មន្ទីរពេទ្យព្រះអង្គឌួងនិងមូលនិធី Fred Hollow កម្ពុជាបើកវគ្គបណ្តុះបណ្តាល ចំណេះដឹងមូលដ្ឋានផ្នែកចក្ខុរោគ សម្រាប់វេជ្ជបណ្ឌិតទូទៅ
មន្ទីរពេទ្យព្រះអង្គឌួងបញ្ជ្រាបចំណេះដឹងមូលដ្ឋានផ្នែកចក្ខុរោគដល់វេជ្ជបណ្ឌិតមកពីខេត្តពង្រឹងគុណភាពសេវាថែទាំភ្នែកកាន់តែប្រសើរ
មន្ទីរពេទ្យព្រះអង្គឌួងក្រោមការគាំទ្រដោយមូលនិធី Fred Hollow កម្ពុជានៅព្រឹកថ្ងៃទី២ខែកម្ភៈឆ្នាំ២០២៦បានបើក វគ្គបណ្តុះបណ្តាល ចំណេះដឹងមូលដ្ឋានផ្នែកចក្ខុរោគ សម្រាប់វេជ្ជបណ្ឌិតទូទៅដែលមកពីមន្ទីរពេទ្យជា សម្ព័ន្ធមេត្រីដើម្បីពង្រឹងគុណភាព និង ពង្រីកសេវាថែទាំសុខភាពភ្នែក នៅតាមមន្ទីរពេទ្យបង្អែកខេត្ត និងស្រុកឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។
ថ្លែងក្នុងពិធីបើក វគ្គបណ្តុះបណ្តាល ចំណេះដឹងមូលដ្ឋានផ្នែកចក្ខុរោគ សម្រាប់វេជ្ជបណ្ឌិតទូទៅនៅព្រឹកថ្ងៃទី២កម្ភៈនេះ លោកសាស្ត្រាចារ្យ គង់ ពិសិដ្ឋ នាយករងមន្ទីរពេទ្យព្រះអង្គឌួងបានមានប្រសាសន៍ថាវគ្គបណ្តុះបណ្តាលដែលមានរយៈពេល៣ខែនេះបង្កើតឡើង ក្នុងគោលបំណង ដើម្បីពង្រឹងគុណភាព និង ពង្រីកសេវាថែទាំសុខភាពភ្នែក នៅតាមមន្ទីរពេទ្យ បង្អែកខេត្ត និង ស្រុក ជាពិសេសមន្ទីរពេទ្យដែលសម្ព័ន្ធមេត្រីរបស់មន្ទីរពេទ្យព្រះអង្គឌួងដោយមានសិក្ខាកាមមកពីតាមបណ្តាខេត្ត ចំនួន ១១ នាក់ក្នុងនោះមកពី ខេត្ត កែប ១ នាក់ កំពត ៤ នាក់ តាកែវ ៥ នាក់និង កំពង់ចាម ១ នាក់។
លោកសាស្ត្រាចារ្យបានបន្តថាវគ្គបណ្តុះបណ្តាលនេះផ្តោតសំខាន់លើ ការពិនិត្យ និង ព្យាបាល ជំងឺភ្នែកបឋម ក៍ ដូចជាការសង្គ្រោះ និង បញ្ជូនទាន់ពេលវេលា ដែលរួមបញ្ចូលទាំង ទ្រឹស្តី និង ការអនុវត្តផ្ទាល់ទៅតាមកម្មវិធីសិក្សាស្នូលសម្រាប់បណ្តុះបណ្តាលគ្រូពេទ្យទូទៅផ្នែកចក្ខុរោគនៅមន្ទីរ ពេទ្យព្រះអង្គឌួង។
លោកសាស្ត្រាចារ្យបានបន្ថែមវគ្គបណ្តុះបណ្តាល នេះគាំទ្រដោយមូលនិធី Fred Hollow កម្ពុជា ដែលជាអង្គការមួយជួយដល់វិស័យចក្ខុរោគធំធេងណាស់តាំងពីដើមរហូតមក ទាំងការបណ្តុះបណ្តាលបច្ចេកទេស ឧបករណ៍សម្ភារៈវះកាត់ ការព្យាបាលនិងវះកាត់ដើម្បីទប់ស្កាត់ ភាពពិការភ្នែកនៅកម្ពុជាបានយ៉ាងច្រើនរហូតមកដល់បច្ចុប្បន្នហើយបានធ្វើឲ្យវិស័យចក្ខុរោគនៅ កម្ពុជាមានការរីកចំរើនដើម្បីទប់ស្កាត់ភាពពិការភ្នែកបានយ៉ាងទូលំទូលាយ ហើយបន្តគ្របដណ្តប់។
ឯកឧត្តមសាស្ត្រាចារ្យ រង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បានថ្លែងអំណរគុណដល់មូលនិធិ Fred Hollowដែលជានិច្ចកាលតែងតែជួយដល់មន្ទីរពេទ្យព្រះអង្គឌួងនិងមន្ទីរពេទ្យនានានិងបានណែនាំដល់សិក្ខាកាមទាំងអស់ត្រូវខិតខំត្រងត្រាប់ស្តាប់គ្រូពន្យល់នហើយបើមានចំងល់អ្វីត្រូវហ៊ានសាកសួរដើម្បីទទួលបាននូវចំណេះដឹងថ្មីៗយកទៅបម្រើសេវាថែទាំនិងព្យាបាលជំងឺភ្នែកនៅតាមមន្ទីរពេទ្យឱ្យបានល្អប្រសើរពិសេសការពារនិងទប់ស្កាត់ភាពពិការភ្នែកឲ្យមានគុណភាព និងប្រសិទ្ធិភាព។
ឯកឧត្តមសាស្ត្រាចារ្យ រង លូ លីឃាងបានណែនាំដល់គ្រូទាំងអស់ត្រូវចែករំលែកចំណេះដឹងដល់សិក្ខាកាមដូចធ្លាប់ផ្តល់ជូនបុគ្គលិកមន្ទីរពេទ្យព្រះអង្គឌួងកន្លងមកដែរព្រោះមន្ទីរពេទ្យព្រះអង្គឌួងចាត់ទុកការចែករំលែកចំណេះដឹងជាកក្តាចំបងបំផុត។
លើសពីនេះទៀត ឯកឧត្តមសាស្ត្រាចារ្យ រង លូ លីឃាងបានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ពេលរៀនចប់ត្រឡប់ទៅវិញតាមមន្ទីរពេទ្យវិញសូមឱ្យមានទំនាក់ទំនងជាមួយគ្រូជាបន្តបន្ទាប់ទៀតតាមរយៈអនឡាញនៅពេលមានបញ្ហាណាមួយមិនអាចដោះស្រាយបានទាក់ទិននឹងបញ្ហាសុខភាពភ្នែក។
លោកស្រី សម សុជា នាយកកម្មវិធីនៃមូលនិធិ Fred Hollowសង្ឃឹមយ៉ាងមុតមាំថាតាមរយៈវគ្គបណ្តុះបណ្តាលនេះនឹងជួយពង្រឹងសមត្ថភាពបន្ថែមទៀតដល់លោកលោកស្រីជាវេជ្ជបណ្ឌិតយកទៅអនុវត្តការងារថែទាំសុខភាពភ្នែកនៅតាមមន្ទីរពេទ្យរបស់ខ្លួនកាន់តែប្រសើរឡើងនិងប្រកដោយគុណភាព។
លោកស្រី សម សុជា បានបញ្ជាក់ថាក្រៅពីការងារបណ្តុះបណ្តាលនេះមូលនិធិ Fred Hollowបានជួយការងារទៅលើអ្នកជំងឺដែលមានបញ្ហាឡើងបាយភ្នែកនិងផ្តល់វ៉ែនតាដល់អ្នកជំងឺដែលមានបញ្ហាគំហើញព្រមទាំងជួយផ្តល់ជាសម្ភារចក្ខុរោគមួយចំនួនតាមមន្ទីរពេទ្យផងដែរ៕



