មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ៖ ដើម្បីលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ ម្ចាស់អាជីវកម្មសណ្ឋាគារ-ភោជនីយដ្ឋានចំនួន២៩ទីតាំងបានចូលរួមវគ្គបណ្ដុះបណ្ដាល

ខេត្តព្រះសីហនុ ៖ លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានលើកឡើងថា ដើម្បីលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ ក៏ដូចជាផ្តល់ភាពពេញចិត្តជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកសម្រាកកម្សាន្តនៅខេត្តព្រះសីហនុឲ្យកាន់តែល្អប្រសើរ មន្ទីរទេសចរណ៍បានបើក វគ្គបណ្តុះបណ្តាលបំពាក់បំប៉នទាំងទ្រឹស្ដី និងការអនុវត្តជាក់ស្ដែងតាមស្តង់ដារជាតិលើផ្នែក “បដិសណ្ឋារកិច្ច និងការផ្តល់សេវាកម្មម្ហូបអាហារ” រយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ដល់បុគ្គលិកបម្រើការងារផ្នែកម្ហូបអាហារនិងភេសជ្ជៈដែលមានសិក្ខាកាមសរុប ៤២នាក់ ស្ត្រីចំនួន១៩ នាក់ មកពីអាជីវកម្មសណ្ឋាគារ-ភោជនីយដ្ឋានចំនួន២៩ទីតាំង។
លោកប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានបញ្ជាក់បន្ថែមថា ការបើកវគ្គបណ្តុះបណ្តាលនាពេលនេះដោយមានការជំរុញពីរដ្ឋបាលខេត្តក៏ដូចជាក្រសួងទេសចរណ៍ ដើម្បីបង្កើនសមត្ថភាពស្ដីពី “បដិសណ្ឋារកិច្ច និងការផ្តល់សេវាកម្មម្ហូបអាហារនិងភេសជ្ជៈ” ដល់បុគ្គលិកដែលកំពុងបម្រើការងារនៅក្នុងសេវាកម្មអាហារដ្ឋានតាមតំបន់ឆ្នេរ និងសណ្ឋាគារ នៅក្នុងខេត្តព្រះសីហនុ។
ហើយកម្មវិធីបណ្តុះបណ្តាលផ្ដោតសំខាន់ទៅលើ សេវាកម្មល្អប្រណិតបដិសណ្ឋារកិច្ចប្រកបដោយវិជ្ជាជីវៈ ការធ្វើការងារជាក្រុម ចំណេះដឹងផ្នែកភេសជ្ជៈ ការផ្តល់សេវាកម្មភេសជ្ជៈ ជំនាញផ្តល់សេវាកម្ម ឧបករណ៍សម្ភារៈបរិក្ខារក្នុងភោជនីយដ្ឋាន ជំនាញលក់ ចំណេះដឹងផ្នែកបញ្ជីមុខម្ហូប និង លំដាប់លំដោយសេវាកម្មនៅក្នុងភោជនីយដ្ឋាន។
ទាំងអស់នេះដើម្បីឆ្លើយតបទៅនិងការផ្ដល់សេវាស្តង់ដាជូនភ្ញៀវទេសចរ ដែលមកសម្រាកកំសាន្តនៅក្នុងខេត្តព្រះសីហនុមកម្ដងហើយចង់មកម្ដងទៀត៕