ភ្លើងនិងផ្សែងខ្មួរខ្មាញ់នៅតែបន្តមានលើទីក្រុងលីបង់ បើទោះបីជាភាគីអ៊ីស្រាអែលនិងក្រុមហេបូឡាយល់ព្រមលើបទឈប់បាញ់គ្នាចាប់តាំងពីខែវិច្ឆិកាឆ្នាំមុនក្តី

អ៊ីស្រាអែលនៅតែបន្តបាញ់ទៅលើទីក្រុងភាគខាងត្បូងរបស់លីបង់បើទោះបីជាពួកគេបានចុះកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមកាលពីខែវិច្ឆិកាក៏ដោយ។ អ៊ីស្រាអែលបានបាញ់ផ្លោងគ្រាប់បែកជាច្រើនគ្រាប់នៅភាគខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍នេះ ដែលគ្រាប់ខ្លះបានទម្លាក់នៅឆ្ងាយពីព្រំដែន នេះបើតាមសេចក្ដីរាយការណ៍របស់សារព័ត៌មានលីបង់។ សារព័ត៌មាននេះបានលើកឡើងថាការវាយប្រហារនេះគឺមានភាពខ្លាំងក្លាជាងមុននៅតាមតំបន់មួយចំនួន ចាប់តាំងពីកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមអ៊ីស្រាអែលនិងហេសបូឡា(Hezbollah)កាលពីចុងខែវិច្ឆិកា។ គួរបញ្ជាក់ផងដែរថាកងទ័ពអ៊ីស្រាអែលបានចេញសេចក្តីព្រមានមួយមុនពេលបើកការវាយប្រហារដែលបានបំផ្លាញអគារមួយនៅក្នុងទីក្រុង Toulហើយបានចោទថា៖ អាគារនោះគឺជាមូលដ្ឋានរបស់ក្រុមភេរវកម្មហេសបូឡា(Hezbollah)។ យោងតាមរូបភាពវីដេអូក្រោយពីស្ថានភាព វាយប្រហារបានបង្ហាញឲ្យឃើញនូវអណ្ដាតភ្លើងនិងពពកផ្សែងយ៉ាងខ្មួរខ្មាញ់ចេញពីតំបន់ដែលមានអាគារជាច្រើនហើយការវាយប្រហារនៅតំបន់ផ្សេងៗទៀតត្រូវបានអនុវត្តដោយគ្មានការព្រមានទុកជាមុនឡើយ។ គួរបញ្ជាក់ផងដែរថាអ៊ីស្រាអែលបានវាយប្រហារលើប្រទេសលីបង់ស្ទើរជារៀងរាល់ថ្ងៃចាប់តាំងពីភាគីទាំងពីបានចុះកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមកាលពីខែវិច្ឆិកាមក ហើយប្រទេសលីបង់បាននិយាយថា៖ ការវាយប្រហារនេះជាការរំលោភកិច្ចព្រមព្រៀងដែលបានចុះកិច្ចសន្យាជាមួយគ្នា ខណៈដែលអ៊ីស្រាអែលអះអាងថាពួកគេគ្រាន់តែវាយប្រហារលើក្រុមហេសបូឡា(Hezbollah)ប៉ុណ្ណោះដើម្បីការពារមិនឲ្យក្រុមនេះធ្វើសម្មភាពបាញ់ទៅលើអ៊ីស្រាអែលម្ដងទៀត៕

 

 

សម្រួលអត្ថបទ៖ ឡុង បញ្ញា