មន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំប្រតិភូអន្តរក្រសួង ចុះត្រួតពិនិត្យកម្រិតគុណភាពផ្លូវបេតុង ៣ ខ្សែ នៅស្រុកខ្សាច់កណ្ដាល
ខេត្តកណ្តាល ៖ ផ្លូវបេតុងចំនួន ៣ ខ្សែ ប្រវែង ជាង២គីឡូម៉ែត្រ ស្ថិតនៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ដែលអនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ត្រូវបានក្រុមការងារអន្តរក្រសួង ដឹកនាំដោយឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងអ្នកពាក់ព័ន្ធ ចុះត្រួតពិនិត្យ និងវាយតម្លៃ លើការងារលើកកម្រិតគុណភាពផ្លូវ។
ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល បានឲ្យដឹងថា រាជរដ្ឋាភិបាល បាននិងកំពុងខិតខំអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យឲ្យកាន់តែមានភាពរីកចម្រើនទៅមុខបន្ថែមទៀត ដោយបានដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណ” ដំណាក់កាលទី ១ ដែលបានកំណត់អាទិភាពគន្លឹះ ៥ គឺ ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ក្រោមបាវចនាដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងគោលដៅអភិវឌ្ឍន៍ប្រទេសឈានឆ្ពោះទៅសម្រេចចក្ខុវិស័យ “កម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០”។
ឯកឧត្តមបន្តថា ដើម្បីបន្តពន្លឿនកិច្ចអភិវឌ្ឍន៍ និងជំរុញការអនុវត្តនូវយុទ្ធសាស្ត្រសំខាន់ៗ របស់ក្រសួងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ដោយការខិតខំលើកកម្ពស់កម្រិតគុណភាពផ្លូវ ពីផ្លូវដីស និងផ្លូវដីល្បាយក្រួស ទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ និងផ្លូវបេតុង។ កែលម្អលក្ខខណ្ឌ នៃការរស់នៅរបស់សហគមន៍ជនបទតាមរយៈការជំរុញអត្រាគ្របដណ្ដប់ នៃការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ១០០% នៅឆ្នាំ ២០៣០។ ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ តាមរយៈការបណ្ដុះបណ្ដាលជំនាញមូលដ្ឋាន បំណិនជីវិត ដើម្បីបង្កើតការងារ និងមុខរបរ ដើម្បីបង្កើនប្រាក់ចំណូលបន្ថែម ក្នុងគោលដៅលើកកម្ពស់ជីវភាព និងសេដ្ឋកិច្ចនៅជនបទឲ្យមានការរីកចម្រើន ជាពិសេសការពង្រឹងតួនាទី ភារកិច្ចរបស់គណៈកម្មការអភិវឌ្ឍន៍ភូមិ ដើម្បីជំរុញការអភិវឌ្ឍភូមិគំរូ។ ការពង្រឹងស្ថាប័ន និងកិច្ចការ តាមរយៈបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ , ការរៀបចំសណ្ដាប់ធ្នាប់ និងការពង្រឹងសាមគ្គីភាព ដើម្បីចូលរួមចំណែកអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ៕



