មនុស្សរាប់ពាន់នាក់ចូលក្នុងពិធីបើកជាផ្លូវការនៃថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ក្នុងទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន ដែលបានបង្កើតជាសហគមន៍ចិនតាំងពីឆ្នាំ១៩៧០មក
ជនជាតិអាហ្សង់ទីនរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅសង្កាត់ចិនក្នុងទីក្រុង Buenos Aires (ប៊ុយណូស៊ែរ) ប្រទេសអាហ្សង់ទីន ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដែលបានចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០២៦នេះ ហើយនឹងបន្តពេញ១ឆ្នាំ រហូតដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០២៧។ វដ្តនៃប្រតិទិនច័ន្ទគិតិថ្មីត្រូវបានផ្សារភ្ជាប់ជាមួយនឹងសត្វសេះភ្លើង ដែលជាសញ្ញាទី៧នៃរាសីចក្ររបស់ជាតិចិន។ មិនដូចរាសីចក្រលោកខាងលិចទេ សញ្ញារាសីចក្រចិនត្រូវបានកំណត់ដោយឆ្នាំកំណើត ហើយធ្វើម្តងទៀតរៀងរាល់១២ឆ្នាំម្តង។ ពិធីបុណ្យចូលឆ្នាំថ្មីនៅក្នុងរដ្ឋធានីអាហ្សង់ទីននឹងប្រព្រឹត្តទៅក្នុងរយៈពេលជាច្រើនថ្ងៃ ដោយមានសកម្មភាពវប្បធម៌ សម្តែងសិល្បៈ និងតាំងម្ហូបអាហារប្រពៃណីចិនដោយឥតគិតថ្លៃ។ ហើយការប្រារព្ធពិធីបានបើកជាមួយនឹងរបាំសត្វនាគ និងសត្វតោនៅលើឆាកដ៏សំខាន់ រួមជាមួយនឹងការបង្ហាញក្បាច់គុនបុរាណ តន្ត្រីប្រពៃណី និងសហសម័យ និងមានទាំងការសម្តែងផ្ទាល់ លាយបញ្ជូលគ្នានឹងការសម្តែងរបស់ប្រពៃណីអាហ្សង់ទីនផងដែរ។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយសមាគមសង្កាត់ចិន Buenos Aires និងសហព័ន្ធបង្រួបបង្រួមចិននៅអាហ្សង់ទីនតែម្តង ដោយមានការគាំទ្រពីស្ថានទូតចិន និងរដ្ឋបាលក្រុង Buenos Aires។ អ្នករៀបចំកម្មវិធីរំពឹងថានឹងមានការចូលរួមពីក្រុមអាជីវកម្ម ស្ថាប័ន និងអង្គការសហគមន៍ចំនួន ២៨៨ ដែលមានទំនាក់ទំនងជាមួយសហគមន៍ចិននៅក្នុងប្រទេស។ សហគមន៍ចិនរបស់ប្រទេសអាហ្សង់ទីនបានវិវឌ្ឍន៍ជាដំណាក់កាលធំៗចំនួនពីរគឺ គ្រួសារតៃវ៉ាន់ដែលបានតាំងទីលំនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ និងបានជួយបង្កើតសង្កាត់ចិនមួយទៀតដែលមានឈ្មោះថា Belgrano បន្ទាប់មកគឺការធ្វើចំណាកស្រុកកាន់តែច្រើនឡើងមកពីខេត្ត Fujian របស់ប្រទេសចិនក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ដែលបានផ្លាស់ប្តូររូបរាងនៃវិស័យលក់រាយក្នុងសង្កាត់នោះក្នុងប្រទេសផងដែរ។ បច្ចុប្បន្ននេះមានប្រជាជនចិនជាង ១៨ម៉ឺននាក់រស់នៅក្នុងសហគមន៍នេះ ដែលវាគឺជាសហគមន៍អន្តោប្រវេសន៍ដ៏ស្វាហាប់បំផុតមួយរបស់ប្រទេសអាហ្សង់ទីន ដែលត្រូវបានកំណត់សម្រាប់ការធ្វើសមាហរណកម្មសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងបន្តមកយុវជនជំនាន់ក្រោយដែលពង្រីកខ្លួនឯង ហួសពីអាជីវកម្មគ្រួសារបែបប្រពៃណីរបស់ពួកគេទៅទៀត៕
សម្រួលអត្ថបទ៖ សុផារិន្ទ



