មន្ទីរទេសចរណ៍រាជធានីភ្នំពេញ៖ ផ្លូវថ្មើរជើងចតុម្មុខបានក្លាយជាចលករបន្ថែមទៀតក្នុងការបង្កើនភាពទាក់ទាញរបស់រាជធានីភ្នំពេញទៅកាន់ទីផ្សារទេសចរណ៍នានា

ថ្លែងនៅក្នុងពិធីបិទវគ្គផ្សព្វផ្សាយ “ច្បាប់ស្តីពីទេសចរណ៍

និងលិខិតបទដ្ឋានគតិយុត្តនានា និងយន្តការផ្តល់អាជ្ញាបណ្ណទេសចរណ៍នៅរដ្ឋបាលរាជធានីភ្នំពេញ និងនៅតាមបណ្តាខណ្ឌ”នៅសាលាខណ្ឌដូនពេញកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ម៉ម វាសនា ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញបានបញ្ជាក់ជាថ្មីថា ផ្លូវថ្មើរជើងចតុម្មុខបានក្លាយជាចលករបន្ថែមទៀតក្នុងការបង្កើនភាពទាក់ទាញរបស់រាជធានីភ្នំពេញទៅកាន់ទីផ្សារទេសចរណ៍នានា និងទេសចរណ៍ជាតិផងដែរ។ លោកបន្ថែមថា គិតចាប់ពីថ្ងៃបើកដំណើរការនាថ្ងៃសៅរ៍ទី១ ខែកុម្ភៈ ឆ្នាំ២០២៥ ដល់ថ្ងៃទី៣១ ខែខែធ្នូ ឆ្នាំ២០២៥ មានបងប្អូនប្រជាពលរដ្ឋ រួមទាំងភ្ញៀវទេសចរណ៍ដើរលេងកម្សាន្ត សរុបមានចំនួន ៦.៧១៦.០០០ នាក់ ក្នុងនោះទេសចរណ៍ជាតិមានចំនួន ៦.៥៥៥.៣០០ នាក់ និងទេសចរណ៍បរទេសចំនួន ១៦០.៧០០ នាក់។

លោកបន្តថា រដ្ឋបាលរាជធានីភ្នំពេញតាមរយៈអាជ្ញាធរមូលដ្ឋាន និងផ្នែកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់បានខិតខំយកចិត្តទុកដាក់លើការងារគ្រប់គ្រងតំបន់ទេសចរណ៍ ការងារសន្តិសុខ សុវត្ថិភាពជូនភ្ញៀវទេសចរណ៍ និងជំរុញការអភិរក្ស និងអភិវឌ្ឍន៍ទីតាំងទេសចរណ៍នានា ជាមូលដ្ឋាននៃការអភិវឌ្ឍវិស័យទេសចរណ៍ដើម្បីរួមចំណែកកាន់តែច្រើនថែមទៀតលើសេដ្ឋកិច្ច ការអភិវឌ្ឍសង្គម វប្បធម៌ និងបរិស្ថាន។

លោកប្រធានមន្ទីរក៏បានឲ្យដឹងដែរថា តាមរយៈការយកចិត្តទុកដាក់ចូលរួមលើកស្ទួយវិស័យទេសចរណ៍ ក្នុងពេលកន្លងមក យើងឃើញថាចំនួនភ្ញៀវទេសចរដែលបានធ្វើដំណើរមកកាន់រាជធានីភ្នំពេញ មានការកើនឡើងវិញជាបណ្តើរៗក្រោយវិបត្តិនៃជំងឺកូវីដ-១៩ជាក់ស្តែងនៅក្នុងឆ្នាំ២០២៥ រាជធានីភ្នំពេញទទួលបានភ្ញៀវទេសចរសរុបចំនួន ១១,៨៦៩,៩១៨នាក់ កើនឡើង

៤.៥៣% ប្រៀបធៀបនឹងឆ្នាំ២០២៤ ដោយក្នុងនោះភ្ញៀវទេសចរជាតិសរុបមានចំនួន ៩,៩៨៤,១៦២នាក់ កើនឡើង ៩.៨៧% និងភ្ញៀវទេសចរបរទេសសរុបមានចំនួន ១,៨៨៥,៧៥៦នាក់ ថយចុះ ១៦.៨៦%។

មានប្រសាសន៍នាឱកាសនោះផងដែរលោក ម៉ម វាសនា បានស្នើឲ្យសិក្ខាកាមទាំងអស់ត្រូវចាប់យកឱកាសដ៏មានសារៈសំខាន់នាពេលនេះដោយស្មារតីទទួលខុសត្រូវខ្ពស់ និងឆន្ទៈរួមគ្នា ដើម្បីចូលរួមអនុវត្តគោលនយោបាយផែនការសកម្មភាពសម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ឱ្យបានកាន់តែរីកចម្រើន និងមានភាពទាក់ទាញ ផ្តល់នូវគុណភាពនិងទំនុកចិត្តដល់ភ្ញៀវទេសចរ។ ដូចនេះមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ ត្រូវចូលរួមគោរពច្បាប់ស្តីពីទេសចរណ៍ និងលិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធនានារបស់ក្រសួង ស្ថាប័ន ក៏ដូចជាត្រូវប្រកបអាជីវកម្មដោយមានអាជ្ញាបណ្ណទេសចរណ៍ត្រឹមត្រូវ។

បន្ថែមពីការគោរពច្បាប់ស្តីពីទេសចរណ៍ និងលិខិតបទដ្ឋានគតិយុត្តនានាដែលមានជាធរមានរួចហើយនោះ ម្ចាស់អាជីវកម្មទាំងអស់ត្រូវចូលរួមទប់ស្កាត់ការជួញដូរ ការប្រើប្រាស់គ្រឿងញៀន និងទប់ស្កាត់សកម្មភាពល្មើសច្បាប់នានានៅក្នុងមូលដ្ឋានអាជីវកម្មរបស់ខ្លួនអោយបានខ្ជាប់ខ្ជួន ដើម្បីជាការធានានូវសុវត្ថិភាពជូនភ្ញៀវទេសចរដែលមកទស្សនានៅរាជធានីភ្នំពេញ។

លោកក៏បានសំណូមពរដល់ម្ចាស់ ឬអ្នកគ្រប់គ្រងមូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ចូលរួមគោរពច្បាប់ និងចូលរួមសហការជាមួយមន្ត្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈនៅលើដងផ្លូវ ចូលរួមថែរក្សាអនាម័យបរិស្ថាន និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីលើកកម្ពស់សោភណ្ឌភាពទីក្រុង និងត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរមកទស្សនារាជធានីភ្នំពេញបន្ថែមទៀត ជាពិសេស សូមឱ្យផ្លូវថ្មើរជើងចតុម្មុខកាន់តែមានប្រជាប្រិយភាពនិងនៅតែជាគោលដៅទេសចរណ៍ដ៏សំខាន់សម្រាប់រាជធានីភ្នំពេញ និងព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមនោះលោកប្រធានបន្ទីរក៏បានអំពាវនាវ ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ និងម្ចាស់ ឬអ្នកគ្រប់គ្រងមូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ចូលរួមជាមួយក្រសួងទេសចរណ៍នូវយុទ្ធនាការក្រោមទិសស្លោកសំខាន់ៗមួយចំនួនដូចជាទិសស្លោករបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា“ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍”និង ទិសស្លោករបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី“ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព”។ ទន្ទឹមនោះទិសស្លោករបស់មហាគ្រួសារវិស័យទេសចរណ៍កម្ពុជា “បុគ្គលម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់” និងសូមចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង លើកទី២ សម្រាប់ឆ្នាំ២០២៦៕