មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៊ីប្រចាំទីក្រុងភ្នំពេញ បានរៀបចំពិធី រាត្រីចម្រៀងមនោសញ្ចេតនា ដើម្បីឧទ្ទិសដល់ខួប១១០ឆ្នាំ នៃកំណើតរបស់អ្នកនិពន្ធភ្លេងជនជាតិរុស្សីដ៏ល្បីឈ្មោះប្រចាំប្រទេសរុស្សី

កាលពីយប់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥នេះ មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៊ីប្រចាំទីក្រុងភ្នំពេញ បានរៀបចំនូវពិធី រាត្រីចម្រៀងមនោសញ្ចេតនា ដើម្បីឧទ្ទិសដល់ខួប១១០ឆ្នាំ នៃកំណើតរបស់អ្នក និពន្ធភ្លេងជនជាតិរុស្សីដ៏អស្ចារ្យគឺលោក Georgy Sviridov (ហ្កេអូស្គី ស្វីរីដូហ្វ)។ លោក Georgy Sviridov គឺជាអ្នកនិពន្ធតន្ត្រី នឹងភ្លេងសំខាន់មួយរូបរបស់សហភាពស្ងវៀត។ គាត់បានកើតនៅទីក្រុង Fatezh (ហ្វាតេស) នៃតំបន់ Kursk (តួក) ប្រទេសរុស្ស៊ី។ ក្រោយពេលឪពុករបស់លោកទទួល មរណៈភាព កាត់បានសិក្សាមុខវិជ្ជាតន្ត្រីក្រុងទីក្រុង Kursk និងបន្តសិក្សាថ្នាក់ខ្ពស់បន្តនៅទីក្រុង Leningrad (លេនីនក្រាដ) ក្រោមការណែនាំរបស់អ្នកនិពន្ធតន្ត្រី Dmitri Shostakovich (ឌ្មីទ្រី សូស្តាកូវីក) ។
ស្នាដៃរបស់គាត់ពិតជាមានឥទ្ធិពលខ្លាំងក្នុងតន្ត្រីប្រពៃណីរុស្សី ស្នាដៃដ៏ល្បីៗរបស់កាត់រួមមាន The Snowstorm, Pathetic Oratorio Poem in Memory of Yesenin។
លោក Georgy Sviridov (ហ្កេអូស្គី ស្វីរីដូហ្វ) បានទទួលជំនឿទុកចិត្តយ៉ាងខ្លាំងពីរដ្ឋាភិបាលសូវៀត ដោយទទួលបានពានរង្វាន់កិត្តិយសជាច្រើន និងបានទទួលឋានៈជាសិល្បៈករប្រជាជនសហភាពសូវៀត។ គាត់បានទទួលមរណៈភាពក្នុងឆ្នាំ ១៩៩៨ ហើយត្រូវបានចងចាំថាជាអ្នកនិពន្ធតន្ត្រីដែលបានចងភ្ជាប់អារម្មណ៍ជាតិសាសន៍ជាមួយសិល្បៈសង្គមយ៉ាងជ្រាលជ្រៅ។
សម្រាប់មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៊ី នេះជាលើកទី៥ហើយ ដែលកម្មវិធីរាត្រីចម្រៀងមនោសញ្ចេតនា ត្រូវបានប្រារព្ធធ្វើឡើងឧទ្ទិសដល់អ្នកនិពន្ធ ឬកវីល្បីៗរបស់រុស្ស៊ី។
ក្នុងកម្មវិធីនេះ មានការអានកំណាព្យ ច្រៀងចំរៀងមនោសញ្ចេតនា និងអូប៉េរ៉ា ដោយសិល្បករអាជីព និងស្ម័គ្រចិត្ត ដែលជាជនជាតិរុស្ស៊ី ខ្មែរ អង់គ្លេស កាហ្សាស្តង់ ចូលរួមផងដែរ។ កម្មវិធីបែបនេះ រៀបចំឡើងដើម្បីជួបជុំគ្នាស្តាប់នូវចម្រៀងរ៉ូម៉ែនទីកពិរោះៗ និងបញ្ចេញសមត្ថភាពរបស់ខ្លួនបែបលក្ខណៈស្ម័គ្រចិត្តនៅលើឆាក ដើម្បីបន្ធូរបន្ថយភាពតាងតឹង ហើយមួយវិញទៀតបង្ហាញអំពីប្រវត្តិសាស្រ្ត វប្បធម៌ ការរក្សាទំនៀមទំលាប់ប្រពៃណីរបស់រុស្ស៊ីក្នុងការពិសាតែជាមួយនំដុតស្នូលដំណាប់ ផ្លែឈើ បង្ហាញនូវភាពស្និតស្នាល សាមគ្គីភាព និងក្ដីនឹករលឹក។
សូមបញ្ជាក់ផងដែរថា ដោយឡែក អាហារូបករណ៍លើវិស័យសិល្បៈ តន្ត្រី ភាពយន្ត រដ្ឋាភិបាលសហព័ន្ធរុស្ស៊ីបានផ្ដល់ដល់និស្សិតកម្ពុជាជារាងរាល់ឆ្នាំ។ សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ រុស្ស៊ីគ្រោងនឹងផ្ដល់អាហារូបករណ៍រដ្ឋាភិបាលសហព័ន្ធរុស្ស៊ី ចំនួន៤០កន្លែង លើមុខជំនាញជាង៥០០មុខ ដូចជា វិស័យវិជ្ជសាស្ត្រ ថាមពលនុយក្លេអ៊ែរស៊ីវិល ព័ត៌មានវិទ្យា វិទ្យាសាស្ត្រនយោបាយ សេដ្ឋកិច្ចបច្ចេកវិទ្យាគីមី សំណង់ស៊ីវិល។ល។