មជ្ឈមណ្ឌលវប្បធម៌ អប់រំ និងកីឡា អាស៊ាន-ចិន កម្ពុជា និងវិទ្យាស្ថានខុងជឺ នៃសាកលវិទ្យាល័យជាតិបាត់ដំបង ធ្វើកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយគ្នាដើម្បីពង្រឹងការបណ្តុះបណ្តាលភាសាចិននៅកម្ពុជា។

ក្នុងស្មារតីពង្រឹងចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ រវាងកម្ពុជា និងចិន នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ មានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្ត្រ និងសម្ពោធមជ្ឈមណ្ឌលបណ្តុះ
បណ្តាលអក្សរសាស្ត្រចិនអន្តរជាតិ រវាងមជ្ឈមណ្ឌលវប្បធម៌ អប់រំ និងកីឡា អាស៊ាន-ចិន កម្ពុជា ហៅកាត់ថា (CAE) និងវិទ្យាស្ថានខុងជឺ នៃសាកលវិទ្យាល័យជាតិបាត់ដំបង ដែលពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពមន្ត្រីជាន់ខ្ពស់មកពីទីស្តីការគណៈ
រដ្ឋមន្ត្រី និងមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ។
នៅក្នុងពិធីដ៏ឱឡារិកនេះ លោកបណ្ឌិត សរ រិទ្ធី ប្រធានមជ្ឈមណ្ឌលវប្បធម៌ អប់រំ និងកីឡា អាស៊ាន-ចិន កម្ពុជា បានបញ្ជាក់ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្ត្រនាពេលតែនេះគឺជាសក្ខីភាពនៃការពង្រីកវិសាលភាពអប់រំភាសាចិនឱ្យកាន់តែខិតជិតសិស្ស និស្សិតកម្ពុជា ។ កិច្ចសហប្រតិបត្តិការនេះមិនត្រឹមតែផ្ដោតលើការបង្រៀនភាសាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាស្ពានចម្លងវប្បធម៌ អប់រំនិងកីឡារវាងយុវជននៃប្រទេសទាំងពីរផងដែរ។

ទន្ទឹមនឹងនេះ លោកសាស្រ្តាចារ្យបណ្ឌិត Zhang Lin ប្រធានវិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានលើកឡើងពីសារៈសំខាន់នៃរាជធានីភ្នំពេញ ដែលជាបេះដូងនៃសេដ្ឋកិច្ច និងវប្បធម៌ ដោយវិទ្យាស្ថានបានសម្រេចបង្កើតសាខាមជ្ឈមណ្ឌលស្រាវជ្រាវ អក្សរសាស្រ្ត និងវប្បធម៌ នៅមជ្ឈមណ្ឌលវប្បធម៌ អប់រំ និងកីឡា អាស៊ាន-ចិន កម្ពុជា ដើម្បីឆ្លើយតបនឹងតម្រូវការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់សហគ្រាសវិនិយោគចិននៅកម្ពុជា។

លោកស្រី ជេត សុភ័ណ្ឌ អនុប្រធានការិយាល័យមធ្យមសិក្សានៃមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញបានលើកឡើងថា  “ភាសាចិនបានក្លាយជាភាសាដ៏សំខាន់ក្នុងតំបន់ និងពិភពលោក។ ការចាប់ដៃគ្នានាថ្ងៃនេះ នឹងផ្តល់ឱ្យសិស្សានុសិស្សនូវ
បរិយាកាសសិក្សាស្ដង់ដារអន្តរជាតិ ដែលជួយឱ្យពួកគេមានសមត្ថភាពប្រកួតប្រជែងជាសកលនាពេលអនាគត។”
ពិធីនេះបានបញ្ចប់ទៅប្រកបដោយផ្លែផ្កា និងក្តីសង្ឃឹមខ្ពស់ ក្នុងការកសាងធនធានមនុស្សដែលមានពហុជំនាញ ដើម្បីបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងពង្រឹងសាមគ្គីភាពកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំយូរអង្វែងតទៅ។