ភ្នំពេញ ៖ ត្រឹមតែរយៈពេល ៥ខែ ឆ្នាំ២០២៥ នេះ មជ្ឈមណ្ឌលជាតិផ្តល់ឈាម ទទួលបានអំណោយឈាមប្រមាណជាង ៥៥.០០០ ប្លោក មានការកើនឡើង។ នេះបើតាមករាបញ្ជាក់ពី លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម។
លោកបន្តថា រយៈពេល ៥ ខែ ឆ្នាំ ២០២៥ នេះ មជ្ឈមណ្ឌលជាតិផ្តល់ឈាម ទទួលបានអំណោយឈាមចំនួន ៥៥.៧៣៤ ប្លោក ក្នុងនោះ អ្នកបរិច្ចាគឈាមដោយស្ម័គ្រចិត្តមានចំនួន ១៤.៨៧០ ប្លោក និងអ្នកផ្តល់ឈាមជំនួសចំនួន ៤០.៨៦២ ប្លោក។
លោកវេជ្ជបណ្ឌិត បានបន្តទៀតថា ចំនួននេះ បើធៀបទៅនឹងរយៈពេល ៥ ខែ ឆ្នាំ ២០២៤ កន្លងទៅ ឃើញថា មានការកើនឡើង ដោយ ៥ ខែ ឆ្នាំ ២០២៤ មជ្ឈមណ្ឌលជាតិផ្តល់ឈាម មានចំនួន៤៧ ៩២៦ ប្លោក ក្នុងនោះ អ្នកបរិច្ចាគឈាមដោយស្ម័គ្រចិត្តមានចំនួន ១០ ១៧១ ប្លោក និងអ្នកផ្តល់ឈាមជំនួសចំនួន ៣៧ ៧៥៥ ប្លោក។
លោកវេជ្ជបណ្ឌិត បន្តទៀតថា ការទទួលបានអំណោយឈាមច្រើននេះដោយសារមានការចូលរួមការបរិច្ចាគឈាមពីសំណាក់យុវជនយ៉ាងផុលផុស ពិសេសមានការចូលរួមពីសហភាពសហព័ន្ធយុវជនកម្ពុជាគ្រប់វិស័យ យុវជនកាកបាទក្រហម យុវជនកាយរឹទ្ធិ ក្រសួងស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងសប្បុរសជននានា។
លោកវេជ្ជបណ្ឌិត បានបន្ថែមថា សន្ទុះ នៃការចូលរួមបរិច្ចាគឈាមកើនឡើងនេះបានធ្វើឱ្យមជ្ឈមណ្ឌលជាតិផ្តល់ឈាមអាចមានលទ្ធភាពស្តុកឈាមបានគ្រប់គ្រាន់ ជួយកាត់បន្ថយការបរិច្ចាគឈាមជំនួសសាច់ញាតិ និងបងប្អូនរបស់អ្នកជំងឺបានមួយកម្រិត ខណៈបច្ចុប្បន្ន ក្នុង ១ ថ្ងៃ មានតម្រូវការឈាមនៅទូទាំងប្រទេសបានកើនឡើងដល់ ៤០០ ប្លោក ក្នុងនោះ នៅរាជធានីភ្នំពេញមានតម្រូវការឈាមដល់ ៣៥០ ប្លោក និងតាមខេត្ត ៥០ ប្លោក ដោយសារនៅតាមខេត្តការវះកាត់មានតិចជាងនៅរាជធានីភ្នំពេញ ពោលគឺក្នុង ១ នាទី ត្រូវការឈាម ១ ប្លោក៕