មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល៖ ការសិក្សាបន្ត និងរំលឹកនូវក្រមសីលធម៍វិជ្ជាជីវៈ ជាកាតព្វកិច្ចរបស់គ្រូពេទ្យគ្រប់រូប ដើម្បីព្យាបាលអ្នកជំងឺឱ្យមានប្រសិទ្ធភាព

ឯកឧត្តមសាស្រ្តាចារ្យ លឹម តារា រដ្ឋលេខាធិការក្រសួងសុ ខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ បានថ្លែងបញ្ជាក់ថា គ្រូពេទ្យមិនមែនគិតតែពីការព្យាបាល និងធ្វើរោគវិនិច្ឆ័យដើម្បីព្យាបាលអ្នកជំងឺនោះទេ, ការសិក្សាបន្ត និងការរំលឹកឡើងវិញនូវក្រមសីលធម៍វិជ្ជាជីវៈ គឺជាការតព្វកិច្ចរបស់គ្រូពេទ្យគ្រប់រូប ដើម្បីធ្វើការព្យាជំងឺជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមសាស្រ្តាចារ្យ លឹម តារា បានថ្លែងដូចនេះនាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥នេះ នាឱកាសតំណាងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញជាអធិបតីក្នុងមហាសន្និបាតប្រចាំឆ្នាំសមាគមគ្រូពេទ្យកម្ពុជា ផ្នែកប្រដាប់រំលាយអាហារ លើកទី២០ ក្រោមប្រធានបទ «វិធីសាស្ត្រទំនើបក្នុងការព្យាបាលជំងឺក្រពះ ពោះវៀន និងថ្លើម» និងដោយមានការចូលរួមពី លោកសាស្ត្រាចារ្យ ឱម សិរីវិជិត ប្រធានសមាគមគ្រូពេទ្យកម្ពុជាផ្នែកប្រដាប់រំលាយអាហារ រួមទាំងមានលោកគ្រូ អ្នកគ្រូ ពេទ្យជាច្រើនរូប នៅសណ្ឋាគារភ្នំពេញ ។

ឯកឧត្តមសាស្រ្តាចារ្យ លឹម តារា បានថ្លែងបញ្ជាក់ថា គ្រូពេទ្យមិនមែនគិតតែពីការព្យាបាល និងធ្វើរោគវិនិច្ឆ័យជំងឺក្នុងការព្យាបាលនោះទេ អ្វីដែលសំខាន់នោះគឺត្រូវបំពេញបន្ថែមនូវសមត្ថភាព និងពង្រឹងបន្ថែមនូវអ្វីដែលជាក្រមសីលធម៍ និងវិជ្ជាជីវៈរបស់ពេទ្យ ពង្រឹងភាពជាអ្នកមានវិជ្ជាជីវៈក្នុងវិស័យសុខាភិ បាល។ បច្ចុប្បន្នក្នុងអាណត្តិនេះក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ ក៏ដូចជា រាជធានីខេត្ត ទាំងអស់ កំពុងតែខិតខំផ្សព្វផ្សាយរំលឹកឡើងវិញនូវច្បាប់ទម្លាប់នៃអ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យសុខាភិបាល ក៏ដូចជាពង្រឹងនូវក្រមសីលធម៍វិជ្ជាជីវៈ ក្នុងភាពជាអ្នកដែលមានវិជ្ជាជីវៈច្បាស់លាស់ផងដែរ។ ឯកឧត្តមសាស្រ្តាចារ្យ បានបន្ថែមថា ការសិក្សាបន្តគឺជាការតព្វកិច្ចរបស់គ្រូពេទ្យគ្រប់រូប ហើយការរំលឹកនូវក្រមសីលធម៍វិជ្ជាជីវៈ ហើយធ្វើខ្លួនឯងឱ្យទៅជាអ្នកមានវិជ្ជាជីវៈពិតប្រាកដ គឺពិតជាសំខាន់ណាស ពីព្រោះគ្រូពេទ្យដែលមានជំនាញហើយនោះ ទាល់តែមានក្រមសីលធម៍ល្អទៀតនោះ ទើបយើងអាចផ្តល់សេវាព្យាបាលជូនប្រជាពលរដ្ឋ បានល្អប្រសើរថែមទៀត ។ ក្រសួងសុខា ភិបាលបានយកចិត្តទុកដាក់ខ្លាំងណាស់ ទៅលើការព្យាបាលពីគ្រូពេទ្យ ទៅដល់អ្នកជំងឺ ឱ្យមានគុណភាព និងមានសុវត្តិភាពខ្ពស់។ ជាមួយគ្នានោះឯកឧត្តមសាស្រ្តាចារ្យ លឹម តារា ក៏បានវាយតម្លៃខ្ពស់ចំពោះសមាគមគ្រូពេទ្យកម្ពុជា ផ្នែកប្រដាប់រំលាយអាហារ ដែលបានរៀបចំសន្និបាទប្រចាំឆ្នាំ និងអនុវត្តន៍វិជ្ជាជីវៈបន្តនេះ និងបានលើកទឹកចិត្តឱ្យសមាគមរៀបចំការអនុវត្តន៍វិជ្ជាជីវៈបន្តនេះឱ្យបានច្រើនដង ដើម្បីធ្វើការចែករំលែកចំណេះដឹងដល់សមាជិក សមាជិកា ឱ្យបានកាន់តែច្រើនបន្ថែម ទៀត។

បើតាមលោកសាស្ត្រាចារ្យ ឱម សិរីវិជិត បានឱ្យដឹងថា សមាគមគ្រូពេទ្យកម្ពុជាផ្នែកប្រដាប់រំលាយអាហារ ត្រូវបានផ្តួចផ្តើមគំនិតបង្កើតឡើងដោយក្រុម គ្រូពេទ្យផ្នែកប្រដាប់រំលាយអាហារ (ថ្លើម ក្រពះ ពោះវៀន) នៃប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩៨ មក សមាគមនេះបង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកឯកទេសប្រដាប់រំលាយអាហារតាមរយៈការចូលរួម ការចែករំលែកដោយផ្សារភ្ជាប់ការអនុវត្តន៍ របស់គ្រូពេទ្យកម្ពុជាទៅនឹងការរីកចម្រើននៃវិទ្យាសាស្ត្រ, បង្កើតទំនាក់ទំនងផ្នែកវិទ្យាសាស្ត្រ សហភាតរៈ រវាងគ្រូពេទ្យក្នុងប្រទេសទាំងអស់ដែលបំរើការនៅក្នុងផ្នែកនេះ ក៏ដូចជាផ្នែកឯកទេសផ្សេងៗ, រួមសហការជាមួយស្ថាប័ននានានៃរាជរដ្ឋាភិបាល និងអាជ្ញាធរសាធារណៈផងដែរ។ លោកសាស្ត្រាចារ្យ បានបញ្ជាក់ដែរថា ២០ឆ្នាំមកនេះ សមាគមគ្រូពេទ្យកម្ពុជាផ្នែកប្រដាប់រំលាយអាហារ បានដើរតួនាទីយ៉ាងសកម្មក្នុងការលើកកម្ពស់ចំណេះដឹង ជំនាញ និងក្រម សីលធម៌វិជ្ជាជីវៈរបស់គ្រូពេទ្យឯកទេសផ្នែកជំងឺថ្លើម ក្រពះ ពោះវៀន ប្រដាប់រំលាយអាហារ ស្របតាមការវិវត្តន៍នៃវិទ្យា សាស្ត្រវេជ្ជសាស្ត្រពិភពលោក។ ដើម្បីឲ្យសមាគមអាចឈានមកដល់ចំណុចនេះ និងបន្តបេសកកម្មរបស់ខ្លួនបានដោយជោគជ័យ និងមាននិរន្តរភាព អស់រយៈពេល ២០ ឆ្នាំកន្លងទៅនេះ គឺមិនអាចកាត់ផ្តាច់បានពីការចូលរួមគាំទ្រដ៏សប្បុរស និងរឹងមាំពីគ្រប់ភាគីពាក់ព័ន្ធឡើយ៕