ភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីសុវត្ថិភាពហិរញ្ញវត្ថុ និងការការពារ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក និង ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ អឹសួរ៉ិនស៍ (ខេមបូឌា) ម.ក ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MOU)

រាជធានីភ្នំពេញ៖ នាថ្ងៃព្រហស្បតិ៍ ៤កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក និង ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ អឹសួរ៉ិនស៍ (ខេមបូឌា) ម.ក បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MOU) ក្នុងគោលបំណងបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីពង្រឹង និងពង្រីកសេវាកម្មហិរញ្ញវត្ថុឱ្យកាន់តែសម្បូរបែប។

គោលបំណង និងសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ កិច្ចសហការនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការរួមបញ្ចូលគ្នានូវសេវាកម្មកម្ចី និងការការពារធានារ៉ាប់រង ដើម្បីផ្តល់ជូនអតិថិជននូវដំណោះស្រាយធានារ៉ាប់រងអាយុជីវិត ដែលមានភាពងាយស្រួល និងទំនុកចិត្ត។

ជួយការពារអតិថិជន និងក្រុមគ្រួសារពីផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុក្នុងករណីមានហេតុការណ៍មិនរំពឹងទុកណាមួយកើតឡើង។ និងសហការគ្នាបង្កើតផលិតផល និងសេវាកម្មហិរញ្ញវត្ថុបែបឌីជីថលទំនើបៗ ដើម្បីឆ្លើយតបតាមតម្រូវការជាក់ស្តែងរបស់អតិថិជនក្នុងយុគសម័យថ្មី។

សារសំខាន់សម្រាប់អតិថិជន តាមរយៈភាពជាដៃគូនេះ អតិថិជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ នឹងទទួលបាននូវភាពកក់ក្តៅទ្វេដង «អស់ក្តីកង្វល់ទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ អតិថិជនត្រូវបានការពារដោយកម្ចីនៅមហានគរ និងធានាសុខុមាលភាពដោយ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍»

កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ មិនត្រឹមតែផ្ដោតលើការរីកចម្រើននៃអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការធានារ៉ាប់រងនៅកម្ពុជា ឱ្យកាន់តែរឹងមាំ និងមាននិរន្តរភាព។