មនុស្ស១២នាក់ស្លាប់និងរាប់សិបបាត់ខ្លួន! បន្ទាប់ពីទូក២គ្រឿង បុកគ្នាក្រឡាប់និងស្របពេលដែលមាន ហេតុការណ៍បាក់ស្រុត ច្រាំងទន្លេក្នុងតំបន់ព្រៃអាម៉ាហ្សូននៅប៉េរូ
យ៉ាងហោចណាស់មនុស្ស១២នាក់បានស្លាប់ បន្ទាប់ពីទូកដឹកជញ្ជូនអ្នកដំណើរ២គ្រឿងដែលធ្វើដំណើរតាមដងទន្លេជ្រុលទៅបុកគ្នានិងក្រឡាប់ ស្របពេលដែលមានដីច្រាំងទន្លេបាក់ស្រុតចូលទឹកទន្លេ ដោយបណ្តាលឱ្យមានរលកទឹកខ្ជោរឡើងខ្លាំង ហើយវាក៏ជាផ្នែកមួយនៃតំបន់ព្រៃអាម៉ាហ្សូនក្នុងប្រទេសប៉េរូដែរ នេះបើយោងតាមអាជ្ញាធរដែនដីប៉េរ៉ូ។ គ្រោះថ្នាក់នេះបានកើតឡើងនៅលើដងទន្លេ Ucayali នាព្រឹកព្រលឹមថ្ងៃនេះ ស្ថិតនៅក្បែរកំពង់ផែ Iparia ដែលមានចម្ងាយត្រូវធ្វើដំណើរជាងមួយថ្ងៃពីរដ្ឋធានីមកកាន់ដងទន្លេ Ucayali នេះ។ យោងតាមមជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់ការពារជនស៊ីវិលជាតិ (COEN) បានបន្ថែមថា៖ ហេតុការណ៍នេះត្រូវគេសន្មត់ថាជាលទ្ធផលនៃការហូរច្រោះដីច្រាំងទន្លេ Ucayali ដែលធ្លាប់ត្រូវបានគេស្នើសុំការគាំទ្រពីកងទ័ពជើងទឹកកន្លងមកដែរ។ ប្រព័ន្ធថែទាំសង្គ្រោះបន្ទាន់ចល័ត ដែលជាសេវាសាធារណៈសម្រាប់គ្រាអាសន្ន និង មានផ្នែកវេជ្ជសាស្ត្រដែរ បានប្រាប់អ្នកយកព័ត៌មានថារយៈតាមទូរស័ព្ទថា៖ មានមនុស្ស១២នាក់បានស្លាប់ ប៉ុន្តែចំនួនមនុស្សបាត់ខ្លួនមិនទាន់ដឹងនៅឡើយទេ។ អ្នកដំណើរចំនួន២០នាក់ផ្សេងទៀតត្រូវបានគេបញ្ជូនយកទៅព្យាបាល បន្ទាប់ពីជួយសង្គ្រោះចេញពីទឹក។ តាមរយៈរូបភាពវីដេអូដែលចាក់ផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានបង្ហាញថាមានស្ត្រីម្នាក់បានកាន់ដៃកុមារ រត់ និងយំតាមច្រាំងទន្លេ Ucayali ខណៈមនុស្សកំពុងព្យាយាមផ្តល់ជំនួយដំបូងដល់ជនរងគ្រោះ អំឡុងពេលទូកលិចក្រឡាប់ និងមានអ្នករស់រានមានជីវិតផ្សេងទៀតបានព្យាយាមជួយខ្លួនឯងចេញពីទឹកផងដែរ។ សូមរំលឹកថានេះមិនមែនជាគ្រោះថ្នាក់តាមដងទន្លេតែមួយលើកនោះទេក្នុងឆ្នាំ២០២៥នៅប៉េរ៉ូ។ កាលពីខែឧសភាក៏មានការប៉ះទង្គិចគ្នារវាងនាវាកងទ័ពជើងទឹកប៉េរូ និងនាវាដឹកប្រេងជាកម្មសិទ្ធិរបស់ក្រុមហ៊ុនប្រេងអង់គ្លេស-បារាំង Perenco នៅលើទន្លេអាម៉ាហ្សូននេះដែរ បណ្តាលឱ្យនាវិក២នាក់ស្លាប់ និងម្នាក់បាត់ខ្លួន។ ហើយកាលពីខែកញ្ញា ឆ្នាំ ២០២៤ គ្រោះថ្នាក់មួយទៀតបានកើតឡើងនៅលើទន្លេ Ucayali នេះដដែល បន្ទាប់ពីទូកមួយបានបុកជាមួយកំណាត់ឈើលិចទឹក បណ្តាលឱ្យមនុស្ស៦នាក់ស្លាប់ និងជាង៨០នាក់ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា៕
សម្រួលអត្ថបទ៖ សុផារិន្ទ



