មន្ត្រីជាន់ខ្ពស់សុខាភិបាល÷ បង្ហាញលទ្ធផលនៃការសិក្សាស្រាវជ្រាវរកមហារីកមាត់ស្បូនតាមរយៈការធ្វើ តេស្ត អេច ភី វី ដែលការសិក្សានេះបានធ្វើឡើងក្នុងឆ្នាំ២០២៣ ដល់ឆ្នាំ២០២៤ នៅស្រុកប្រតិបត្តិ សៀមរាប និងស្រុកប្រតិបត្តិសូទ្រនិគម ក្នុងខេត្តសៀមរាប

លោកជំទាវសាស្ត្រាចារ្យ  អ៉ឹម សិទ្ធិការ្យ រដ្ឋលេខាធិការ ក្រសួងសុខាភិបាលបានថ្លែងបើកសិក្ខាសាលា បង្ហាញពីលទ្ធផលនៃការសិក្សាស្រាវជ្រាវរក លើការរកឃើញមហារីកមាត់ស្បូនតាមរយៈការធ្វើតេស្ត អេច ភី វី កាលពីថ្ងៃទី២៨ ខែតុលា នៅសណ្ឋាគារភ្នំពេញ ព្រឹកមិញនេះថា÷ ជំងឺមហារីកមាត់ស្បូនត្រូវបានទទួលស្គាល់ថា ជាបញ្ហា សុខភាពសាធារណៈដែលគួរកត់សម្គាល់។ នៅទូទាំងពិភពលោក ជំងឺមហារីកមាត់ស្បូនស្ថិតនៅលំដាប់លេខ រៀងទី ៤ នៃជំងឺមហារីកដែលកើតឡើងច្រើនបំផុតលើស្ត្រី។ នៅឆ្នាំ ២០២២ ស្ត្រីប្រមាណ ៦៦២.៣០១ នាក់ ត្រូវបានរកឃើញថាមានជំងឺមហារីកមាត់ស្បូន ហើយស្ត្រីប្រមាណ ៣៤៨.៨៧៤នាក់ បានស្លាប់ដោយសារជំងឺ នេះ។ ថ្មីៗនេះ យោងរបាយការណ៍របស់អង្គការសុខភាពពិភពលោកបានបង្ហាញថា ក្នុងចំណោមអ្នកស្លាប់ទាំងអស់ មានអ្នកស្លាប់ដោយសារជំងឺមិនឆ្លងរហូតដល់ ៧១% នៅទូទាំងសាកលលោក និង ៦៤% នៅកម្ពុជា ក្នុងនោះ មានជំងឺសំខាន់ៗចំនួន៤ប្រភេទ ដែលឈានមុខគេរួមមាន ជំងឺបេះដូងសរសៃឈាម ជំងឺមហារីក ជំងឺផ្លូវ ដង្ហើមរ៉ាំរ៉ៃ និងជំងឺទឹកនោមផ្អែម។ នៅប្រទេសកម្ពុជាក្នុងឆ្នាំ២០២២ យោងតាមរបាយការណ៍អង្គការសុខភាព ពិភពលោករបស់ Global Cancer បានប៉ាន់ស្មានថា មានករណីជំងឺមហារីកកើតថ្មីចំនួន ១៩,៣៧៩៥នាក់ និង
ស្លាប់ចំនួន ១៣,៧៩៩នាក់ (GlobalCan 2022)។ ទន្ទឹមនឹងនេះ យើងសង្កេតឃើញថា ក្នុងចំណោមជំងឺ មហារីកទាំងអស់ស្ត្រីមានជំងឺមហារីកមាត់ស្បូនមានចំនួន ១,២៧៤នាក់ (១២.០%) គឺជាជំងឺមហារីកដែល ស្ថិតក្នុងលំដាប់លេខរៀងទី២ បន្ទាប់ពីជំងឺមហារីកសុដន់មានចំនួន ២,១១៦នាក់ (១៩.៩%) ។

ទោះបីជាយ៉ាងណាក៏ដោយ ការស្លាប់ដែលបណ្តាលមកពីជំងឺមហារីកមាត់ស្បូននេះយើងអាចបង្ការនិង ព្យាបាលបាន ប្រសិនបើជំងឺនេះត្រូវបានរកឃើញនៅដំណាក់កាលដំបូង និងគ្រប់គ្រងព្យាបាលប្រកបដោយ ប្រសិទ្ធិភាព។ ដើម្បីឆ្លើយតបទៅនឹងបញ្ហាសុខភាពសាធារណៈនេះ ក្រសួងសុខាភិបាល ដែលមាននាយកដ្ឋានការពារសុខភាព ជាលេខាធិការដ្ឋាន បានខិតខំរៀបចំបង្កើតឡើងនូវផែនការយុទ្ធសាស្ត្រជាតិសម្រាប់ ការពារ និងប្រយុទ្ធនឹងជំងឺមិនឆ្លង ២០២២-២០៣០ ផែនការសកម្មភាពជាតិសម្រាប់បង្ការនិងគ្រប់គ្រងជំងឺ មហារីកមាត់ស្បូន និងនិយាមប្រតិបត្តិស្តង់ដារជាតិសម្រាប់ពិនិត្យស្រាវជ្រាវរកមហារីកមាត់ស្បូន ដែលបានធ្វើ បច្ចុប្បន្នភាព ឆ្នាំ២០២៥។

លោកជំទាវរដ្ឋលេខាធិការបន្ថែមថា  សិក្ខាសាលាថ្ងៃនេះ ឆ្លុះបញ្ចាំងពីលទ្ធផលនៃការសិក្សាស្រាវជ្រាវអំពីគោលបំណងក្នុងការផ្តល់ជាគោលគំនិតសំខាន់សម្រាប់ការ ពិចារណាក្នុងការផ្លាស់ប្តូរការពិនិត្យរកកោសិកាមហារីកមាត់ស្បូនដោយប្រើប្រាស់តេស្ត VIA មកប្រើប្រាស់តេស្ត HPV ជាតេស្តដំបូងសម្រាប់ការពិនិត្យដែលជាតេស្តមានគុណភាពខ្ពស់ក្នុងស្វែងរកកោសិកាមិនប្រក្រតីមុនមហារីក។

កន្លងមកដល់ពេលនេះ យើងបានបង្កើតសេវាពិនិត្យស្រាវជ្រាវ និងព្យាបាលជំងឺមហារីកមាត់ស្បូននៅតាម មូលដ្ឋានសុខាភិបាលជាច្រើនកន្លែង មានចាប់ពីមន្ទីរពេទ្យជាតិ មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យស្រុក រហូតដល់ មណ្ឌលសុខភាព ។ យើងក៏បានបញ្ជ្រាបបញ្ហាជំងឺមហារីកមាត់ស្បូនដល់អាជ្ញាធរមូលដ្ឋាន តាមរយៈការ ផ្សព្វផ្សាយដើម្បីស្វែងរកការគាំទ្រពីថ្នាក់ដឹកនាំ ចាប់ពីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អាជ្ញាធរខេត្ត/ក្រុង ស្រុក ឃុំ ភូមិ ដើម្បីរួមគ្នាកាត់បន្ថយអត្រាឈឺនិងស្លាប់ដោយសារជំងឺមហារីកមាត់ស្បូននេះឱ្យមានប្រសិទ្ធភាព។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមជម្រាបឯកឧត្តម លោកជំទាវ លោក លោកស្រីឱ្យបានជ្រាបផងដែរថា ផលវិបាកនៃជំងឺ មិនឆ្លង ក្នុងនោះរួមទាំងជំងឺមហារីកផងដែរ គឺវាមិនត្រឹមតែប៉ះពាល់ដល់សុខភាពប្រជាជនតែម៉្យាងប៉ុណ្ណោះទេ ប៉ុន្តែ បានប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសាររបស់អ្នកជំងឺនិងនិងសង្គមជាតិទាំងមូលផងដែរ។ នេះមានន័យថា អ្នកជំងឺអាច បាត់បង់កម្លាំងពលកម្មប្រកបរបបរប្រចាំថ្ងៃ ដើម្បីចិញ្ចឹមជីវិតនិងគ្រួសារទាំងមូល មិនតែប៉ុណ្ណោះត្រូវទទួលបន្ទុក ចំណាយថវិកាយ៉ាងច្រើនទៅលើការការថែទាំសុខភាពដ៏ធ្ងន់ធ្ងរ ដោយត្រូវការថែទាំព្យាបាលជំងឺអស់មួយជីវិត។ ការ ចំណាយប្រាក់ហោប៉ៅដ៏ច្រើននេះ អាចជំរុញឱ្យក្រុមគ្រួសារអ្នកជំងឺធ្លាក់ចូលក្នុងភាពក្រីក្រ ដោយសារប្រាក់ចំណូល របស់បុគ្គលនិងគ្រួសារត្រូវបានចំណាយទៅលើការព្យាបាល។ ហេតុដូចនេះដើម្បីសម្រេចបាននូវគោលដៅគ្របដ ណ្តប់សុខភាពជាសាកល (UHC) និងយុទ្ធសាស្ត្រ ៩០-៧០-៩០ របស់អង្គការសុខភាពពិភពលោកឆ្ពោះទៅរកការ លុបបំបាត់មហារីកមាត់ស្បូនត្រឹមឆ្នាំ ២០៣០ យើងចាំបាច់ត្រូវផ្តល់អាទិភាពចំពោះការបង្ការនិងទប់ស្កាត់ជំងឺមិន ឆ្លង ដែលរួមទាំងជំងឺមហារីក ឱ្យដូចជំងឺដទៃទៀតផងដែរ។

ក្នុងឱកាសនោះដែរ លោកជំទាវសូមថ្លែងអំណរគុណចំពោះ សាកលវិទ្យាល័យ Heidelberg វិទ្យាស្ថានប៉ា ស្ទ័រកម្ពុជា (IPC) និងជាពិសេស ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KW) ដែលបានផ្តល់ការគាំទ្រថវិកាក្នុងការ សិក្សាស្រាវជ្រាវនេះ ក៏ដូចជាការគាំទ្រថវិកាក្នុងការរៀបចំសិក្ខាសាលាផ្សព្វផ្សាយពីលទ្ធផលនៃការស្រាវជ្រាវ ក្នុងថ្ងៃដ៏វិសេសវិសាលនេះ។