មន្ត្រីរាជការ និងពលរដ្ឋខេត្តកំពតប្រារព្ធទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរៈភូមិន្ទ
នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងទាំងបីប្រភេទ ព្រះសង្ឃ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋខេត្តកំពត បានចូលរួមអបអរសាទរនៅក្នុងពិធីប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧២ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរៈភូមិន្ទ ដែលពិធីនេះធ្វើឡើងនៅបរិវេណរមណីយដ្ឋានស្រះឈូក ក្រោមអធិបតីភាពឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តកំពត។
ក្រុមយុវជនដែលបានចូលរួមក្នុងពិធីនេះ បានសម្តែងនូវភាពសប្បាយរីករាយ និងដឹងគុណយ៉ាងជ្រាលជ្រៅជំពោះ វីរៈភាពដ៏អង់អាចក្លាហានរបស់ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិ ដែលព្រះអង្គបានទាមទាបាននូវឯករាជ្យជាតិពេញលេញ ពីអាណានិគមនិយមបារាំងនៅឆ្នាំ១៩៥៣ ជូនដល់ប្រជានុរាស្ត្រ និងប្រទេសជាតិ។ ហើយក្នុងនាមប្រជានុរាស្ត្រ ក៏ដូចជាយុវជនជំនាន់ក្រោយ ពួកគេចងចាំមិនភ្លេចទេនូវស្នាព្រះហស្ថដែលមិនអាចកាត់ថ្លៃបានរបស់ព្រះអង្គ។ ទន្ទឹមគ្នានោះ ពួកគេក៏បានស្នើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីបន្តថែរក្សា ឯករាជ្យជាតិ អធិបតេយ្យ បូរណភាពទឹកដី សន្តិភាព និងការអភិវឌ្ឍប្រទេស តាមរយៈការបន្តគាំទ្រ និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល។
ព្រឹត្តិការណ៍ដ៏សំខាន់ដើម្បីរំលឹកដល់ការទទួលបានឯករាជ្យពេញលេញពីអាណានិគមនិយមបារាំង ក្នុងឆ្នាំ១៩៥៣ ក្រោមព្រះរាជភោជនីយកិច្ចដ៏ឧត្តុងឧត្តមរបស់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិ រដ្ឋបាលខេត្តកំពតតែងតែ ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំមិនដែលអាក់ខាននោះទេ ដើម្បីរម្លឹកនឹកគុណដល់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិផង និងរម្លឹកដឹងគុណដល់កងទ័ពដែលបានលះបង់កម្លាំងកាយចិត្ត និងពលីអាយុជីវិតដើម្បីការពារទឹកដី ប្រទេសជាតិ និងប្រជាជនផង៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត



