មន្ទីរពេទ្យព្រះកុសុមៈ រៀបចំបើកទិវាវេជ្ជសាស្ត្រ ជាផ្លូវការ

ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ទិវាវេជ្ជសាស្រ្ត សល្យសាស្រ្តលើលើកទី១៤  ថែទាំវេជ្ជសាស្ត្រលើកទី៩ និងផ្នែកវេជ្ជសាស្ត្របូរាណចិនលើកទី៤ ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ (CCFKH) ដែលមានរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២២ ខែសីហានេះ ។

ពិធីបើកទិវាវេជ្ជសាស្ត្របានចាប់ផ្ដើមដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាច្រើនរូប និងភ្ញៀវកិត្តិយស នៅក្នុងកម្មវិធីនេះ។

ឯកឧត្តម វេជ្ជបណ្ឌិតឯកទេស តាន់ សុគុន នាយកមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ
បានគូសបញ្ជាក់ពីសារៈសំខាន់នៃទិវានេះក្នុងការលើកកម្ពស់ចំណេះដឹង និងបច្ចេកវិទ្យាផ្នែកវេជ្ជសាស្ត្រ។

ឯកឧត្តម បញ្ជាក់បន្ថែមថា ទិវាវេជ្ជសាស្ត្រ នេះមានគោលបំណងពង្រឹងគុណភាពលើការគ្រប់គ្រងវេជ្ជសាស្ត្រ-វះកាត់ ថែទាំអ្នកជំងឺ និងការបង្រៀន ផ្នែកវេជ្ជសាស្ត្របូរាណចិន Traditional Chinese Medicine (TCM) នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ CCFKH ក្រោមប្រធានបទ “ការពង្រឹងគុណភាព ផ្នែកវេជ្ជសាស្ត្រ សាល្យ-សាស្ត្រ ការថែទាំវេជ្ជសាស្ត្រ និងវេជ្ជសាស្ត្របុរាណចិន ឆ្នាំ ២០២៥ ក្នុងការ ផ្តល់សេវាកម្ម សុខភាពសាធារណៈ ប្រកបដោយប្រសិទ្ធិភាព” ។

ក្នុងស្មារតី លើកកម្ពស់ គុណភាព ប្រសិទ្ធភាព ស័ក្តសិទ្ធភាព ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ ឆ្លើយតបតាម តម្រូវការសេវាព្យាបាលសាធារណៈ ស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល និងការណែនាំផ្តល់ការរៀនសូត្រភាពជាអ្នកដឹកនាំ និងនវានវត្តន៍ប្រចាំសប្តាហ៍ ដល់ថ្នាក់ដឹកនាំ និង មន្ត្រីសុខាភិបាល របស់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រសួងសុខាភិបាល មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ បានអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួន នូវកម្មវិធីបណ្តុះបណ្តាល និង

កសាងមូលធនមនុស្ស។ ឯកឧត្តមបន្ថែមថា ប្រធានបទដែលយកមកបង្ហាញជូនសរុបមាន ៥៦ វាគ្មិនជាតិនិងអន្តរជាតិធ្វើបទ បង្ហាញមាន ៥៧ រូប ដែលមកពី
– មន្ទីរពេទ្យកាល់ម៉ែត
– មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
– មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ
– មន្ទីរពេទ្យខេត្ត JIANG SU នៃសាធារណៈរដ្ឋប្រជាមានិតចិន
– មន្ទីរពេទ្យនៃសាធារណៈរដ្ឋកូរ៉េ។

ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងសុន្ទរកថាបើកជាផ្លូវការ
និងវាយតម្លៃខ្ពស់នូវការរៀបចំទិវាវេជ្ជសាស្ត្រលើកទី១៤ ថែទាំវេជ្ជសាស្ត្រ លើកទី៩ និងផ្នែកវេជ្ជសាស្ត្របូរាណចិនលើកទី៤ ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។

ឯកឧត្តម បង្ហាញការជឿជាក់ថា តាមរយៈការផ្លាស់ប្តូរនូវបទពិសោធរបស់អ្នកជំនាញមកពីប្រទេសចិន និងប្រទេសផ្សេងនេះ នឹងជួយបង្កើននូវប្រសិទ្ធិភាពកាន់តែខ្លាំងសម្រាប់វិស័យសុខភិបាលកម្ពុជា ជាពិសេសមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈតែម្តង ចុងបញ្ចប់ ឯកឧត្តម រដ្ឋលេខាធិការ ក៏បានប្រកាសបើកនូវវេទិកាសុខាភិបាលប្រចាំឆ្នាំជាផ្លូវការ ហើយសន្និសីទនេះនឹងបន្តរហូតដល់ថ្ងៃទី២២ ខែសីហា ដែលនឹងផ្ដល់ឱកាសដ៏ល្អសម្រាប់អ្នកចូលរួមទាំងអស់ក្នុងការផ្លាស់ប្ដូរចំណេះដឹង បទពិសោធន៍ និងបច្ចេកវិទ្យាថ្មីៗ ដើម្បីលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជាឲ្យកាន់តែរីកចម្រើន។