ភ្លើងគុបអូឡាំពិក២០២៦បានមកដល់អាកាសយានដ្ឋាន Fiumicino ទីក្រុងរ៉ូមប្រទេសអ៊ីតាលីហើយ! ដើម្បីរត់បណ្តាក់គ្នាក្នុងខេត្តចំនួន១១០ក្នុងប្រទេស មានចំងាយសរុប១២០០០គីឡូម៉ែត្រ
ពន្លឺភ្លើងគុបអូឡាំពិកសម្រាប់ការប្រកួតកីឡារដូវរងា Milan Cortina (មីឡង់កូទីណា)បានចុះចតមកដល់នៅទីក្រុងរ៉ូមប្រទេសអ៊ីតាលីហើយនាយប់ថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅក្នុងស្រុក) បន្ទាប់ពីពិធីប្រគល់ជូនដោយប្រទេសក្រិក។ ភ្លើងគុបនេះបានដឹកជញ្ជូនតាមរយៈការផ្ទុកក្នុងចង្កៀងតូចមួយតាមជើងហោះហើរ ITA Airways រវាងរដ្ឋធានីក្រិក និងអ៊ីតាលី។ កីឡាការិនីវាយកូនបាល់ Jasmine Paolini (ចាស្មីន ប៉ៅលីនី) ដែលម្ចាស់មេដាយមាសអូឡាំពិកនិងជាប្រធានគណៈកម្មាធិការរៀបចំកីឡាក្នុងស្រុក Giovanni Malagò (ជីអូវ៉ាន់នី ម៉ាឡាហ្កូ) បានទទួលបន្ទុកកាន់ចង្កៀងភ្លើងគុបនេះចេញពីយន្តហោះដោយផ្ទាល់។ ការបញ្ជូនបន្តនូវភ្លើងគុបនេះគឺមានរយៈពេល៦៣ថ្ងៃ ដែលគ្របដណ្តប់រយៈចម្ងាយ១២០០០គីឡូម៉ែត្រ ស្មើនឹងជិត ៧៥០០ម៉ាយ ដែលវាចាប់ផ្តើមចេញដំណើរពីទីក្រុងរ៉ូមនៅថ្ងៃសៅរ៍នេះ ដោយឆ្លងកាត់ខេត្តទាំង ១១០ របស់ប្រទេសអ៊ីតាលី មុនពេលដែលវាទៅដល់ពហុកីឡដ្ឋាន San Siro ក្នុងទីក្រុងមីឡង់ ដើម្បីចូលរួមក្នុងពិធីបើកជាផ្លូវការនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦។ នេះគឺជាលើកដំបូងហើយក្នុងរយៈពេលជិត២០ឆ្នាំចាប់តាំងពីមានការប្រកួតកីឡា Turin ក្នុងឆ្នាំ ២០០៦មក ដែលប្រទេសអ៊ីតាលីបានធ្វើជាម្ចាស់ផ្ទះនៃសកម្មភាពរត់បណ្តាក់ភ្លើងគុបនោះ។ នៅថ្ងៃសុក្រនេះដែរ ភ្លើងនឹងត្រូវបានប្រើប្រាស់ដើម្បីបំភ្លឺបង្គោលភ្លើងគុបដ៏ធំនៅវិមាន Quirinale (ហ្កីរីណាឡេ) ជាកន្លែងដែលប្រធានាធិបតីអ៊ីតាលីលោក Sergio Mattarella (សឺជីអូ ម៉ាតារ៉េឡា) ស្នាក់នៅនិងមានការរំពឹងទុកថានឹងមានវត្តមានប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ Kirsty Coventry ស្នាក់នៅនឹងចូលរួមផងដែរ។ បន្ទាប់មកការបញ្ជូនបន្តគ្នានៃភ្លើងគុប ដែលមានអ្នកកាន់ភ្លើងគុបចំនួន ១០.០០១នាក់ នឹងចាប់ផ្តើមមួយថ្ងៃក្រោយពីការរៀបចំឲ្យបានរៀបរយនៅកីឡដ្ឋាន Stadio dei Marmi ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



