មន្ទីរព័ត៌មានខេត្តព្រះសីហនុ គាំទ្រនិងផ្តល់កិច្ចសហការជាមួយស្ថានីយទូរទស្សន៍ ខេត្តព្រះសីហនុ(KPS99TV)ក្នុងការផ្ដល់ព័ត៌មានពិត លឿន រហ័ស ជឿទុកចិត្តជូន សាធាណ:ជនទាំងក្នុងនិងក្រៅប្រទេស

នៅថ្ងៃទី១៦ខែកក្កដាឆ្នាំ២០២៥ លោក ឱ សារឿន ប្រធានមន្ទីរព័ត៌មានខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូនៃមន្ទីរព័ត៌មានខេត្តព្រះសីហនុ ចុះធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីដំណើរការប្រព័ន្ធផ្សព្វផ្សាយនៃស្ថានីយទូរទស្សន៍ (KPS99TV) ក្នុងការចុះអនុវត្តន៍ការងារដើម្បីទទួលបានព័ត៌មានពិត និងជំរុញឱ្យវិស័យផ្សព្វផ្សាយមានការកាន់តែរីកចម្រើន បន្ថែមទៀត ដែលមានទីតាំងស្ថិតនៅក្នុងភូមិ ៦ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ។
លោក Chen si hua អ្នកគ្រប់គ្រងការផ្សព្វផ្សាយព័ត៌មានស្ថានីយទូរទស្សន៍ KPS99TV បានជម្រាបជូនគណៈប្រតិភូមន្ទីរព័ត៌មានខេត្តព្រះសីហនុថា ខេត្តព្រះសីហនុ មានសក្តានុពលខ្លាំងទាំងវិស័យទេសចរណ៍ ឧស្សាហកម្ម ពាណិជ្ជកម្ម វិនិយោគ និងវិស័យសេដ្ឋកិច្ច។ ដូច្នេះ ស្ថានីយទូរទស្សន៍ចង់ផ្សព្វផ្សាយពីសក្តានុពល និងភាពរីកចម្រើនទាំងនេះទៅក្រៅប្រទេស ជាពិសេសប្រទេសចិន ដើម្បីទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនឱ្យមកបណ្តាក់ទុនវិនិយោគនៅក្នុងខេត្តព្រះសីហនុ។
លោក Xiao ya guang អគ្គនាយករងស្ថានីយ៍ទូរសទ្សន៍ខេត្តព្រះសីហនុ បានលើកឡើងថា ចាប់តាំងពីស្ថានីយបើកដំណើរការសាកល្បងនៅពាក់កណ្តាលខែមេសា ឆ្នាំ២០២៥មក មានការគាំទ្រពីក្រសួងព័ត៌មានដោយ ឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការក្រសួង ក៏បានដឹកនាំគណៈ ប្រតិភូអញ្ជើញមកទស្សនកិច្ចកាលពីពេលថ្មីៗមកនេះ។
ទន្ទឹមគ្នានេះ ឯកឧត្តម ម៉ាង សុីណេត អភិបាល ខេត្តព្រះសីហនុ ក៏បានយកចិត្តទុក ដាក់លើស្ថានីយទូរទស្សន៍ KPS99TV ដែរ ដោយ ឯកឧត្តម បានអនុញ្ញាតឱ្យអ្នក សារព័ត៌មាននៃ KPS99TV ចូលយកព័ត៌មាននៅគ្រប់កម្មវិធី និងវេទិកាទាំងអស់។ ជាមួយគ្នានេះ ក្នុងពេលឯកឧត្តមអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ឯកឧត្តមក៏បានអនុញ្ញាតឱ្យអ្នក សារព័ត៌មាននៃ KPS99TV ទៅជាមួយក្នុងការយកព័ត៌មានមកផ្សព្វផ្សាយដែរ។
ហើយតំណាងស្ថានីយទូរទស្សន៍ KPS99TV លោកក៏បានចាត់ទុកមន្ទីរព័ត៌មានខេត្តព្រះសីហនុ ដូចជាអាណាព្យាបាល និងសង្ឃឹម ថា មន្ទីរព័ត៌មានខេត្ត និងថ្នាក់ដឹកនាំទាំងអស់ផ្តល់ការគាំទ្រដល់ស្ថានីយដើម្បីងាយស្រួលក្នុងការចុះទៅយកព័ត៌មាន។
ជាការឆ្លើយតប លោកប្រធានមន្ទីរព័ត៌មានខេត្ត បានបង្ហាញនូវភាពរីករាយ និងមានមោទនភាពចំពោះសមិទ្ធផលរបស់ស្ថានីយទូរទស្សន៍ KPS99TV ដែលទទួលបានភាពរីចម្រើនប្រកបដោយផ្លែផ្កា។ លោកបានអះអាងថា នេះជាមោទនភាពសម្រាប់ខេត្តព្រះសីហនុ ហើយទៅថ្ងៃអនាគតលោកនឹងផ្តល់កិច្ច សហការ ឭជាមួយស្ថានីយ៍ដើម្បីជំរុញការងារឱ្យទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត។
លោក ឱ សារឿន ក៏បានផ្តាំផ្ញើស្ថានីយ៍ទូរទស្សន៍ KPS99TV និងក្រុមការងារទាំង អស់អនុវត្តន៍ការងារឱ្យស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងវិជ្ជាជីវៈនៃសារព័ត៌មាន។ លោកសង្ឃឹមជឿជាក់ថា ពិភព លោកនឹងបានឃើញពីភាពរីកចម្រើន និងសមិទ្ធផលនៃសក្តានុពលរបស់ខេត្តព្រះសីហនុ តាមរយៈការផ្សព្វផ្សាយរបស់ស្ថានីយទូរទស្សន៍ KPS99TV ។
ក្នុងឱកាសនោះលោកប្រធានមន្ទីរព័ត៌មានខេត្ត ក៏បានទទួលនូវសំណូមពររបស់ស្ថាបនាយ៍ទូរទស្សន៍ KPS99 TV ក្នុងការផ្ដល់ព័ត៌មានទំនាក់ទំនងល្អរវាងមន្ទីរក៏ដូចជាស្ថាប័ននានាក្នុងខេត្តព្រះសីហនុបន្ថែមទៀត ដើម្បីឲ្យការផ្សព្វផ្សាយកាន់តែទូលំទូលាយ និងផ្ដល់ព័ត៌មានពិតលឿនរហ័សទុកចិត្តទៅដល់សាធារណជនទាំងក្នុងប្រទេសក៏ដូចជាក្រៅ ប្រទេសជាពិសេស នៅប្រទេសចិនក្នុងការទាក់ទាញអ្នកវិនិយោគ ទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តព្រះសីហនុកាន់តែច្រើន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍រីកចម្រើនបន្ថែមទៀត៕