ្យមានសុខភាព និងសុខុមាលភាពល្អ ព្រមទាំងបន្តជំរុញចលនា “យុវជនម្នាក់ ចេះលេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត។ ៦/ បន្តលើកកម្ពស់សុខភាពអនាម័យ នៅតាមគ្រឹះស្ថានសិក្សា ត្រៀមវិធានការឆ្លើយតប និងចូលរួមទប់ស្កាត់ភ្លាមៗ ក្នុងការបង្កើនការអប់រំអំពីសុវត្ថិភាព សុខភាពសិក្សា សុវត្ថិភាពចំណី អាហារដល់បុគ្គលិកអប់រំ និងសិស្សានុសិស្ស កែលម្អហេដ្ឋារចនាសម្ព័ន្ធសុខភាព។ ៧/ អនុវត្តឱ្យបានខ្ជាប់ខ្ជួនគោលការណ៍បែបបទ និងនីតិវិធីអនុវត្តមុខងារ ក្នុងវិស័យអប់រំ យុវជន និងកីឡា។ ៨/ ការចូលរួមយុទ្ធនាការលើកកម្ពស់ស្តង់ដាសាលារៀនគំរូ សកម្មភាពចុះជួយគាំទ្រ និងស្តង់ដាសាលារៀនគំរូ។

លោកស្រី កែវ សាវឿន អភិបាលរងខេត្តមណ្ឌលគិរី បានគាំទ្រចំពោះសមិទ្ធផលនានា ដែលសម្រេចបានកន្លងមក ធ្វើឱ្យមានការរីកចម្រើន និងអភិវឌ្ឍន៍លើគ្រប់វិស័យអប់រំ ដែលកើតចេញពីការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ មន្រ្តីអប់រំគ្រប់លំដាប់ថ្នាក់ និងពីគ្រប់ភាគីពាក់ព័ន្ធ។

លោក លី សាមិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឲ្យដឹងថា អង្គសន្និបាតនេះ មានសារៈសំខាន់ណាស់ សម្រាប់មន្ត្រីអប់រំ គ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមធ្វើបទបង្ហាញ និងសំណួរ ចម្លើយ ដើម្បីជាបទពិសោធន៍ ពីអង្គភាពមួយទៅអង្គភាពមួយ ក្នុងការដឹកនាំគ្រប់គ្រងឱ្យមានការអភិវឌ្ឍ សម្រាប់ឆ្នាំសិក្សានីមួយៗ ដើម្បីធ្វើយ៉ាងណាឱ្យឆ្លើយតបទៅគោលនយោបាយទាំងពីររបស់ក្រសួងអប់រំ យុវជន និងកីឡា៕