មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បន្តរឹតបន្តឹងការបង្ក្រាប និងស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ ដើម្បីកម្ទេចឫសគល់ក្រុមឧក្រិដ្ឋជន 

 

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងដាក់ចេញទិសដៅការងារខែមីនា ដើម្បីបន្តពង្រឹងសន្តិសុខ និងសុវត្ថិភាពសង្គម។

ការវាយតម្លៃខ្ពស់លើលទ្ធផលការងារ ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមនាយកមន្ទីរ បានកោតសរសើរដល់កម្លាំងមន្ត្រីជំនាញទាំងអស់ ដែលបានខិតខំប្រឹងប្រែងបង្ការ និងបង្ក្រាបបទល្មើសគ្រឿងញៀនយ៉ាងសកម្ម ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ក្រោមការណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។ 

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានសង្កត់ធ្ងន់លើចំណុចគន្លឹះចំនួន ៣ ដើម្បីឆ្លើយតបនឹងល្បិចកលថ្មីៗរបស់ក្រុមឧក្រិដ្ឋជន៖

1-បង្ក្រាបដល់ឫសគល់៖ ត្រូវបន្តស្រាវជ្រាវ ស្វែងរកមុខសញ្ញា និងទីតាំងលួចលាក់ផលិតគ្រឿងញៀនឱ្យដល់ប្រភពដើម។

2-ស៊ើបអង្កេតបទល្មើសសម្អាតប្រាក់៖ នេះជាការងារអាទិភាព ដែលត្រូវស៊ើបអង្កេតដើម្បីឈានទៅដល់ការ “បង្កក និងរឹបអូសផលនៃបទល្មើស” មកជាសម្បត្តិរដ្ឋ។ ឯកឧត្តមបញ្ជាក់ថា៖ យើងមិនត្រូវឱ្យក្រុមឧក្រិដ្ឋជនទទួលបានប្រយោជន៍ពីការជួញដូរគ្រឿងញៀន ដើម្បីចាយវាយបានពេញមួយជីវិតនោះឡើយ។

3-ពង្រឹងសមត្ថភាព និងកិច្ចសហការ៖ បង្កើនការសហការជាមួយអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ដើម្បីទប់ស្កាត់ការចែកចាយគ្រឿងញៀនតាមសហគមន៍ និងសប្បាយដ្ឋាននានា។

មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នឹងបន្តធ្វើបច្ចុប្បន្នភាពមុខសញ្ញា ក្តាប់ព័ត៌មានសម្ងាត់ និងអនុវត្តច្បាប់ឱ្យបានតឹងរឹងបំផុត ដើម្បីអនុវត្តយុទ្ធសាស្ត្រជាតិប្រឆាំងគ្រឿងញៀន និងការពារសុខសន្តិភាពជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។