មនុស្ស២២នាក់ស្លាប់ភ្លាមៗបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅតំបន់ GAZA! បើទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់ក៏ដោយ

ទោះបីជាមានបទឈប់បាញ់ក៏ពិតមែន ប៉ុន្តែអ៊ីស្រាអែលនៅតែបើកការវាយប្រហារតាមដែនអាកាសជាបន្តបន្ទាប់នៅទូទាំងតំបន់ហ្គាហ្សាកាលពីថ្ងៃសៅរ៍នេះ ដែលបណ្តាលឱ្យមានមនុស្សស្លាប់យ៉ាងហោចណាស់២២នាក់ និងរបួសរាប់សិបនាក់ នេះបើយោងតាមក្រុមការពារជនស៊ីវិលនៅហ្គាហ្សា។ អ្នកស្រុកក្នុងតំបន់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការវាយប្រហារភ្លាមៗនិងដ៏ខ្លាំងក្លាមួយ ដោយពួកគេបញ្ជាក់ថាវាដូចជាលឿនពេកហើយ អ្វីៗគ្រប់យ៉ាងនៅជុំវិញខ្លួនគឺជាគ្រាប់ដែលហោះហើរពាសពេញផ្ទៃអាកាស។ យើងមិនអាចយល់នូវបញ្ហាទាំងនោះបានទេ។ អ្នកខ្លះបញ្ជាក់ថា៖ ពួកគេភ័យខ្លាចខ្លាំងណាស់ចំពោះសុវត្ថិភាពកូនៗរបស់ពួកគេ គឺវាហួសពីការស្មានរបស់ពួកយើង ដោយសារតាមផ្លូវថ្នល់នានាពោរពេញទៅដោយស្ត្រី កុមារ និងយុវជនវ័យក្មេង។ ការវាយប្រហារបានកើតឡើងភ្លាមៗមកលើជម្រករបស់យើង យើងបានឃើញមនុស្សស្លាប់នៅនឹងមុខយើង និងមានអ្នកផ្សេងទៀតរងរបួសរាប់សិបនាក់។ យោងតាមលោក Mahmoud Bassal ជាអ្នកនាំពាក្យក្រុមការពារជនស៊ីវិលរបស់ហ្គាហ្សាបានឲ្យដឹងថា៖ អ្នកដែលស្លាប់ដោយការវាយប្រហារនោះរួមមានមេបញ្ជាការម្នាក់មកពីកងពលតូច al-Qassam ដែលជាក្រុមប្រដាប់អាវុធរបស់ក្រុមហាម៉ាស។ បន្តមកក្រុមហាម៉ាសដែលនិយាយក្នុងលក្ខខណ្ឌអានាមិកបានបន្ថែមថា៖ សកម្មភាពនេះគឺមិនមានការជូនដំណឹងដល់អ្នកសម្របសម្រួលក្នុងតំបន់ជាមុននោះទេ ទោះបីជាក្រុមហាម៉ាស និងក្រុមប៉ាឡេស្ទីនដទៃទៀតប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងបទឈប់បាញ់ក៏ដោយ។ ប្រភពខ្លះបន្ថែមថា ក្រុមហាម៉ាសបានជំរុញឱ្យអ្នកសម្របសម្រួល «ធ្វើអន្តរាគមន៍ជាបន្ទាន់ដើម្បីការពារនូវកិច្ចព្រមព្រៀងបទឈប់បាញ់ឲ្យបានរឹងមាំ និង មិនផុយស្រួយដូចដែលអ៊ីស្រាអែលកំពុងស្វែងរក ដោយសង្កត់ធ្ងន់ថា៖ សកម្មភាពពិត និងក្រុមផ្សេងទៀតនៅតែប្តេជ្ញាចិត្តចំពោះបទឈប់បាញ់ដដែល ទោះបីជាមានហេតុការណ៍ផ្សេងៗកើនកម្តៅក៏ដោយ៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ