ភ្ញៀវទេសចរណ៍ជិត ៣ម៉ឺននាក់បានមកសម្រាកលម្ហែនៅខេត្តកំពតក្នុងថ្ងៃទី១នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន
ទេសចរណ៍ជាតិ អន្តរជាតិ និងក្រុមនិស្សិតខេត្តកំពត បានប្រាប់ឱ្យដឹងថា បើទោះជាបច្ចុប្បន្នកម្ពុជាមានបញ្ហាព្រំដែនជាមួយប្រទេសថៃក៏ពិតមែន ប៉ុន្តែសម្រាប់ការអភិវឌ្ឍនៅទូទាំងប្រទេសនៅតែបន្តឥត់ឈប់ឈរ ហើយលំហូរភ្ញៀវកាន់តែល្អឡើង ពិសេសខេត្តកំពត ក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត សមិទ្ធផលទេសចរណ៍ថ្មីៗ ប្លែកៗ ដែលមានភាពទាក់ទាញជាច្រើនត្រូវបានលេចចេញរូបរាងជាបន្តបន្ទាប់ ដែលបានធ្វើឱ្យទេសចរមកលេងកាន់តែច្រើន។ ជាក់ស្តែងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន-វៀតណាមថ្ងៃទី១ ភ្ញៀវបានមកលេងក្រុងកំពតច្រើន ពិសេសភ្ញៀវបរទេស ដោយពួកគាត់បានលើកឡើងថា ពួកគាត់ពិតជាសប្បាយរីករាយណាស់ដែលបានមកដល់កម្ពុជា ពិសេសខេត្តកំពត ពួកគាត់មិនព្រួយបារម្ភរឿងសុវត្ថិភាពនោះទេ ទោះកម្ពុជាមានជម្លោះព្រំដែនជាមួយថៃក៏ដោយ។
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានប្រាប់ឱ្យដឹងថា នៅថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន-វៀតណាម ភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍ គោលដៅទេសចរណ៍ និងក្រុងកំពតសរុបចំនួន ២៩.៨៧៤នាក់ ក្នុងនោះទេសចរបរទេសមានចំនួន ៥៤៣នាក់។ លោកបានបញ្ជាក់ថា ចំនួនភ្ញៀវទេសចរថ្ងៃទី១ គឺមានការកើនឡើងជាងឆ្នាំមុន ដែលមានត្រឹមតែ ១ ៧.០០០នាក់ប៉ុណ្ណោះ។ លោកបានបញ្ជាក់ដែរថា ជាទូទៅពេលមានបុណ្យទាន ក្រុមការងារមន្ទីរទេសចរណ៍ខេត្ត តែងតែបានចុះទៅតាមបណ្តារមណីយដ្ឋាន សហគមន៍ គោលដៅទេសចរណ៍នានា និងតាមសេវាកម្មម្ហូបអាហារ និងសេវាស្នាក់នៅ ទូកទេសចរណ៍ ដើម្បីផ្សព្វផ្សាយសេចក្តីណែនាំរបស់មន្ទីរទេសចរណ៍ ដោយផ្តោតសំខាន់លើការងារបដិសណ្ឋារកិច្ច អនាម័យបរិស្ថាន ចំណីអាហារ សុវត្ថិភាព តម្លៃសេវាកម្មជាដើម ធ្វើយ៉ាងណាដើម្បីរក្សាបាននូវសេចក្តីថ្លៃថ្នូរ និងកិត្តិស័ព្ទល្អរបស់ខេត្តកំពតតទៅថ្ងៃមុខទៀត៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត



