ភ្ញៀវទេសចរថាកំពតជាខេត្តគោលដៅទេសចរណ៍កាន់តែទាក់ទាញសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ

ភ្ញៀវទេសចរដែលជាក្រុមនិស្សិតថ្នាក់អនុបណ្ឌិតមកពីខេត្តបាត់ដំបង មកធ្វើទស្សនកិច្ចសិក្សានៅក្នុងទឹកដីនៃខេត្តកំពត បានប្រាប់ឱ្យដឹងថា ពួកគាត់ពិតជាសប្បាយចិត្តយ៉ាងខ្លាំងដែលបានមកដល់ខេត្តតារារះទិសនិរតីដ៏ទាក់ទាញមួយនេះ។ ពួកគាត់បញ្ជាក់ថា ពេលបានឃើញខេត្តកំពត នៅលើប្រព័ន្ធផ្សព្វផ្សាយនានា ក៏ចាប់អារម្មណ៍ ហើយគិតថាចង់មកលេងយ៉ាងហោចឱ្យបានម្តង ប៉ុន្តែពេលបានមកដល់ដោយផ្ទាល់ទើបដឹងថាទេសភាព បរិយាកាស កន្លែងដើរកម្សាន្តនានានៅក្នុងខេត្តកំពត ពិតជាបានអន្ទងយកដួងចិត្តរបស់ពួកគាត់កាន់តែខ្លាំង និងមានអារម្មណ៍ថា មិនចង់ទៅវិញទេ ហើយពេលចាកចេញពីរមណីយដ្ឋាននិមួយៗ ក៏តែងតែនឹកគិតជាស្រេចថា នឹងត្រូវមកលេងទៀតម្តងឱ្យបាននៅពេលដ៏សមរម្យណាមួយ។ ពួកគាត់បានសរសើរដល់អាជ្ញាធរខេត្ត ក្រោមការដឹកនាំរបស់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលបានខិតខំ កែច្នៃ រៀបចំខេត្តបានស្អាតដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិច្រើន ខណៈដែលការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពក្នុងខេត្តមានភាពល្អប្រសើរ។

អភិបាលក្រុងកំពត លោក លាង រឿនសុធី  បានបញ្ជាក់ថា ក្រោមការចង្អុលបង្ហាញ និងដឹកនាំដោយផ្ទាល់របស់ឯកឧត្តម ម៉ៅ ធនិន  រដ្ឋបាលខេត្តបាននិងកំពុងបន្តអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដូចជាកាស្ថាបនាផ្លូវបេតុងតភ្ជាប់ពីក្រុងកំពតទៅឆ្នេរកោះស្មៅ និងកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត  ផ្លូវបេតុងតភ្ជាប់ពីផ្លូវជាតិលេខ៣៣ ទៅឆ្នេរកោះស្មៅ និងកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត រៀបចំកែលម្អឆ្នេរខ្សាច់កម្សាន្តចន្លោះពីស្ពានឥន្ទធនូ និងស្ពានថ្មថ្មី ដោយស្ថាបនាផ្លូវរថយន្ត ចិញ្ចឹមផ្លូវក្រាលការ៉ូម៉ាប សួនដើមឈើ សួនអង្គុយលម្ហែ និងផ្លូវម៉ាស្សាបាតជើងប្រវែង ១០៦ម៉ែត្រផងដែរ។ ក្រៅពីនេះ រដ្ឋបាលខេត្តក៏បានគ្រោងនឹងបន្តស្ថាបនាផ្លូវបេតុងមាត់ព្រែកត្រើយខាងលិចផងដែរ ខណៈដែលស្ពានវាងក្រុងកំពត ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គ្រោងនឹងចាប់ផ្តើមបើការដ្ឋានសាងសង់នៅពេលឆាប់ៗខាងមុនេះ។

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពត នៅឆមាសទី១ ឆ្នាំ២០២៥នេះ ខេត្តកំពតមានភ្ញៀវទេសចរបានមកលេងកម្សាន្ត មានចំនួនជិត ១លាន ៤សែននាក់ គឺមានការកើនឡើងប្រមាណ៥% បើបៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៤៕

 

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត