ភ្ញៀវទេសចរអន្តរជាតិដល់ទៅជិត១ពាន់នាក់ ដឹកតាមនាវាទេសចរណ៍ឈ្មោះ ព្យាណូ លែន (PIANO LAND) ចូលចតខេត្តព្រះសីហនុ

ភ្នំពេញ៖ បើតាមការឱ្យដឹងពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឲ្យដឹងថា ភ្ញៀវទេសចរចម្រុះជាតិសាសន៍សរុបជិត១ពាន់នាក់ បន្តចូលមកកម្សាន្តនៅកម្ពុជា តាមរយៈនាវាទេសចរណ៍ឈ្មោះ ព្យាណូ លែន (PIANO LAND) សញ្ជាតិ ប៊ើមូដា (BERMUDA) ដើម្បីទស្សនា និងសិក្សាពីវប្បធម៌កម្ពុជា។

នាវាសញ្ជាតិ ប៊ើមូដា នេះ មានបណ្តោយប្រវែង២៦០,៩៧ម៉ែត្រ និងទទឹង៣២,២០ម៉ែត្រ បានមកដល់កម្ពុជា នាវេលាម៉ោង១២:៣០នាទី ថ្ងៃទី១២មេសា ឆ្នាំ២០២៦។ នាវានេះ ចូលមកកម្ពុជាក្នុងគោលបំណងទស្សនារយៈពេល១ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសប៊ុរយណេ។ នាវាមានផ្ទុកនាវិកសរុបចំនួន៥០១នាក់ (ស្រី១២៤នាក់) មាន១៣សញ្ជាតិ និងមានភ្ញៀវទេសចរសរុបចំនួន៩៩៦នាក់ (ស្រី៥៥៧នាក់) មាន១១សញ្ជាតិ ហើយចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺចិន មានរហូតដល់៩៦១នាក់។

បន្ទាប់ពីចាកចេញពីកម្ពុជា នាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសវៀតណាម នៅវេលាម៉ោង៨:០០នាទីនៅថ្ងៃដដែល។ កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពង់ផែមួយដែលតែងតែទទួលបានភ្ញៀវទេសចរចូលមកទស្សនាតាមរយៈនាវាស្ទើររៀងរាល់ខែ។ ជាក់ស្តែង ត្រឹមរយៈពេលជិត២ខែដំបូងនៃឆ្នាំ២០២៦ កម្ពុជាបានស្វាគមន៍នាវាទេសចរណ៍ខ្នាតយក្សចំនួន៨គ្រឿង ដឹកភ្ញៀវមកកម្សាន្តជាង១ម៉ឺននាក់៕