មនុស្សរាប់ពាន់នាក់ប្រមូលផ្តុំគ្នាតវ៉ាជាថ្មីក្នុងប្រទេសនេប៉ាល់ ដើម្បីស្វែងរកការស្ដារឡើងវិញនូវរបបរាជានិយម មុនការបោះឆ្នោតថ្មីក្នុងខែមីនាមកដល់

អ្នកគាំទ្រខ្សែរាជវង្សដែលត្រូវបានទម្លាក់ចេញពីតំណែងក្នុងប្រទេសនេប៉ាល់ បានប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានីកាលពីថ្ងៃអាទិត្យនេះ ដោយទាមទារឱ្យមានការស្ដារឡើងវិញនូវរបបរាជានិយម មុនការបោះឆ្នោតនាខែមីនាខាងមុខ។ នេះគឺជាការជួបជុំលើកដំបូងដោយអ្នកគាំទ្រព្រះមហាក្សត្រ Gyanendra ដែលត្រូវបានបណ្តេញចេញ ចាប់តាំងពីមានរលកសកម្មភាពតវ៉ាដោយហិង្សា និងដោយយុវជនជំនាន់ថ្មី Gen Z ដែលមិនពេញចិត្តរដ្ឋាភិបាលកាលពីខែកញ្ញា និងបានតែងតាំងរដ្ឋាភិបាលបណ្តោះអាសន្នមួយ ដែលកំណត់ការបោះឆ្នោតសភាថ្មីនៅក្នុងខែមីនាដែរ។ អ្នកចូលរួមតវ៉ាបានជួបជុំគ្នានិងស្រែកហ៊ោជុំវិញរូបសំណាករបស់ព្រះមហាក្សត្រ Prithvi Narayan Shah ដែលជាក្សត្រធ្លាប់បានសោយរាជ្យក្នុងត្រកូលរាជវង្ស Shah ក្នុងសតវត្សរ៍ទី១៨យ៉ាងដូច្នេះថា៖ យើងស្រឡាញ់ព្រះមហាក្សត្ររបស់យើង សូមនាំអំណាចរបស់ទ្រង់មកវិញ។ ព្រះមហាក្សត្រ Shah ចុងក្រោយមានព្រះនាម Gyanendra ធ្លាប់ត្រូវបានគេបង្ខំឱ្យចុះចេញពីតំណែង ហើយរបបរាជានិយមត្រូវបានលុបចោលនៅឆ្នាំ ២០០៨នោះដែរ ដែលធ្វើឱ្យប្រទេសនេប៉ាល់ក្លាយជាប្រទេសសាធារណរដ្ឋ។ ជម្រើសចុងក្រោយ និងតែមួយគត់សម្រាប់ប្រទេសនេះគឺមានព្រះមហាក្សត្រ និងរបបរាជានិយមតែប៉ុណ្ណោះ នេះជាអ្វីដែលអ្នកតវ៉ាឈ្មោះ Samrat Thapa បាននិយាយ។ នៅក្នុងបរិបទបច្ចុប្បន្ន និងផ្លូវដែលប្រទេសនេះបានកំពុងធ្វើដំណើរបន្ទាប់ពីចលនា Gen Z ត្រូវការស្ដារឡើងវិញនូវរបបរាជានិយម ដើម្បីគ្រប់គ្រងស្ថានការណ៍៕

សម្រួលអត្ថបទ៖ សុផារិន្ទ