មន្ត្រីជាន់ខ្ពស់សុខាភិបាល÷   តម្លៃនៃសុខាភិបាលបានកើនឡើងយ៉ាងច្បាសពី អតីតកាលមកបច្ចុប្បន្ន ដោយសារការរីកចម្រើនផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងគោលនយោបាយសុខាភិបាល។ វាមាននាទីសំខាន់ក្នុងការកែលម្អគុណភាពជីវិត បន្ថយអត្រាស្លាប់ និងលើកកម្ពស់សុខុមាលភាពសង្គមទាំងមូល។ 

ឯកឧត្តមសាស្ត្រាចារ្យ ម៉ុក ធាវី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍យ៉ាងដូច្នេះនៅក្នុងឱកាស ដែលឯកឧត្តម អញ្ជើញជាអធិបតីបើកទិវាវេជ្ជសាស្ត្រត្រចៀក ច្រមុះ បំពង់ក សល្យសាស្ត្រក្បាល និងក កម្ពុជាលើកទី១៦ ក្រោមប្រធានបទ “ការរួមបញ្ចូលវិទ្យាសាស្ត្រ ជំនាញ និងក្រមសីលធម៌ ក្នុងសម័យទំនើបនៃវិស័យ ត្រចៀក ច្រមុះ និងបំពង់ក” នាព្រលប់ថ្ងៃទី២០-២១ ខែមីនា ឆ្នាំ២០២៦នៅ
សណ្ឋាគារសុខាភ្នំពេញ ហើយពិធីមានការចូលរួម ពីឯកឧត្តមសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួងនិង លោកសាស្ត្រាចារ្យជំនួយ សុខ គួង ប្រធានសមាគមគ្រូ ពេទ្យត្រចៀក ច្រមុះ បំពង់ក សល្យសាស្ត្រក្បាល និងក កម្ពុជា។

ឯកឧត្តមសាស្ត្រាចារ្យ ម៉ុក ធាវី បានថ្លែងបន្តថា
ការសិក្សាមិនបញ្ចប់នៅពេលបាន សញ្ញាបត្រវាត្រូវបន្តជីវិតទាំងមូល  ការចូលរួម ទិវាវេជ្ជសាស្ត្រថ្ងៃនេះមិនមែនសម្រាប់ដើម្បីបំពេញបាន  បានចំនួនពិន្ទុ ដើម្បីបំពេញ អាជ្ញាបណ្ណវិជ្ជាជីវៈឬជាការពង្រឹងជំនាញបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាជំហានសំខាន់ក្នុងការអភិវឌ្ឍសីលធម៌វិជ្ជាជីវៈ ទម្លាប់ការងារល្អ និងយល់ដឹងពីវិធីសាស្ត្រចំណេះដឹងថ្មីៗ ដើម្បីអាចឆ្លើយតបនឹងបញ្ហាសុខភាព។  ការធ្វើឲ្យទិវាវិជ្ជសាស្ត្រជាប្រភពនៃការបំលែងការពិចារណាជាសកម្មភាពអនុវត្តពិតប្រាកដ គឺត្រូវការសាមគ្គីភាព ការយកចិត្តទុកដាក់ និងការចូលរួមសកម្មពីគ្រប់ភាគី។ ខ្ញុំសូមជំរុញ និងគាំទ្រយ៉ាងពេញទំហឹងចំពោះគ្រប់កិច្ចការបន្តទាំងនេះ ដើម្បីអភិវឌ្ឍវិជ្ជាជីវៈរបស់យើងឲ្យរឹងមាំ កាន់តែមានគុណភាព និងទំនើបកម្មតាមការកែលម្អនៃប្រព័ន្ធសុខាភិបាលជាតិ។
ក្នុងន័យនេះ សមាគមវិជ្ជាជីវៈវេជ្ជសាស្ត្រ មានតួនាទីសំខាន់ជាដៃគូយុទ្ធសាស្ត្រក្នុងការគាំទ្រ និងអនុវត្តគោល នយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈការលើកកម្ពស់គុណភាពសេវាសុខាភិបាល ការអភិវឌ្ឍសមត្ថភាព និងការ គោរពសីលធម៌វិជ្ជាជីវៈ។

ក្នុងឱកាសនេះ  ឯកឧត្តមសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនឯកឧត្តមសាស្ត្រាចារ្យឈាងរ៉ា រដ្ឋមន្ត្រី ក្រសួងសុខាភិបាល  ដែលតែងតែផ្តល់ការគាំទ្រ  ណែនាំ និងជំរុញយ៉ាងសកម្មដល់សមាគម និងវិជ្ជាជីវៈវេជ្ជសាស្ត្រ ទាំងផ្នែកនយោបាយ បច្ចេកទេស  និងការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស។ការដឹកនាំដ៏ឆ្លាតវៃ និងការយកចិត្តទុកដាក់ ខ្ពស់របស់ឯកឧត្តម បានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល កែលម្អគុណភាពសេវា និងបង្កើនការ ជឿទុកចិត្តរបស់ប្រជាពលរដ្ឋលើវិស័យសុខាភិបាលជាតិ។

ឯកឧត្តមសាស្ត្រាចារ្យ បានលើកឡើងបន្ថែមថា ដូចលោកប្រធានសមាគម បានរាយការប្រវត្តិសង្ខេប និងបច្ចុប្បន្នភាពរបស់សមាគមបូកសរុបអំពីលទ្ធផលការងារ ប្រកបដោយចក្ខុវិស័យឆ្លុះបញ្ចាំងអំពីការសម្រេចបាននូវការងារអាទិភាពសំខាន់ក្នុងគោលបំណងបង្កើនសមត្ថភាពវិជ្ជាជីវៈនិងបច្ចេកវិទ្យា។សមាគមគ្រូពេទ្យជាកម្លាំងជំរុញដ៏សំខាន់ ក្នុងការលើកកម្ពស់គុណភាពសេវាសុខាភិបាល ការអភិវឌ្ឍ វិទ្យាសាស្ត្រវេជ្ជសាស្ត្រ និងការការពារ និងលើកកម្ពស់សុខភាពប្រជាពលរដ្ឋ។

ឯកឧត្តមអនុរដ្ឋលេខាធិការ បានកោតសរសើរ ចំពោះសមាគមគ្រូពេទ្យត្រចៀក ច្រមុះ បំពង់ក សល្យសាស្ត្រក្បាល និងក កម្ពុជា ដែលបាន ខិតខំរៀបចំទិវាវិទ្យាសាស្ត្រដ៏មានតម្លៃនេះ ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងការអភិវឌ្ឍជំនាញ វិជ្ជាជីវៈរបស់គ្រូពេទ្យក្នុងវិស័យនេះ។  ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ២០០១ មក សមាគមបានដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ និងការឆ្លើយតបទៅនឹងតម្រូវការថែទាំសុខភាពរបស់ប្រជាពលរដ្ឋ។ តម្លៃនៃសុខាភិបាលបានកើនឡើងយ៉ាងច្បាសពី អតីតកាលមកបច្ចុប្បន្ន ដោយសារការរីកចម្រើនផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងគោលនយោបាយសុខាភិបាល។ វាមាននាទីសំខាន់ក្នុងការកែលម្អគុណភាពជីវិត បន្ថយអត្រាស្លាប់ និងលើកកម្ពស់សុខុមាលភាពសង្គមទាំងមូល។
ប្រធានបទឆ្នាំនេះ÷  ការរួមបញ្ចូលវិទ្យាសាស្ត្រ ជំនាញ និងក្រមសីលធម៌ ក្នុងសម័យទំនើបនៃវិស័យត្រចៀក ច្រមុះ និងបំពង់ក ជាប្រធានបទសមស្រប និងមានសារៈសំខាន់ ដែលរួមចំណែកលើកកម្ពស់គុណភាពសេវាសុខាភិបាល និងការអភិវឌ្ឍវិជ្ជា ជីវៈ។

ឯកឧត្តមសូមអំពាវនាវអង្គសិក្ខាសាលាទាំងមូលខិតខំចូលរួមស្តាប់នឹងពិភាក្សាចេញពីឆន្ទៈ ពីរបេះដូង ដើម្បីទទួលក៏ដូចជាការចែករំលែកចំណេះដឹងថ្មីៗ ដែលអាចយកទៅអនុវត្តន៍ក្នុងការងារប្រកបដោយចក្ខុវិស័យច្បាស់លាស់ជាប្រយោជន៍ សម្រាប់ប្រជាជន។

ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា ទិវាវេជ្ជសាស្ត្រនេះ នឹងផ្តល់ឱកាសដ៏មានតម្លៃដល់គ្រូពេទ្យ និងអ្នកជំនាញក្នុងការចែក រំលែកបទពិសោធន៍ សិក្សាពីបច្ចេកទេសវះកាត់ទំនើប ជាពិសេសការវះកាត់ដោយប្រើបច្ចេកវិទ្យា អង់ដូស្តុប ដែលនឹងជួយ លើកកម្ពស់គុណភាពការព្យាបាល និងសុវត្ថិភាពអ្នកជំងឺ។ យើងរួមគ្នាកសាងអនាគតប្រកបដោយសុខភាពល្អសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប។