មនី្ទរពេទ្យព្រះអង្គឌួង ដឹកនាំគ្រូពេទ្យចុះពិនិត្យភ្នែក ផ្តល់វ៉ែនតា និងវះកាត់ ដោយឥតគិតថ្លៃ ជូនពលរដ្ឋខេត្តកំពត
នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦នេះ ក្រុមការងារគ្រូពេទ្យផ្នែកចក្ខុរោគ របស់មនី្ទរពេទ្យព្រះអង្គឌួង នៃក្រសួងសុខាភិបាល បានចុះពិនិត្យសុខភាពភ្នែក ផ្តល់វ៉ែនតា និងវះកាត់ ដោយឥតគិតថ្លៃ ជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពត ស្ថិតក្នុងបរិវេណអគារភ្នែកកំពត នៃមន្ទីរពេទ្យបង្អែកខេត្តកំពត។
លោកស្រីសាស្រ្តាចារ្យជំនួយ ជុកម៉ុល កុសុម៉ា នាយិការង តំណាងឯកឧត្តមសាស្ត្រាចារ្យ រង លូ លីឃាង ទីប្រឹក្សាក្រសួងសុខាភិបាល និងជានាយកមន្ទីរពេទ្យព្រះអង្គឌួង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពត ដែលបានសហការយ៉ាងជិតស្និទ្ធក្នុងការរៀបចំកម្មវិធីដ៏មានអត្ថន័យនេះ ក៏សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះអង្គការ One Sight Essilor Luxottica Foundation, Bloomberg (ប៊្លូមប៊ឺក) និងមូលនិធិ Fred Hollows Foundation Cambodia ដែលបានផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងថវិកា ដើម្បីធ្វើឱ្យកម្មវិធីនេះអាចប្រព្រឹត្តទៅបានដោយជោគជ័យ។ ការថែទាំសុខភាពភ្នែក គឺជាផ្នែកសំខាន់មួយនៃសុខភាពសាធារណៈ ព្រោះការមានភ្នែក ដែលមានសុខភាពល្អ អាចជួយឱ្យប្រជាពលរដ្ឋរស់នៅបានប្រកបដោយគុណភាព បង្កើនផលិតភាពក្នុងជីវភាពរស់នៅ និងការងារប្រចាំថ្ងៃ។
ចំណែកលោកស្រី វេជ្ជបណ្ឌិត យូ សុគន្ធ ប្រធានមនី្ទរសុខាភិបាល ខេត្តកំពត រួមនិងបងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូបង្រៀន ដែលរស់នៅក្នុងខេត្តកំពត អញ្ជើញមកទទួលសេវាថែទាំសុខភាពភ្នែក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងមានជំនឿទុកចិត្តលើក្រុមគ្រូពេទ្យឯកទេសផ្នែកចក្ខុរោគ នៃមនី្ទរពេទ្យព្រះអង្គឌួង និងពេញចិត្តជាខ្លាំងលើគុណភាពសេវា ពិនិត្យសុខភាពភ្នែក ផ្តល់វ៉ែនតា និងវះកាត់ដោយឥតគិតថ្លៃ ដែលធ្វើឲ្យពួកគាត់មានសុខភាពកាន់តែល្អប្រសើរ។
លោក បាក់ តូក្យូ នាយកអង្គការ Fred Hollows Foundation Cambodia បានបញ្ជាក់ថា មូលនិធិ Fred Hollows គឺជាអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិដែលយើងមានមូលដ្ឋាននៅក្នុងប្រទេសអូស្រ្តាលី ហើយអង្គការបានធ្វើប្រតិបតិ្តការក្នុងប្រទេសកម្ពុជា មានរយៈពេលជិត២០ឆ្នាំមកហើយ ក្នុងការជួយពិនិត្យ ព្យាបាល និងចូលរួមបណ្តុះបណ្តាលធនធានមនុស្សផ្នែកសុខភាពភ្នែក ជួយកសាងហេដ្ឋារចនាសម្ព័ន្ធ អគារចក្ខុរោគ និងផ្តល់ឧបករណ៍សម្ភារបរិក្ខារបច្ចេកទេសភ្នែក ក្នុងការពិនិត្យ ព្យាបាលជូនប្រជាពលរដ្ឋស្ទើរតែទូទាំងប្រទេស។ ដូច្នេះក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានបញ្ហាភ្នែក (ឈឺភ្នែក) សូមបងប្អូនប្រជាពលរដ្ឋ កុំជឿការផ្សព្វផ្សាយតាមបណ្តាញសង្គម Facebook ឬក៏TikTok ដែលមិនមានប្រភពច្បាស់លាស់។ ដូចនេះសូមបងប្អូនទៅជួបជាមួយក្រុមគ្រូពេទ្យដែលមានជំនាញឯកទេស។ ជាមួយគ្នានេះ ប្រសិនបើបងប្អូន មានប័ណ្ណមូលនិធិសមធម៌ ប័ណ្ណប.ស.ស. មានលទ្ធភាព ឬមិនមានលទ្ធភាពក្តី សូមមេត្តាទៅឲ្យដល់ជួបជាមួយក្រុមគ្រូពេទ្យជំនាញ ឬក៏ទៅដល់មនី្ទរពេទ្យ ដើម្បីយើងធ្វើការពិនិត្យ ព្យាបាលជំងឺភ្នែករបស់យើងក្នុងមនី្ទរពេទ្យបង្អែកស្រីសន្ធរ ឬក៏ទៅមនី្ទរពេទ្យព្រះអង្គឌួង ថ្នាក់ជាតិក៏បាន៕



