មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ ភាពជោគជ័យនៃការសិក្សា របស់សិស្ស គឺបានមកពីការ ខិតខំប្រឹងប្រែងរបស់ អ្នកពាក់ព័ន្ធ ពិសេសការខិតខំ ប្រឹងប្រែងដោយផ្ទាល់របស់សិស្ស
 
								ឯកឧត្តមបណ្ឌិត ពឹង គិមឆេង អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និកីឡា បានថ្លែងថា ភាពជោគជ័យ នៃការសិក្សារបស់សិស្ស គឺបានមកពីការ ខិតខំប្រឹងប្ រែងរបស់មាតាបិតា អ្នកអាណាព្យាបាល ពីសាលារៀន និងបានមកពីការខិតខំ ប្រឹង ប្រែងសិក្សារៀនសូត្រដោយផ្ទាល់របស់សិស្ស។
ឯកឧត្តម បានជំរុញឱ្យសិស្សានុសិស្ស ខិតខំសិក្សារៀនសូត្រ ដើម្បីទទួលបាន ចំណេះដឹង ទុកជាគុណប្រយោជន៍ សម្រាប់ខ្លួនឯង សម្រាប់ក្រុមគ្រួសារ និងសម្រាប់សង្គមជាតិ នាពេលអនាគត ព្រោះមានតែការសិក្សារៀនសូត្រ ឱ្យ មានចំណេះដឹងខ្ពង់ខ្ពស់ប៉ុណ្ណោះទើបអាចធ្វើឱ្យយើងអភិវឌ្ឍន៍ខ្លួនបានល្អប្រសើរ។
ការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត ពឹង គិមឆេង យ៉ាងដូច្នេះធ្វើឡើងក្នុង ពិធី ប្រគល់វិញ្ញាបនបត្ របឋមសិក្សា មធ្យមសិក្សា បឋមភូមិ សញ្ញាបត្រមធ្យម សិក្សា ទុតិយភូមិ និងបណ្ណសរសើរជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សាលា អន្តរជាតិវេស្ទលែនដ៏ នាមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥។
ឯកឧត្តមបណ្ឌិត អនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ចំណេះនិងជំនាញ ពិត ជា មានសារៈសំខាន់ខ្លាំងណាស់។ ដូច្នេះ ហើយទើបបានជា ឪពុកម្តាយ បានចំណាយ ប្រាក់សម្រាប់ការសិក្សារបស់កូន ដែលយើងអាចនិយាយ បានម្យ៉ាងថា ពួកគាត់ បានដាក់ទុនវិនិយោគ ទៅលើការសិក្សារបស់កូនៗ របស់ពួកគាត់ដោយ ឥត ស្តាយក្រោយ បើទោះបីជាពួកគាត់ខ្លះត្រូវរកប្រាក់បានមកដោយលំបាកយ៉ាងណា ក៏ឥតបាន រួញរាក្នុងការវិនិយោគទៅលើការសិក្សារបស់កូនៗឡើយ។ ត្រង់នេះ ដើម្បីជាការឆ្លើយតបទៅនឹងការលះបង់របស់ឪពុកម្តាយ យើងដែលជា កូនគឺត្រូវតែ ខិតខំប្រឹងប្រែងក្នុងការរៀនសូត្រឱ្យបានចេះចាំពិតប្រាកដ និងអាចយកទៅប្រើ ការ បាន ដើម្បីកុំឱ្យការចំណាយរបស់ឪពុកម្តាយក្លាយទៅជារឿងអាសាឥតការ។
ក្នុងនាមក្រសួងអប់រំ យុវជន និកីឡា ឯកឧត្តមបណ្ឌិត ពឹង គិមឆេង បានជំរុញ ឱ្យ គ្រប់ភូមិសិក្សាទាំងអស់យកចិត្តទុកដាក់ក្នុងការរៀបចំសាលារៀនឱ្យត្រឹមត្រូវតាមស្ដង់ដា ឆ្លើយតបទៅនឹងទំនុកចិត្តរបស់មាតាបិតា និងអ្នកអាណាព្យាបាលសិស្ស ដែលបានសម្រេចចិត្តក្នុងការបញ្ជូនកូនចៅរបស់ពួកគាត់ឱ្យមកទទួលការសិក្សានៅក្នុងសាលារបស់ខ្លួន។
លោក ថន សុកលីម នាយកសាលាអន្តរជាតិ វេស្ទលែនដ៏ បានឱ្យដឹងថា សាលា អន្តរជាតិវេស្ទលែនដ៏ គឺជាសាលាចំណេះដឹង ទូទៅឯកជនដ៏រឹងមាំ មួយដែល បានបើកឱ្យដំណើរការ ជាង១០ឆ្នាំ មកហើយ នៅក្រុងតាខ្មៅ ខេត្តកណ្តាល ដោយ មានកម្មវិធីសិក្សាធំៗចំនួន៣គឺ កម្មវិធីសិក្សាចំណេះទូទៅខ្មែរ កម្មវិធីសិក្សា ចំណេះ ទូទៅអន្តរជាតិ និងកម្មវិធីភាសាអង់គ្លេសទូទៅពេញម៉ោង និងក្រៅម៉ោង។ លោក បានអះអាងថា សាលាពិតជា មានបេសកកម្ម និងទិសដៅយ៉ាងច្បាស់លាស់ បំផុត ក្នុងការចូលរួមចំណែកផ្តល់ការអប់រំនៅកម្ពុជា ស្របតាមចក្ខុវិស័យ របស់រាជ រដ្ឋាភិបាល ដែលមានក្រសួងអប់រំ យុវជន និកីឡា ជាសេនាធិការ ព្រមទាំង បាន អរគុណចំពោះសន្តិភាព អរគុណចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដែលបាន ខិតខំក្នុង ការ កសាងសន្តិភាព ហើយបន្តមកដល់សម្តចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីបច្ចុប្បន្ន ដែលបានខិតខំក្នុងការអភិវឌ្ឍន៍ ប្រទេសជាតិឱ្យមាន ការរីកចម្រើន នៅលើគ្រប់វិស័យ ក្នុងនោះក៏មានវិស័យអប់រំផងដែរ៕
 
  
  
  
  
  
  
 
 
			



