មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ប្រកាសដាក់ឱ្យដំណើរការកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច (HoKa)
ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃសុក្រ ទី៩ខែមករា ឆ្នាំ២០២៦ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានរៀបចំពិធីប្រកាសដាក់ឱ្យដំណើរការកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច (HoKa) នៅសាលាវិជ្ជាជីវៈទេសចរណ៍ខេត្តព្រះសីហនុ។ការដាក់ឱមានកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច(HoKa)នេះគឺមានគោលបំណងដើម្បីពង្រឹងសមត្ថភាពនិងជំនាញវិជ្ជាជីវៈដល់បុគ្គលិកក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចអោយកាន់តែមានជំនាញកំរិតខ្ពស់ឈានដល់ការប្រកួតប្រជែងក្នុងតំបន់។
កម្មវិធីបណ្តុះបណ្តាលនេះ ផ្តោតលើជំនាញការិយាល័យជួរមុខ គេហកិច្ច សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ និងជំនាញចុងភៅ ក្រោមកិច្ចសហការរវាងមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ សមាគមទេសចរណ៍កម្ពុជា (CATA) គម្រោង HoKa របស់ក្រសួងទេសចរណ៍ និងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)។
ពិធីនេះមានការចូលរួមជាអធិបតីភាព លោក សាមុត សុធារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ និង លោកជំទាវឧកញ៉ា ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) ព្រមទាំងមន្រ្តីពាក់ព័ន្ធ លោក-លោកស្រី លោកគ្រូ-អ្នកគ្រូនិងសិក្ខាកាមជាច្រើនរូបដែលត្រូវបានអញ្ជើញអោយចូលរួមក្នុងកម្មវិធី(HoKa)មានភោជនីយដ្ឋានសណ្ឋា-
គារ បោកគក់ មាស្សា ការិយាល័យជួរមុខ និងទីភ្នាក់ងារទេសចរណ៍។
កម្មវិធី HoKa នេះមានសារៈសំខាន់ក្នុងការលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ បង្កើនសមត្ថភាពការងារ និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនៃវិស័យទេសចរណ៍ខេត្តព្រះសីហនុនិយាយដោយឡែក។
សាលាវិជ្ជាជីវៈទេសចរណ៍ខេត្តព្រះសីហនុ បច្ចុប្បន្នមានហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍ទំនើបៗ ពេញលេញ អាចទទួលសិស្សបានប្រមាណ ៤០០នាក់ និងបានរៀបចំកម្មវិធីសិក្សាស្របតាមស្តង់ដាអាស៊ាន MRA-TP ដោយមានគ្រូបង្គោលជំនាញ និងបទពិសោធន៍ខ្ពស់ក្នុងការចែករំលែកបន្តដល់សិក្ខាកាមងាយចេះងាយយល់។
ការដាក់ឱ្យដំណើរការកម្មវិធីបណ្តុះបណ្តាលនេះ ត្រូវបានរំពឹងថា នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស បង្កើនការងារ និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តព្រះសីហនុឱ្យកាន់តែរីកចម្រើន និងមាននិរន្តភាព៕
អត្ថបទ៖សុផា



