មន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យបើកការដ្ឋានស្ថាបនាផ្លូវក្រាលដីល្បាយក្រួសជាង ៤គីឡូម៉ែត្រ ក្នុងស្រុកពញាក្រែក

TVK App

ខេត្តត្បូងឃ្មុំ៖ ឯកឧត្តម ប៊ុន ចន្ទវណ្ណៈ រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមការងារ ចុះពិនិត្យការបើកការដ្ឋានការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ (មាន ៨កំណាត់) ប្រវែង សរុប ៤,៣៦៥ម ទទឹង ៨ម កម្រាស់ ០,២ម សាងសង់លូមូលមុខមួយចំនួន ១៤កន្លែង ផ្លាកសញ្ញាចរាចរណ៍ចំនួន ៤៨ផ្លាក និងផ្លាកឈ្មោះផ្លូវចំនួន ១កន្លែង ស្ថិតនៅគម្រោងដីសម្បទានសង្គមកិច្ច ក្នុងភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ឯកឧត្តម ប៊ុន ចន្ទវណ្ណៈ ក៏បានគូសបញ្ជាក់ដែរថា ការបើកការដ្ឋានស្ថាបនាផ្លូវក្រាលដីល្បាយក្រួស១ ខ្សែ នេះគឺជាសមិទ្ធផលថ្មីមួយទៀត ដែលនឹងលេចរូបរាងឡើង ដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់ប្អូនប្រជាពលរដ្ឋ ដែលបានស្នើសុំនាពេលកន្លងមក ដែលក្រសួងអភិវឌ្ឍន៍ជនបទ មានកិច្ចសម្របសម្រួលពីមន្ទីរអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ បានចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត ក្នុងការធ្វើឲ្យកាន់តែប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តក្នុងមូលដ្ឋានគម្រោងដីសម្បទានសង្គមកិច្ច ក្នុងភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ជាពិសេសក្នុងការដោះស្រាយ និងឆ្លើយតបទាន់ពេលវេលាទៅនឹងសេចក្ដីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងមានតម្រូវការក្នុងការប្រើប្រាស់ផ្លូវមួយខ្សែនេះ ។

បន្ថែមលើនេះ ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងនូវការអបអរសាទរ និងសប្បាយរីករាយជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋមូលដ្ឋាន ដោយឯកឧត្តមបានបញ្ជាក់ថា គម្រោងស្ថាបនានេះ មិនមែនជាគម្រោងចុងក្រោយនោះទេ វាជាជំហានបឋមដែលយើងនឹងត្រូវខិតខំប្រែក្លាយពីផ្លូវដី មកជាផ្លូវក្រាលល្បាយក្រួស ហើយទៅថ្ងៃខាងមុខ យើងនឹងបន្តប្រែក្លាយទៅជាផ្លូវចាក់បេតុង ឬកៅស៊ូតែម្ដង ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ និងការដឹកជញ្ជូនដែលកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ស្របតាមការអភិវឌ្ឍរបស់ប្រទេសជាតិ៕