មន្ត្រីពេទ្យសត្វមន្ទីរកសិកម្មខេត្តព្រះសីហនុ ចុះយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសត្វពាហនៈប្រជាកសិករនៅតាមមូលដ្ឋាន

ខេត្តព្រះសីហនុ៖ ការចិញ្ចឹមសត្វពាហនៈជាលក្ខណៈគ្រួសារគឺជាទំលាប់របស់កសិករខ្មែរនៅតាមស្រុកស្រែចំការតាំងពីមកម្លេះ។

សត្វពាហនៈទាំងនេះត្រូវបានប្រើជាកម្លាំងអូសទាញផង និងមួយផ្នែកទៀតទុកជាប្រភពចំណូលដ៏សំខាន់មួយក្នុងគ្រួសារ។

មន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ ដើម្បីគាំទ្រដល់ប្រជាកសិករនៅតាមមូលដ្ឋាន បានចុះអនុវត្តផែនការសកម្មភាពរបស់ខ្លួនដោយបានបន្តចុះបេសកកម្មចាក់ថ្នាំបង្ការជំងឺផ្សេងៗ ជាពិសេសជំងឺសាទឹកសត្វគោ-ក្របីរបស់ប្រជាពលរដ្ឋនៅភូមិបទគគី និងភូមិអូចំណា សង្កាត់ឧកញ៉ាហេង ក្រុងកំពង់សោម ខេត្តព្រះសីហនុ បន្ទាប់ពីបេសកកម្មចាក់ថ្នាំបង្ការជំងឺសត្វគោក្របីនៅស្រុកកំពង់សីលានិងស្រុកស្ទឹងហាវនាពេលកន្លងមកបានបញ្ចប់។

លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម ខេត្តព្រះសីហនុ បានដឹកនាំផ្ទាល់នូវក្រុមការងារបច្ចេកទេស និងមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល ចុះប្រតិបត្តិការចាក់វ៉ាក់សាំងដល់សត្វពាហនៈនៅតាមភូមិ-ស្រុកនានាទូទាំងខេត្ត។ 

លោកបានឱ្យដឹងថា ក្នុងរយៈពេល ២ថ្ងៃចុងក្រោយនេះ ក្រុមការងារសម្រេចចាក់វ៉ាក់សាំងដល់សត្វគោបានចំនួន ២៤៦ក្បាល និងក្របីចំនួន ៣៦៤ក្បាល នៅក្នុងសង្កាត់ឧកញ៉ាហេង ហើយយុទ្ធនាការនេះនឹងបន្តធ្វើជាប្រចាំនៅតាមតំបន់ផ្សេងៗទៀតទូទាំងខេត្តព្រះសីហនុ។

លោក ហ៊ាប ចាន់ណាន អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងនាពេលនេះគឺផ្តោតសំខាន់លើការបង្ការ «ជំងឺសាទឹក» ដែលជាជំងឺឆ្លងកាចសាហាវលើសត្វពាហនៈ។ លោកបានបន្ថែមទៀតថា ជំងឺសាទឹក នៅពេលសត្វឆ្លង និងធ្លាក់ខ្លួនឈឺហើយ គឺមានភាពលំបាកខ្លាំងក្នុងការព្យាបាល ហើយអាចប្រឈមនឹងការងាប់ខ្ពស់។ ដូច្នេះការចាក់ថ្នាំបង្ការមុនពេលសត្វឈឺ គឺជាវិធានការប្រកបដោយប្រសិទ្ធភាពបំផុត។ លោកក៏បានបន្តថា សកម្មភាពនេះពុំមានកំណត់កាលបរិច្ឆេទបញ្ចប់ឡើយ ឱ្យតែបងប្អូនប្រជាពលរដ្ឋរាយការណ៍ ឬស្នើមកកាន់មន្ទីរ និងការិយាល័យជំនាញ នោះក្រុមការងារនឹងចុះទៅដល់ទីតាំងផ្ទាល់ភ្លាមៗ។

ប្រជាពលរដ្ឋ និងជាម្ចាស់សត្វពាហនៈនៅសង្កាត់ឧកញ៉ាហេង បានថ្លែងអរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងអាជ្ញាធរ មន្ត្រីកសិកម្មដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរបស់ប្រជាពលរដ្ឋ តាមរយៈការផ្តល់សេវាចាក់វ៉ាក់សាំងដោយផ្ទាល់ដល់មូលដ្ឋាន។ អ្នកភូមិបានបញ្ជាក់ថា សត្វពាហនៈទាំងនេះមិនត្រឹមតែជាកម្លាំងអូសទាញប៉ុណ្ណោះទេ ប៉ុន្តែជាផ្នែកមួយនៃប្រភពចំណូលដ៏សំខាន់មួយក្នុងគ្រួសារ។

លោកអនុប្រធានមន្ទីរកសិកម្ម បានអំពាវនាវកសិករដែលមានចិញ្ចឹមសត្វពាហនៈទូទាំងខេត្តព្រះសីហនុ សូមរាយការណ៍ឬទាក់ទងមកមន្ត្រីជំនាញ ឬអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ប្រសិនបើសត្វពាហនៈរបស់ខ្លួនមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺដើម្បីមន្ទីរចាត់មន្ត្រីចុះចាក់វ៉ាក់សាំងបង្ការជូន៕

អត្ថបទ៖ កញ្ញា មឿន ស្រីមុំ

រូបភាព៖ និន សុផារ