មនុស្សស្លាប់កើនឡើងដល់១៨៨នាក់នៅប្រទេសហ្វីលីពីនដោយសារឥទ្ធិពលព្យុះ Kalmaegi ដែលជាព្យុះទី២០ហើយ ដែលបានបោកបក់លើប្រទេសនេះក្នុងឆ្នាំ២០២៥

ក្រុមប្រឹក្សាកាត់បន្ថយ និងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយជាតិហ្វីលីពីនបាននិយាយនៅថ្ងៃសុក្រនេះថា ចំនួនមនុស្សស្លាប់ដោយសារព្យុះទីហ្វុង Kalmaegi (កាល់ម៉ាហ្គី)ដែលបានវាយប្រហារប្រទេសហ្វីលីពីនចាប់តាំងពីថ្ងៃអាទិត្យមកបានកើនឡើងដល់១៨៨ នាក់ហើយ ដោយនៅមានមនុស្សបាត់ខ្លួន១៣៥នាក់ទៀតដែរ។ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Romualdez Marcos បានប្រកាសពីគ្រោះមហន្តរាយថ្នាក់ជាតិនេះដោយសារតែវាបានបំផ្លិចបំផ្លាញទ្រង់ទ្រាយធំមកលើប្រជាជនក្នុងប្រទេស និងប្រកាសដើម្បីត្រៀមខ្លួនសម្រាប់ទប់ទល់នឹងផលប៉ះពាល់នៃព្យុះទីហ្វុងដ៏ខ្លាំងមួយនេះដែរ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ ព្យុះទីហ្វុងកាល់ម៉ាហ្គីបានបោកបក់ចូលប្រទេសហ្វីលីពីនកាលពីថ្ងៃអង្គារ ដោយបង្កឱ្យមានទឹកជំនន់យ៉ាងខ្លាំង ពន្លិចផ្ទះសម្បែងប្រជាពលរដ្ឋរហូតដល់ដំបូល បោកបក់កួចយករថយន្តរាប់សិបគ្រឿង និងបានធ្វើឱ្យអ្នកភូមិរាប់ពាន់នាក់ត្រូវផ្លាស់ទីលំនៅភ្លាមៗ។ គិតត្រឹមម៉ោង ០៦:០០ ព្រឹកថ្ងៃសុក្រនេះ នៅតែមានភ្លៀងធ្លាក់ខ្លាំង បណ្តាលមកពីឥទ្ធិពលនៃព្យុះទីហ្វុង Kalmaegi បានបង្កឱ្យមានទឹកជំនន់យ៉ាងសម្បើមនៅក្នុងតំបន់ចំនួន ១២៣ទូទាំងប្រទេសហ្វីលីពីន បំផ្លាញខ្នងផ្ទះជាង ៩.៥០០ខ្នង និងទីកន្លែងសាធារណៈចំនួន៨១ រួមទាំងមន្ទីរពេទ្យ និងសាលារៀនដែរ។ ការផ្គត់ផ្គង់ថាមពលត្រូវបានរំខាននៅក្នុងក្រុងចំនួន១៦២ ខណៈដែលការទំនាក់ទំនងត្រូវបានរងផលប៉ះពាល់នៅក្នុងក្រុងចំនួន២២។ កំហាតបង់ផ្នែកកសិកម្មកើនលើសពី១០លានប៉េសូ ស្មើនឹងប្រហែលជា ១៦៩,៤៤៨ ដុល្លារអាមេរិក។ សូមបញ្ជាក់ថាព្យុះ Kalmaegi គឺជាព្យុះទី ២០ ដែលបានវាយប្រហារទឹកដីដែនប្រជុំកោះហ្វីលីពីននៅក្នុងឆ្នាំ២០២៥នេះ ខណៈអ្នកវិទ្យាសាស្រ្តតែងតែនិយាយថាប្រទេសហ្វីលីពីនជារឿយៗ និង ពីមួយឆ្នាំទៅមួយឆ្នាំគឺមានព្យុះបោកបក់លើសពី២០ព្យុះឯណោះ៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ