មន្ត្រីជាន់ខ្ពស់សុខាភិបាល <<បើកទិវា សល្យសាស្ត្រ សម្ពព និងរោគស្ត្រី លើកទី៣ របស់មជ្ឈមណ្ឌលជាតិគាំពារមាតានិងទារកស្តីពីពង្រឹង និងបង្កើនសេវាព្យាបាល ថែទាំ សង្គ្រោះប្រកបដោយគុណភាព>>

ថ្លែងបើកទិវាសល្យសាស្ត្រ សម្ពព និងរោគស្ត្រី នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥នេះ លោកជំទាវសាស្ត្រាចារ្យ អ៉ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា÷ ការបណ្តុះបណ្តាល ជំនាញ ចំណេះដឹង ដល់មន្ត្រីសុខាភិបាល ជារឿងដែលថ្នាក់ដឹកនាំសុខាភិបាលគ្រប់ឋានានុក្រមត្រូវយកចិត្តទុកដាក់ខ្ពស់។ការអភិវឌ្ឍជំនាញបច្ចេកទេសថ្មីៗជា ប្រចាំ ការចែករំលែកបទពិសោធន៍ ការសិក្សាពីចំនុចខ្វះខាតនិងធ្វើការកែលម្អ គឺជាកត្តាដែល មិនអាចខ្វះបានសម្រាប់យើងជាអ្នកផ្តល់សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋ។
លោកជំទាវ រដ្ឋលេខាធិការ ថែមថា ដើម្បីពង្រឹងគុណភាពសេវា និងបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើវិស័យសុខាភិ បាលរបស់ជាតិ មន្ត្រីសុខាភិបាលគម្បី៖ ១) ត្រូវខិតខំ សិក្សាបង្កើនចំណេះដឹងលើជំនាញ បច្ចេកទេសថ្មីៗដែលប្រទេសជិតខាងរបស់យើង និងពិភពលោកមាន។ ២) ត្រូវបុរេសកម្មលើ ការងារវេជ្ជសាស្ត្រ។ ៣) ត្រូវគិតនូវអ្វីដែលថ្មី និងធ្វើអ្វីដែលថ្មីទើបយើងអាចទទួលបានលទ្ធផលថ្មី។ ៤) ត្រូវមានក្រមសីលធម៌វិជ្ជាជីវៈ: Medical Ethic គឺជាកត្តាគន្លឹះចាំបាច់សម្រាប់មន្ត្រីសុខាភិបាលគ្រប់រូបត្រូវប្រកាន់ឱ្យបានខ្ជាប់ខ្ជួនដើម្បីទាក់ទាញការពេញចិត្តរបស់ប្រជាជនមកលើ សុខាភិបាលជាតិយើង។
នៅពេលបច្ចុប្បន្ននេះ យើងឃើញថា សេវាសុខាភិបាលរបស់រដ្ឋ មានការប្រែប្រួលមុខមាត់ ទាំងថ្នាក់ជាតិ និងអន្តរជាតិ ជាក់ស្តែងប្រជាពលរដ្ឋដែលបានមកប្រើប្រាស់ សេវាសុខាភិបាលរបស់រដ្ឋបានសម្តែងនូវការពេញចិត្តមកលើមន្ត្រីសុខាភិបាលយើង ទាំងថ្នាក់ ជាតិ និង ថ្នាក់ក្រោមជាតិ។ទាំងអស់នេះគឺកើតឡើងដោយការខិតខំប្រឹងប្រែងរបស់ បង ប្អូន ទាំងអស់តាមរយះការខិតខំ បង្កើនគុណភាពនៃការថែទាំ ព្យាបាលប្រកបដោយការទទួលខុស ត្រូវខ្ពស់។
យើងទាំងអស់គ្នានៅទីនេះក៏ដូចជានៅតាមប្រព័ន្ធនិម្មិត គឺជាមនុស្សសំខាន់សម្រាប់មាតា និងទារក។ សុខភាពមាតា និង ទារកស្ថិតនៅក្នុងកណ្តាប់ដៃរបស់យើងទាំងអស់គ្នា។ដូច្នេះ យើងត្រូវបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្ពស់លើភារកិច្ចរបស់យើង។កាលណាយើងមើល ថែទាំមាតាបានល្អ យើងនឹងទទួលបាននូវទារកដែលមានសុខភាពល្អ ។ដូច្នេះធនធានមនុស្ស ជំនាន់ក្រោយក៏ល្អ សម្រាប់ការអភិវឌ្ឍសង្គមជាតិ។
លោកស្រីវេជ្ជបណ្ឌិត គឹម រ័ត្ននា ប្រធានមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក បានជម្រាបជូនថា ឆ្នាំនេះជាឆ្នាំទី៣ដែលមជ្ឈមណ្ឌលជាតិបានរៀបចំ ទិវាសល្យសាស្ត្រ សម្ភព និងរោគស្ត្រី ក្នុងគោលបំណងៈ (១) ចែករំលែកនូវបទពិសោធន៍ក្នុងការ ថែទាំ ព្យាបាល និងសង្គ្រោះមាតានិងទារកដើម្បីកាត់បន្ថយនូវហានិភ័យ ភាពដែលអាចបង្ការបាន ។ (២) បង្ហាញរបកគំហើញថ្មីៗនៃការព្យាបាលដើម្បីបង្កើនគុណភាពនៃ ការបម្រើសេវាសុខភាព និងទី (៣)លើកកម្ពស់ការអនុវត្តនៃការថែទាំ ព្យាបាលនិងគាំពារ សុខភាព មាតា និងទារកប្រកបដោយសុវត្តិភាព។ ដោយឡែកប្រធានបទដែលនឹងលើកយកមកបង្ហាញ និង ពិភាក្សាក្នុងរយៈពេល២ថ្ងៃនេះ គឺពាក់ព័ន្ធនឹង
1. ការគ្រប់គ្រងការធ្លាក់ឈាមក្រោយសម្រាល
2. ការគ្រប់គ្រង និងព្យាបាលសុកស្អិតជាប់ស្បូន) Pl acent a Accr et a spect r um
3. ការគ្រប់គ្រងការស្លោកខួរក្បាលលើស្ត្រីប្រកាច់ដោយជំងឺក្រឡាភ្លើង
4. ពិធីសារជាតិស្តីពីការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប
5. ការគ្រប់គ្រង ព្យាបាលវះកាត់ដោយចោះ
6. កម្មវិធីស្រាវជ្រាវមហារីកមាត់ស្បូន
7. សារៈសំខាន់នៃការពិនិត្យអេកូសាស្ត្រលើគភ៌កូនពង
8. អត្ថប្រយោជន៍ការបំបៅកូនដោយទឹកដោះម្តាយ
9. ជំងឺគ្រុនឈាមលើស្ត្រីមានផ្ទៃពោះ(ករណីសិក្សា)
10. ការថែទាំផ្ទៃពោះមុនសម្រាល ផ្ទៃពោះដែលប្រឈមនឹងគ្រោះថ្នាក់
11. ការគ្រប់គ្រង និងការព្យាបាល ការជាប់ហ្វ្រាំងអណ្តាតលើទារក។
លោកជំទាវសាស្ត្រាចារ្យរដ្ឋលេខាធិការ
អ៉ឹម សិទ្ធិការ្យ បានវាយតម្លៃខ្ពស់ចំពោះមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារកដែលបានរៀបចំ អោយមានការជួបជុំជាទៀងទាត់នេះឡើង ដើម្បីចែករំលែក និងផ្លាស់ប្តូរ បទពិសោធន៍រវាងគ្នាទៅ វិញទៅមកក្នុងបំណងធ្វើយ៉ាងណាដើម្បីពង្រឹងការផ្តល់សេវាសុខភាពប្រកបដោយគុណភាពជូន ដល់ប្រជាពលរដ្ឋដែលគាត់មកទទួលសេវាសុខភាព៕