មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជម្រុញដល់អភិបាលរងខេត្តថ្មី ត្រូវចេះសាមគ្គីគ្នា និងបន្តអភិវឌ្ឍន៍ខេត្តមណ្ឌលគិរី ឲ្យកាន់តែមានការរីកចម្រើន

ខេត្តមណ្ឌលគិរី ៖ នាឱកាសពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី ឯកឧត្តម អ៊ុត សំអន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានជម្រុញដល់លោក-លោកស្រីអភិបាលរងខេត្ត ដែលទើបទទួលបានការតែងតាំងថ្មី ត្រូវកាប់ឲ្យបានរាល់សភាពការណ៍ សន្តិសុខសណ្តាប់ បញ្ហាប្រឈម និងការងារអភិវឌ្ឍន៍នានា ក្នុងមូលដ្ឋាន ដើម្បីឆ្លើយតបទាន់ពេលវេលាជូនប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំ ខណៈដែលស្ថានការណ៍ នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ កំពុងស្ថិតក្នុងភាពផុយស្រួយនាពេលបច្ចុប្បន្ន។
ឯកឧត្តម អ៊ុត សំអន បញ្ជាក់ថា ទោះបីជាស្ថិតក្នុងការលំបាកដោយសារសង្គ្រាម ដែលបង្កឡើងដោយកងទ័ពថៃ យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តរក្សាបាន នូវប្រក្រតីភាពសេដ្ឋកិច្ច នយោបា យ និងសណ្តាប់ធ្នាប់សាធារណៈ បានយ៉ាងល្អប្រសើរ ។ ជាមួយគ្នានេះ ដំណើរការនៃការអនុវត្តកម្មវិធី ទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ ក៏នៅតែមានវឌ្ឍនភាពយ៉ាងល្អប្រសើរ និងសម្រេចបានសមិទ្ធផលនានាជាច្រើន ដោយក្នុងនោះរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងនីតិវិធីបំពេញការងារ របស់រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបាន បន្តពង្រឹង កែលម្អ រួមផ្សំនឹងការលើកកម្ពស់សមត្ថភាពធនធានមនុស្ស ការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រង តាមបែបឌីជីថល ក្នុងគោលដៅបង្កើនប្រសិទ្ធភាពអភិបាលកិច្ចល្អ លើកកម្ពស់គុណភាព និងប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានឆ្លើយតបទៅនឹងតម្រូវការ និងដោះស្រាយបញ្ហា ប្រឈមនានារបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា និងចំគោលដៅ។
ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី មានប្រសាសន៍ថា មណ្ឌលគិរី គឺជាខេត្តដែលពោពេញទៅដោយ សម្បត្តិធនធានធម្មជាតិ ដែលបានទាក់ទាញភ្ញៀវទេសចរយ៉ាងក្រាស់ក្រែលក្នុងមួយឆ្នាំៗ ។ ក្រៅពីនោះនៅមានវិស័យ កសិកម្ម និងកសិឧស្សាហកម្ម ក៏មានសន្ទុះខ្លាំងក្លា អាចស្រូបទាញនូវកំណើនសេដ្ឋកិច្ចពីមួយឆ្នាំទៅមួយឆ្នាំ ដែលអាចប្រែក្លាយជីវភាព របស់បងប្អូនប្រជាពលរដ្ឋ បានរីកចំរើនផងដែរ ។ ឯកឧត្តម បន្តថា ការប្រកាសចូលកាន់តំណែងអភិបាលរងចំនួនពីររូបនាពេលនេះ គឺជាការចាំបាច់បំផុត ដែលរដ្ឋបាលខេត្ត ត្រូវការធនធានមនុស្សបន្ថែម ដើម្បីចូលរួមចំណែកក្នុង ការអភិវឌ្ឍមូលដ្ឋាន ស្របតាមយុទ្ឋសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជានាអាណត្តិទី៧នេះ ។
សូមបញ្ជាក់ថា ក្នុងពិធីដ៏ឱឡារិកខាងលើនេះ លោក អ៊ុក ភ័ក្រ្តា អតីតបម្រើការងារនៅខេត្តកោះកុង និងលោកស្រី កែវ សាវឿន អតីតបម្រើការងារនៅខេត្តរតនគិរី ត្រូវបានប្រកាសចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី ជំនួសលោក សាយ ម៉េងគីម និងលោកស្រី វិន ស៊ីធួន ដែលត្រូវទៅទទួលភារកិច្ចថ្មី ដែលថ្នាក់ដឹកនាំប្រគល់ជូន ៕ ស៉ីផុន ហ៊ុងគ្រី