មន្រ្តីជាន់ខ្ពស់ក្រសួងធម្មការនិងសាសនា បន្តចុះប្រគល់ អណ្ដូងស្នប់ទឹកស្អាត អាហ្វ្រ៊ីដេស១៥អណ្ដូង ដល់មូលដ្ឋានស្រុកចំនួន៣ នាខេត្តរតនគិរី

ឯកឧត្តមបណ្ឌិត ខាន់ ខុន អនុរដ្ឋលេខាធិការ ក្រសួងធម្មការនិងសាសនា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រី ក្រសួងធម្មការនិងសាសនា បានអញ្ជើញជាអធិបតី ក្នុងពិធីចុះប្រគល់ អណ្ដូងស្នប់ទឹកស្អាត អាហ្វ្រ៊ីដេស ចំនួន១៥អណ្ដូង ដល់មូលដ្ឋានស្រុកចំនួន៣ នាខេត្តរតនគិរី ។
នៅក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ ជាមួយប្រជាពលរដ្ឋ ឯកឧត្តមបណ្ឌិត បាននាំក្ដីនឹករលឹក គោរពស្រលាញ់របស់ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តី ក្រសួងធម្មការនិងសាសនា ពីការដឹកនាំ ការរួមសាមគ្គីគ្នា គ្រប់សាសនាក្នុងមូលដ្ឋាន ចេះចែករំលែក ជួយគ្នាតាមលទ្ធភាពដែលខ្លួនមាន ស្រលាញ់គ្នា រួមរស់ក្នុងម្លប់សន្តិភាព ដោយនូវស្នាមញញឹម និងភាពរីករាយ មិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ពីព្រោះយើង គឺជាខ្មែរ
ហើយអ្វីដែលយើងធ្វើ សុទ្ធតែដើម្បីប្រទេសជាតិ និងការអភិវឌ្ឍ ដោយរក្សានូវការរួមសាម្គីភាព ។
ឯកឧត្តម ខាន់ ខុន បានមានប្រសាសន៍ថា ក្រោមការចង្អុលបង្ហាញរបស់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា តបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដោតការយកចិត្តទុកដាក់ចំពោះសុខុមាលភាព សុវត្ថិភាព និង ការអភិវឌ្ឍមនុស្ស គឺជាគ្រឹះដ៏សំខាន់ក្នុងការកសាងមូលធនមនុស្សប្រកបដោយសក្តានុពលសម្រាប់ការអភិវឌ្ឍសង្គម ។ជាមួយនិងការដាក់ចេញនៅយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព និងបានកំណត់យកអាទិភាពគន្លឹះ៥គឺ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា» ។
សូមជម្រាបជូនថា ដោយការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ពីការចង្អុលបង្ហាញរបស់អាជ្ញាធរ ខេត្ត និងជំនាញពាក់ព័ន្ធ សមាគមគ្រីស្ទបរិស័ទក្នុងសន្តិភាព បានផ្ដល់អណ្ដូងស្នប់ទឹកស្អាត អាហ្វ្រ៊ី ដេសចំនួន១៥អណ្ដូង សរុបថវិកាប្រមាណជាង ៣០០០០ដុល្លាអាមេរិច តាមរយៈ ឯកឧត្តមបណ្ឌិត ខាន់ ខុន ដើម្បី ជួយសម្រួល ដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ដែលមានតម្រូវការក្នុងការប្រើប្រាសទឹក សមិទ្ធផលទាំងអស់នេះបានមកពី Joyce Meyer Ministries ( Hand of Hope) និង ( Relevant Expeditions ) ប្រគល់ជូនស្ថិតនៅទីតាំងដូចខាងក្រោម ៖
១- ភូមិប្រាក់២ ឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគិរី
២- ភូមិល្អឺនកាងមីស ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី
៣- ភូមិអូរជុំ ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី
៤- ភូមិល្អឺនក្រែង ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី
៥- ភូមិប៉ាហយ ឃុំកោះប៉ង់ ស្រុកវើនសៃ ខេត្តរតនគិរី
៦- ភូមិប៉ាតិង ឃុំកោះប៉ង់ ស្រុកវើនសៃ ខេត្តរតនគិរី
៧- ភូមិឡាំងអាវ ឃុំកោះប៉ង់ ស្រុកវើនសៃ ខេត្តរតនគិរី
៨- ភូមិភ្លឺធំ ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី
៩- ភូមិប៉ាងកិត ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី
១០- ភូមិកិកួងលើ ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី
១១-ភូមិសញ ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី
១២- ភូមិតាវែងក្រុម ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី
១៣- ភូមិតាវែងទីរួមស្រុក ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី
១៤- ភូមិតាវែងក្រុមពី ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី
១៥- ភូមិទំពួនរឹងធំក្រុម១ ឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី ៕