ភ្នំភ្លើង Semeru របស់ឥណ្ឌូណេស៊ីផ្ទុះឡើងជាថ្មីនាំឱ្យជម្លៀសមនុស្សចេញជាង៣០០នាក់!ខណៈដែលកាលពីឆ្នាំ២០២១វាបានសម្លាប់មនុស្ស៥១នាក់ និង១ម៉ឺននាក់ជម្លៀសចេញ
ភ្នំភ្លើង Semeru នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលជាភ្នំភ្លើងខ្ពស់បំផុតមួយស្ថិតនៅលើកោះ Java បានផ្ទុះឡើងកាលពីថ្ងៃពុធនេះ ដោយគ្របដណ្តប់ទៅលើភូមិឋានជាច្រើន និងព្រួចផេះធ្លាក់ចុះមក ដែលជំរុញឱ្យត្រូវជម្លៀសមនុស្សចេញ និងប្រកាសបង្កើនការប្រុងប្រយ័ត្នកម្រិតខ្ពស់បំផុតពីអាជ្ញាធរដែនដីដែរ។ ភ្នំភ្លើង Semeru នេះស្ថិតក្នុងខេត្ត Java ខាងកើតនិងធ្លាប់បានបញ្ចេញពពកផេះក្តៅ លាយនឹងល្បាយថ្ម កម្អែល និងឧស្ម័ន ដែលសាយភាយរហូតដល់ ៧គីឡូម៉ែត្រឯណោះ តាមជម្រាលភ្នំរបស់វាច្រើនដងមកហើយ ចាប់ពីវេលាថ្ងៃត្រង់ដល់យប់ព្រលប់។ តាមជួរភ្នំវិញមានផ្សែងពពកក្តៅនិងក្រាស់ឡើងដល់កំពស់២គីឡូម៉ែត្រទៅលើអាកាស នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារភូគព្ភសាស្ត្រឥណ្ឌូណេស៊ី។ ករណីផ្ទុះឡើងនេះ បានកើតឡើងពេញមួយថ្ងៃពុធ និងបានបង្ខំឱ្យអាជ្ញាធរប្រកាសអាសន្នកម្រិតខ្ពស់របស់ភ្នំភ្លើងចំនួន២ដងដែរ ក្នុងនោះក៏មានកម្រិតខ្ពស់បំផុតទីបីដែរ។ មិនមានអ្នកស្លាប់ និងរបួសត្រូវបានរាយការណ៍នៅឡើយទេ។ ប៉ុន្តែយោងតាមអ្នកនាំពាក្យរបស់ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិ បានឲ្យដឹងថាប្រជាជនជាង ៣០០នាក់នៅក្នុងភូមិឋានទាំងបី ដែលប្រឈមនឹងហានិភ័យខ្ពស់បំផុតនៅក្នុងស្រុក Lumajang ត្រូវបានគេជម្លៀសទៅកាន់ទីជម្រកបណ្តោះអាសន្នរបស់រដ្ឋាភិបាលហើយ។ កាលពីក្នុងខែធ្នូ ឆ្នាំ២០២១ មានមនុស្ស ៥១នាក់បានស្លាប់ និងរាប់រយនាក់ផ្សេងទៀតត្រូវបាត់បង់ផ្ទះសម្បែងដោយកំអែលភ្នំភ្លើងឆេះនៅចំពោះករណីផ្ទុះដ៏ធំចុងក្រោយរបស់ភ្នំភ្លើង Semeru នេះ ដោយកាលនោះអាជ្ញាធរបានបង្ខំឱ្យមានជម្លៀសមនុស្សចេញជាង១ម៉ឺននាក់ ថែមទាំងរដ្ឋាភិបាលធ្លាប់បានផ្លាស់ប្តូរផ្ទះប្រជាជនចំនួនប្រហែលជា ២៩៧០ ខ្នងចេញដែរតំបន់ងាយរងគ្រោះនោះ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



