មន្ត្រីនិងអ្នកជំនាញថាវិថីអាហារខេត្តកំពតជាចំណងដៃឆ្នាំថ្មីដ៏ធំបង្កប់ដោយអត្ថន័យបម្រើពហុបំណង

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានបញ្ជាក់ថា វិថីអាហារខេត្តកំពត ជាការដូឆ្នាំថ្មីដ៏ធំមួយសម្រាប់ប្រជាពលរដ្ឋខេត្តកំពតទាំងមូល ដោយសារតែគោលបំណងនៃគំនិតផ្តួចផ្តើមបង្កើតផ្សារនេះ ឆ្លើយតបទៅនឹងចក្ខុវិស័យ និងគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ទាំងលើការជំរុញវិស័យទេសចរណ៍ ទីផ្សារការងារ កសិផល និងផលិតផលក្នុងស្រុក ពិសេសបង្ហាញពីវប្បធម៌ប្រពៃណី និងរបៀបរបបរស់នៅ និងការហូបចុករបស់ពលរដ្ឋកម្ពុជាដែលមានតាំងពីបុរាណមក។ វិថីអាហារក្រោមគំនិតផ្តួចផ្តើម និងរៀបចំរបស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន មិនត្រឹមតែគាស់កកាយនូវមុខម្ហូប នំចំណីខ្មែរប៉ុណ្ណោះទេ តែវាបានរំលេចនូវដួងព្រលឹងជាតិ តាមរយៈរចនាប័ទ្មអគារ របៀបរបបល្លៀកពាក់តាមប្រពៃណីរបស់ក្រុមអាជីវករ និងឥរិយាបថក្នុងការសម្តែងបដិសណ្ឋារកិច្ចភ្ញៀវជាដើម។ លើសពីនេះទៅទៀត វិថីអាហារខេត្តកំពត ជួយលើកស្ទួយដល់សោភ័ណភាពក្រុង និងស្ថាបត្យកម្មបុរាណខ្មែរ ឲ្យអណ្តែតឡើង នៅចំកណ្តាលនៃសំណង់អគារដែលសន្សល់ទុកពីសម័យបារាំងរាប់រយខ្នង។

ចំណែកលោក អោក សីហា ជាមគ្គុទ្ទេសក៍ទេសចរខេត្តកំពត បានបង្ហាញការយល់ឃើញរបស់ខ្លួនដែរថា ការបង្កើតផ្សារវិថីម្ហូបអាហារខេត្តកំពតនេះ ពិតជាមានប្រយោជន៍ច្រើនយ៉ាង ជួយលើកកម្ពស់ដល់វិស័យទេសចរណ៍ សេដ្ឋកិច្ច សង្គម និងវប្បធម៌ប្រពៃណីផូរផង់របស់ខ្មែរផង ពិសេសជួយជំរុញដល់ទីផ្សារកសិផលរបស់ខេត្តកំពតផង។

យ៉ាងណាក៏ដោយ បើតាមការបញ្ជាក់របស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ក្នុងពិធីបើកសម្ភោធដាក់ឲ្យដំណើរការផ្សារវិថីអាហារខេត្តកំពត នៅល្ងាចថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបានអំពាវនាដល់ បងប្អូនអាជីវករសូមឲ្យបន្តអនុវត្តតាមការណែនាំផ្សេងៗរបស់អាជ្ញាធរ ពិសេសការយកចិត្តទុកដាក់ក្នុងការធ្វើម្ហូបអាហារ នំចំណីឲ្យបានឆ្ងាញ់ដាច់គេ ដើម្បីឲ្យវិថីអាហារខេត្តកំពត មានកិត្តិស័ព្ទល្បីសោះសាយទាំងផ្នែកគុណភាព ឱជារស តម្លៃ ស្តង់ដាអនាម័យ បរិស្ថាន និងការបដិសណ្ឋាកិច្ចភ្ញៀវជាដើម ព្រោះគ្រប់យ៉ាងអាចដំណើរការល្អទៅបាន ដោយសារមានការចូលរួមពីយើងគ្រប់គ្នា៕

 

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត