មនុស្ស២នាក់បានស្លាប់ និង១៩នាក់បានរងរបួសក្នុងហេតុការណ៍ កប៉ាល់កងទ័ពជើងទឹកម៉ិកស៊ិកជ្រុលទៅបុកស្ពាននៅទីក្រុង New York

អភិបាលក្រុងញូវយ៉ក លោក Eric Adams បាននិយាយថាកប៉ាល់ច្នៃមានក្តោងដូចសំពៅបុរាណដ៏ធំមួយរបស់កងទ័ពជើងទឹកម៉ិកស៊ិកដែលបានមកធ្វើទស្សនកិច្ចនៅទីក្រុងញូវយ៉ក បានជ្រុលទៅបុកស្ពាន Brooklyn បណ្តាលឲ្យមនុស្ស២នាក់ និងរបួស១៩នាក់ទៀត ដែលនេះគឺជាការបញ្ជាក់របស់លោកអភិបាលក្រុងញូវយ៉ក Eric Adams ។ លោក Adams បាននិយាយថា កប៉ាល់ដែលបង្ករគ្រោះថ្នាក់នេះគឺជាកប៉ាល់ទ័ពជើងទឹកម៉ិកស៊ិកមានឈ្មោះថា Cuauhtemoc ដែលផ្ទុកមនុស្ស២៧៧នាក់ ដែលក្នុងនោះមាន៤នាក់បានរងរបួសក្នុងស្ថានភាពធ្ងន់ធ្ងរ។ លោក Adams បានសន្មត់ថាការប៉ះទង្គិចគ្នានេះថា ដោយសារគ្រោះមហន្តរាយផ្នែកមេកានិច។ លោកបាននិយាយថា “អ្នកបើកបរកប៉ាល់នេះបានបាត់បង់ជំហរនៃថាមពលរបស់កប៉ាល់ ដែលបានចាកចេញពី Pier 17 នៅក្បែរនោះ ត្រឹមតែបន្តិចប៉ុណ្ណោះ។ មន្ត្រីប៉ូលិសម្នាក់បាននិយាយថា អ្នករងរបួសទាំងអស់នៅលើតួរកប៉ាល់ ហើយក៏គ្មាននរណាម្នាក់គ្រោះថ្នាក់ធ្លាក់ចូលក្នុងទឹកនោះឡើយ ។ កប៉ាល់នេះគ្រោងនឹងត្រឡប់ទៅកាន់ទីក្រុងញូវយ៉កវិញក្នុងខែកក្កដា ឆ្នាំ២០២៦ ដើម្បីប្រារព្ធគម្រប់ខួប ២៥០ឆ្នាំរបស់អាមេរិក នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ។ បន្ទាប់ពីការប៉ះទង្គិចគ្នា នាយកដ្ឋានប៉ូលីសទីក្រុងញូវយ៉កបានព្រមាននៅលើវេទិកាសង្គម X របស់ខ្លួនថា៖ ប្រជាជនគួរតែជៀសវាងធ្វើដំណើរទេសចរណ៍ជុំវិញតំបន់ស្ពាន Brooklyn នេះដោយសារតែការស៊ើបអង្កេតកំពុងបន្តនៅឡើយ កកស្ទះចរាចរណ៍ខ្លាំង និងត្រូវការ ការងារឆ្លើយតបបន្ទាន់នានាដែរ ដោយជាលទ្ធផលផ្លូវទាំងអស់នៃស្ពាន Brooklyn នៅពេលនេះត្រូវបានបិទទាំងសងខាងថែមទៀតផង៕
សម្រួលអត្ថបទ៖ សុផារិន្ទ