ភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណជាង ៤០មុឺននាក់ បានមកកម្សាន្តខេត្តព្រះសីហនុ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦
ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានបង្ហាញរបាយការណ៍បូកសរុបលទ្ធផលនៃការដើរកម្សាន្តរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦។
ទិដ្ឋភាពទូទៅនៃចំនួនភ្ញៀវទេសចរជារួម ចំនួនភ្ញៀវទេសចរដែលបានមកសម្រាកកម្សាន្តនៅក្នុងខេត្តព្រះសីហនុ មានការប្រែប្រួលបន្តិចបន្តួចធៀបនឹងឆ្នាំមុន ភ្ញៀវទេសចរសរុប៤០៩.៣៥៨ នាក់ (ថយចុះ ៤,៦៧%) ភ្ញៀវជាតិ ៣៩៩.៧០៦ នាក់ (ថយចុះ ៤,០៦%) ភ្ញៀវបរទេស ៩.៦៥២ នាក់ (ថយចុះ ២៤,៥២%) ។ តំបន់ឆ្នេរសមុទ្រ និងរមណីយដ្ឋាននានានៅតែជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរ ទោះបីជាមានការថយចុះចំនួនតិចតួចក៏ដោយ ចំនួនសរុប ៤០៤.៦០៧ នាក់ (ថយចុះ ៥,០៨%) ក្នុងនោះភ្ញៀវជាតិ ៣៩៧.៤៤៩ នាក់ និងភ្ញៀវបរទេស ៧.១៥៨ នាក់។
ផ្ទុយពីតួលេខរួម ការធ្វើដំណើ តាមផ្លូវអាកាស មានសន្ទុះកើនឡើងយ៉ាងខ្លាំង ដែលសបញ្ជាក់ឱ្យឃើញពីការតភ្ជាប់ជើងហោះហើរកាន់តែប្រសើរ ជើងហោះហើរ ១៣ ជើង (កើនឡើង ០៥ ជើង ធៀបនឹងឆ្នាំមុន) ចំនួនភ្ញៀវសរុប ១.១៧១ នាក់ (កើនឡើង ៨៣,២៥%) ភ្ញៀវអន្តរជាតិ ១.១៦២ នាក់ (កើនឡើង ៨៥,៦២%) ដែលបង្ហាញពីការទាក់ទាញភ្ញៀវបរទេសមកពីចម្ងាយតាមរយៈជើងហោះហើរត្រង់។
អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺ កំណើនភ្ញៀវទេសចរដែលទៅកម្សាន្តតាមបណ្តាកោះនានា មានការកើនឡើងយ៉ាងខ្ពស់ ដែលឆ្លុះបញ្ចាំងពីចំណង់ចំណូលចិត្តថ្មីរបស់ភ្ញៀវទេសចរចង់ស្នាក់នៅបែបឯកជនភាព និងធម្មជាតិ ភ្ញៀវសរុបទៅតាមកោះ ៣.៥៨០ នាក់ (កើនឡើង ៤១%) ភ្ញៀវជាតិ ២.២៤៨ នាក់ (កើនឡើង ៥៣,៣៤%) ភ្ញៀវបរទេស ១.៣៣២ នាក់ (កើនឡើង ២៤,១៣%)
ផ្អែកតាមទិន្នន័យខាងលើ យើងសង្កេតឃើញថា ទោះបីជាចំនួនភ្ញៀវសរុបមានការថយចុះបន្តិចបន្តួចក្តី ប៉ុន្តែវិស័យទេសចរណ៍តាម ផ្លូវអាកាស និងការកម្សាន្តតាមបណ្តាកោះមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ នេះជាសញ្ញាវិជ្ជមានដែលបង្ហាញថា ខេត្តព្រះសីហនុកំពុងប្រែក្លាយទៅជាគោលដៅទេសចរណ៍សម្រាកលំហែបែបប្រណីត និងជាចំណុចតភ្ជាប់អន្តរជាតិដ៏សំខាន់។
រដ្ឋបាលខេត្ត និងមន្ទីរទេសចរណ៍នៅតែបន្តខិតខំពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងអនាម័យ ដើម្បីត្រៀមលក្ខណៈទទួលភ្ញៀវទេសចរក្នុងឱកាសឈប់សម្រាកបន្តបន្ទាប់ទៀត៕
អត្ថបទ: ស្រីមុំ



