មនុស្សរាប់ពាន់នាក់បានមកប្រមូលផ្តុំគ្នានៅលើឆ្នេរ Rio ក្លាយជាវប្បធម៌ទៅហើយ ដើម្បីថ្វាយបង្គំដល់ទេពធីតាសមុទ្រ ដ៏ស័ក្កសិទ្ធិរបស់ពួកគេដែលមានឈ្មោះថា Yemanjá
អ្នកកាន់សាសនារាប់ពាន់នាក់ដែលស្លៀកពាក់ជាអាវពណ៌សបានប្រមូលផ្តុំគ្នានៅលើឆ្នេរ Rio de Janeiro កាលពីថ្ងៃចន្ទនេះ ដើម្បីគោរពបូរជាដល់ព្រះជាម្ចាស់របស់ពួកគេដែលមានឈ្មោះថា Yemanjá ដែលជាទេពធីតាសមុទ្រអាហ្វ្រូ-ប្រេស៊ីល។ អ្នកកាន់សាសនាទាំងនឡបានដើរចូលទៅក្នុងសមុទ្រដោយមានបន្លឹសំឡេងស្គរ និងការទះដៃយ៉ាងសប្បាយរីករាយ ហើយបានថ្វាយភួងផ្កាចម្រុះពណ៌ដល់ទេពធីតាអង្គនេះ ដែលត្រូវបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំនាថ្ងៃទី២ នៃខែកុម្ភៈ។ លោក Anielle Franco ជារដ្ឋមន្ត្រីក្រសួងសមភាពពូជសាសន៍របស់ប្រេស៊ីលបានមានប្រសាសន៍ថា “ពិធីនេះវាបានក្លាយជាថ្ងៃដែលកូនប្រុសស្រីរបស់ទេពធីតា Yemanjá មកកាន់ទីនេះ ធ្វើការស្នើសុំ ផ្តល់តង្វាយរបស់ពួកគេទៅហើយ ប៉ុន្តែលើសពីនេះទៅទៀត ពួកគេបានដាក់ជំនឿលើអ្វីដែលពួកគេកំពុងស្នើសុំ និងត្រូវការពិតប្រាកដដែរ។ Yemanjá គឺជាឥស្សរជនសំខាន់ម្នាក់នៅក្នុងសាសនាអាហ្វ្រូ-ប្រេស៊ីល Candomblé និង Umbanda ដែលត្រូវបានគោរពបូជាថាជាទេពធីតានៃផ្ទៃសមុទ្រ ភាពជាម្តាយ និងបន់ស្រន់ឲ្យមានកូនជាដើម។ អ្នកកាន់សាសនាទាំងអស់គោរពនាងខ្លាំងណាស់ ជាមួយនឹងដង្វាយ និងមានពិធីសាសនា ផ្សេងៗ ដើម្បីសុំសេចក្តីសុខ ការពារ និងពរជ័យជាដើម។ អ្នកមានជំនឿម្នាក់ដែលមានឈ្មោះថា Lisa Vasques បានឲ្យដឹងថា «ខ្ញុំជាមនុស្សដែលមានកតញ្ញូតាធម៌ខ្លាំងណាស់ចំពោះទេពធីតារូបនេះ។ ខ្ញុំជាអ្នកជំងឺមហារីក។ ខ្ញុំមានជំងឺមហារីកសុដន់ ហើយខ្ញុំបានទទួលការព្យាបាលអស់រយៈពេល៥ឆ្នាំមកហើយ ការព្យាបាលគឺស្ថិតក្នុងសភាពធ្ងន់ធ្ងរ ហើយជារៀងរាល់ឆ្នាំខ្ញុំមកទីនេះដើម្បីថ្លែងអំណរគុណដល់ទេពធីតាអង្គនេះ ហើយជារៀងរាល់ឆ្នាំខ្ញុំមកទីនេះដើម្បីសុំកម្លាំងចិត្តបន្តទៀតដែរ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



