មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន រៀបចំពិធីសូត្រមន្តលើករាសី និងសុំសេចក្តីសុខសិរីសួស្តី ជ័យមង្គល​ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

(ភ្នំពេញ)៖ ក្នុងបរិយាកាសរីករាយនៃការត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
កាលពីរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ នេះ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ និងលោកជំទាវ ឆាយ សាលីន បានអញ្ជើញជាអធិបតីក្នុងពិធីសូត្រមន្តលើករាសី និងសុំសេចក្តីសុខសិរីសួស្តី ជ័យមង្គល​ នៅក្នុងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
នៅក្នុងពិធីនេះ ថ្នាក់ដឹកនាំបាននិមន្តអញ្ជើញ ព្រះអង្គធម្មវនវាសី ចន្ទមុន្នី ដើម្បីសូត្រមន្តចម្រើនព្រះបរិត្ត លើករាសី និងជាសិរីសួស្តីដល់មន្ត្រីនគរបាលជាតិទាំងអស់ដែលកំពុងបំពេញភារកិច្ចនៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន
ជាកិច្ចដ៏សំខាន់ក្នុងពិធីនេះ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក ឃឹង​ សារ៉ាត់ និងលោកជំទាវ ក៏បានរៀបចំពិធីឧទ្ទិសកុសលផលបុណ្យទាំងឡាយ ជូនចំពោះដួងវិញ្ញាណក្ខន្ធវីរយុទ្ធជន នាយនគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ បូជាជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ។ ទន្ទឹមនឹងនេះ កុសលផលបុណ្យក៏ត្រូវបានឧទ្ទិសជូនដល់វីរកងទ័ពកម្ពុជាគ្រប់ជំនាន់ ដែលបានពលីក្នុងការការពារបូរណភាពទឹកដី នាំមកនូវសុខសន្តិភាពជូនប្រជាជនរហូតមកដល់សព្វថ្ងៃ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ ក៏បានរំលឹក និងកោតសរសើរដល់កងកម្លាំងនគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលបានខិតខំប្រឹងប្រែងចុះបង្រ្កាបបទល្មើសគ្រឿងញៀនយ៉ាងសកម្មនៅទូទាំងព្រះរាជាណាចក្រកម្ពុជានាពេលកន្លងមក​ ការងារដ៏គ្រោះថ្នាក់ និងស្មុគស្មាញនេះ គឺជាសសរស្តម្ភដ៏សំខាន់ក្នុងការថែរក្សាសន្តិសុខសង្គម ជាពិសេសការទប់ស្កាត់គ្រឿងញៀនមិនឱ្យរីករាលដាលដល់យុវជន។
សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីនេះ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក៏បានត្រៀមកម្លាំងយ៉ាងសស្រាក់សស្រាំ ដើម្បីសហការជាមួយគ្រប់បណ្តារស្ថប័នដទៃទៀត ក្នុងការរឹតបន្តឹងសន្តិសុខតាមតំបន់កម្សាន្ត និងទីប្រជុំជននានា ជាពិសេស ការបង្កើនការយកចិត្តទុកដាក់លើការគ្រប់គ្រងសណ្តាប់ធ្នាប់ ដើម្បីធានាថាប្រជាពលរដ្ឋខ្មែរគ្រប់រូបនឹងអាចសប្បាយរីករាយក្នុងពិធីបុណ្យប្រពៃណីជាតិ ប្រកបដោយសុវត្ថិភាព និងក្តីសោមនស្សរីករាយបំផុត។