មន្ត្រីអំពាវនាវដល់ម្ចាស់រថយន្តដឹកកម្មករ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ គោរពច្បាប់ចរាចរណ៍ ចៀសវាងបង្កគ្រោះថ្នាក់ លើដងផ្លូវ

ភ្នំពេញ ៖ ក្នុងរយៈពេល ៤ ខែ ឆ្នាំ ២០២៥ នេះ មានកម្មករ-និយោជិត ជួបគ្រោះថ្នាក់ចរាចរណ៍ចំនួន ១ ០៣១ ករណី មានជនរងគ្រោះសរុប ១ ១៤១ នាក់ ក្នុងនោះ របួសស្រាល ៧៨៨ នាក់ របួសធ្ងន់ ៣២៣ នាក់ និងស្លាប់ ៣០ នាក់ បើធៀបនឹងរយៈពេល ៤ ខែ ដូចគ្នា ឆ្នាំ ២០២៤ ឃើញថា មានការកើនឡើង ២%។
បន្ទាប់ពីករណីគ្រោះថ្នាក់ចរាចរណ៍ទៅលើកម្មករ-និយោជិតហាក់មានការកើនឡើងគួរឱ្យព្រួយបារម្ភ លោកឧត្ដមសេនីយ៍ឯក ទូច សុភា អនុប្រធាននាយកដ្ឋានកណ្ដាលសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអំពាវនាវដល់អ្នកបើកបររថយន្តដឹកកម្មករ-និយោជិតទាំងអស់ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ និងយកចិត្តទុកដាក់រាល់ពេលបើកបរ ដោយត្រូវចូលរួមអនុវត្ត និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីចៀសវាងបង្កជាហានិភ័យគ្រោះថ្នាក់។
ចំណែកលោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករ-និយោជិត (ស.ផ.ក) បានមានប្រសាសន៍ថា ការចុះអប់រំផ្សព្វផ្សាយជាការរួមចំណែកមួយយ៉ាងសំខាន់ក្នុងការបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋ ជាពិសេសសមាជិក ប.ស.ស ឱ្យបានយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពក្នុងការធ្វើដំណើរ ដើម្បីអាចចៀសវាងពីគ្រោះថ្នាក់ចរាចរណ៍ដែលជាឃាតកលាក់មុខនៅលើដងផ្លូវ។ ក្នុងន័យនេះ ទាមទារឱ្យមានការចូលរួមផ្ទាល់ពីសាមីខ្លួន និងគ្រប់ភាគីពាក់ព័ន្ធ ក្នុងការអនុវត្តច្បាប់ និងគោរពសិទ្ធិគ្នាទៅវិញទៅមកនៅពេលបើកបរ៕
ដោយ សាវរក្ស