មន្រ្តីក្រសួងបរិស្ថាន ណែនាំឲ្យអ្នកផលិតមាតិកា គួរផ្សព្វ ផ្សាយពីតម្លៃនៃការអភិរក្ស បដិសេធជំនឿខុសឆ្គង លើការបរិភោគសត្វព្រៃ និងលើកទឹកចិត្តពលរដ្ឋឱ្យឈប់ទិញ និងឈប់ហូបសត្វព្រៃ

ភ្នំពេញ ៖ សត្វចាបព្រៃវែង (Yellow-breasted Bunting) គឺជាប្រភេទសត្វស្លាបទេសន្តរប្រវេសន៍ក្នុងបញ្ជីក្រហមរបស់ IUCN ជិតផុតពូជបំផុតនៅលើពិភពលោក។ សត្វចាបព្រៃវែង ឬចាបទ្រូងលឿង (Yellow Breasted Bunting) រាប់ពាន់ក្បាល នៅតែបន្តវិលត្រឡប់មករកចំណី និងស្នាក់ក្នុងតំបន់ ការពារធម្មជាតិ (តំបន់ដីសើម) នៅកម្ពុជា។

ថ្មីៗនេះមានវីដេអូឃ្លីបមួយ ដែលបានបង្ហោះតាមគណនីTik Tok ឈ្មោះ Virak អំពីករណីសត្វចាបព្រៃវែង អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានអំពាវនាវឱ្យអ្នកផលិតមាតិកា ដែលជាអ្នកចេះដឹងផងដែរនោះ សូមចូលរួមផ្សព្វផ្សាយអប់រំ ពីការការពារប្រភេទសត្វកម្រលើពិភពលោក ដែលមានវត្តមាននៅកម្ពុជា ដូចជាចាបព្រៃវែង ជាជាងជំរុញលើកទឹកចិត្តសាធារណជនបរិភោគ និងចាប់សត្វទៅវិញ។ 

អ្នកនាំពាក្យបានបន្ថែមថា ករណី Tik Tok ខាងលើនេះ មិនបានចូលរួមផ្តល់ចំណេះដឹង និងព័ត៌មាន ដែលមានប្រយោ ជន៍ដល់សង្គមនោះទេ ប្រសិនបើលោកមិនបានសុំទោស និងកែតម្រូវការផ្សាយរបស់ខ្លួន ឬមកចូលរួមអប់រំ និងការពារសត្វ ព្រៃ។ អ្នកផលិតមាតិកា គួរផ្សព្វផ្សាយពីតម្លៃនៃការអភិរក្ស បដិសេធជំនឿខុសឆ្គង លើការបរិភោគសត្វព្រៃ និងលើកទឹក ចិត្តពលរដ្ឋឱ្យឈប់ទិញ និងឈប់ហូបសត្វព្រៃ។

មន្ត្រីជំនាញតែងតែអំពាវនាវឱ្យបញ្ឈប់ការផ្សព្វផ្សាយជំរុញឱ្យមានការជួយដូរ និងបរិភោគសត្វព្រៃលើបណ្តាញសង្គម។ ការបរិភោគសាច់សត្វព្រៃ គ្មានអត្ថប្រយោជន៍អ្វីដល់សុខភាព និងអាចបង្កគ្រោះថ្នាក់ខ្លាំងដល់សុខភាព ព្រមទាំងធ្វើឱ្យបាត់បង់សត្វព្រៃកម្រផងដែរ៕