មនុស្ស៤នាក់ស្លាប់និងច្រើននាក់បាត់ខ្លួន! ក្រោយពីហេតុការណ៍បាក់រលំគំនរសម្រាមធំបំផុតរបស់ពិភពលោកស្ថិតក្នុងប្រទេសឥណ្ឌូណេស៊ីមានទំហំ១១០ហិកតា ផ្ទុកសំរាមប្រមាណជា៥៥លានតោន
ក្រុមអ្នកជួយសង្គ្រោះកំពុងបន្តស្វែងរកមនុស្សជាច្រើននាក់ដែលនៅតែបាត់ខ្លួន បន្ទាប់ពីហេតុការណ៍រអិលបាក់គំនរសំរាមដ៏ធំមួយ ដែលគេស្គាល់ថាជាកន្លែងចាក់សំរាមដ៏ធំជាងគេរបស់ប្រទេសឥណ្ឌូនេស៊ី និង ពិភពលោក។ មនុស្ស៤នាក់ស្លាប់ក្នុងហេតុការណ៍នេះ ដែលវាជាទីតាំងចាក់សម្រាមបញ្ចូលគ្នាក្នុងតំបន់ Bantargebang (បានតាហ្កេបេង) ក្នុងទីក្រុង Bekasi (បេកាស៊ី) នៅជាយទីក្រុងហ្សាកាតា។ ទីលានចាក់សំរាមនេះមានចម្ងាយត្រឹមតែ ២៥គីឡូម៉ែត្រពីរដ្ឋធានីហ្សាកាតា និងជាទីលានចាក់សំរាមបើកចំហដ៏ធំជាងគេបំផុតមួយរបស់ពិភពលោកលាតសន្ធឹងលើផ្ទៃដីជាង ១១០ហិកតា និងផ្ទុកសំរាមប្រហែលជា ៥៥លានតោន បានមកពីការប្រមូលសម្រាមនៃប្រជាជនដែលរស់នៅប្រហែលជា៤២លាននាក់ដោយមានកាកសំណល់ប្រមាណជាង១៤តោនជារៀងរាល់ថ្ងៃ។ មន្ត្រីបាននិយាយថាហេតុការណ៍រអិលបាក់គំនរសម្រាមដ៏ធំសម្បើមនេះបានកើតឡើងដោយសារមានភ្លៀងធ្លាក់ខ្លាំងពេញមួយយប់។ មកដល់ពេលនេះក្រុមស្វែងរក និងជួយសង្គ្រោះជាង ៣០០នាក់ត្រូវបានដាក់ពង្រាយទៅកាន់កន្លែងចាក់សំរាម ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត និងយកសពជនរងគ្រោះមកវិញដោយពួកគេបានប្រើគ្រឿងចក្រធុនធ្ងន់ និងសុនខហិតក្លិនយ៉ាងប្រុងប្រយ័ត្នផងដែរ ព្រោះពេលនេះគំនរសម្រាមគឺកាន់តែផុយរលួយ។ ប្រធានការិយាល័យស្វែងរក និងជួយសង្គ្រោះរបស់ទីក្រុងហ្សាកាតាបាននិយាយថា ជនរងគ្រោះរួមមានអ្នកបើកបររថយន្តដឹកសំរាមពីរនាក់ និងអ្នកលក់អាហារពីរនាក់។ ពួកគេបានធ្វើការនិងសម្រាកនៅជិតកន្លែងចាក់សំរាមនេះនៅពេលដែលមានហេតុការណ៍រអិលបាក់គំនរសម្រាមបានកើតឡើង។ ចំណែកអ្នកនាំពាក្យរបស់ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិបានជំរុញឱ្យមានពិធីសារសុវត្ថិភាពយ៉ាងតឹងរ៉ឹងអំឡុងពេលស្វែងរកជនរងគ្រោះកំពុងដំណើរការ ដោយលោកបានកត់សម្គាល់ថា ការព្យាករណ៍អាកាសធាតុសម្រាប់រយៈពេលពីរថ្ងៃខាងមុខនឹងនៅតែបន្តបន្ថែមទៀត ដែលអាចបង្កឱ្យចលនាដីត្រូវបាក់បន្ថែមទៀតដែរ។ ទីតាំងនេះបានប្រឈមមុខនឹងការព្រមានម្តងហើយម្តងទៀតអំពីសមត្ថភាពផ្ទុកសម្រាម ដែលជំរុញឱ្យមានការខិតខំប្រឹងប្រែងថ្នាក់ជាតិក្នុងការផ្លាស់ប្តូរប្រព័ន្ធគ្រប់គ្រងកាកសំណល់របស់ប្រទេសឥណ្ឌូនេស៊ី។ ហើយកាលពីចុងឆ្នាំមុន រដ្ឋាភិបាលឥណ្ឌូណេស៊ី បានប្រកាសពីថ្ងៃផុតកំណត់រយៈពេល២ឆ្នាំដើម្បីសម្អាតទីតាំងចាក់សម្រាម Bantargebang នេះតាមរយៈកម្មវិធីបង្កើនល្បឿនកាកសំណល់ទៅជាថាមពលបំប្លែង។ ហើយគំនិតផ្តួចផ្តើមនេះមានគោលបំណងកាត់បន្ថយនូវការពឹងផ្អែកយ៉ាងរ៉ាំរ៉ៃលើការចាក់សំរាមដោយបើកចំហ និងអំពាវនាវឱ្យសកម្មភាពបំលែងសំរាមទៅជាថាមពលអគ្គិសនី ឬថាមពលកម្ដៅឲ្យបានឆាប់រហ័ស ដែលកម្មវិធីនេះត្រូវបានគាំទ្រដោយបទប្បញ្ញត្តិរបស់ប្រធានាធិបតីថ្មី ក្នុងគោលបំណងផ្តល់អាជ្ញាប័ណ្ណនិងលើកទឹកចិត្តដល់ការវិនិយោគកែច្នៃសម្រាមផងដែរ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



