ព្រឹត្តិការណ៍ AIA Pink Run 2025 កើនទាំងអ្នកចូលរួមរត់ កើនទាំងអ្នកពិនិត្យរកជំងឺមហារីកសុដន់

ព្រឹត្តិការណ៍រត់ប្រណាំង AIA Pink Run លើកទី៣ ឆ្នាំ២០២៥ ដែលរៀបចំ ដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងទប់ស្កាត់ជំងឺមហារីកសុដន់ នាថ្ងៃទី១៩ ខែតុលានេះ បានប្រព្រឹត្តទៅយ៉ាងរលូន ជាមួយជោគជ័យដ៏ត្រចះត្រង់ ជាមួយកំណើនអ្នកចូលរួមយ៉ាងច្រើន ពិសេសកំណើនអ្នកមកពិនិត្យសុខភាពពាក់ព័ន្ធនឹងបញ្ហាជំងឺមហារីកសុដន់។
ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC បានថ្លែងថា ការរៀបចំលើកទី៣ នេះ មានអ្នកចូលរួមរត់ ទាំងជាតិ និងអន្ដរជាតិជាង ៤ពាន់នាក់ ពោលគឺមានការកើនឡើង ២០% បើធៀបនឹងឆ្នាំមុន ក្នុងនោះមានក្មេងៗចូលរួមកាន់ច្រើន ដែលជាសញ្ញាណវិជ្ជមាន នៃការយល់ដឹងអំពីបញ្ហាសុខភាព ហើយក៏ជាសក្ខីភាពបញ្ជាក់នូវសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋខ្មែរកាន់តែល្អប្រសើរ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ ក្នុងរយៈពេល ៣ថ្ងៃ នៃយុទ្ធនាការរៀបចំព្រឹត្តិការណ៍រត់ប្រណាំង ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន AIA Cambodia ក្នុងការផ្ដល់ការពិគ្រោះ និងពិនិត្យរករោគសញ្ញា នៃបញ្ហាជំងឺមហារីកសុដន់ ដោយឥតគិតថ្លៃ គឺមានស្ដ្រីជិត ១ពាន់នាក់ បានចូលរួមពិនិត្យស្វែងរោគសញ្ញានៃជំងឺនេះ ។ ឯកឧត្ដមចាត់ទុកនេះ គឺជាជោគជ័យមួយ និងជាអ្វីដែលគណៈកម្មការចង់បាន ដែលបង្ហាញពីផលនៃព្រឹត្តិការណ៍ និងការយល់ដឹងរបស់ប្រជាពលរដ្ឋផងដែរ។
គួរដឹងថា NOCC បានទទួលការអនុញ្ញាតជាគោលការណ៍ពីរាជរដ្ឋាភិបាល ក្រោមការសម្របសម្រួលរបស់អាជ្ញាធរពាក់ព័ន្ធ ក្នុងការរៀបចំព្រឹត្តិការណ៍រត់ប្រណាំង AIA Pink Run នេះឡើង ដើម្បីលើកកម្ពស់ការយល់ដឹង និងទប់ស្កាត់ជំងឺមហារីកសុដន់ ភ្ជាប់ជាមួយកម្មវិធីសប្បុរសធម៌ ជាក់ស្ដែងក្រោយបញ្ចប់ព្រឹត្តិការណ៍ខាងលើ ក្នុងនាមគណៈកម្មការរៀបចំ ឯកឧត្តម វ៉ាត់ ចំរើន ក៏បានប្រគល់ថវិកាចំនួន ៣,៩០០ដុល្លារ ដល់មូលនិធិឧបត្តម្ភកម្មវិធីលើកកម្ពស់ការយល់ដឹងជំងឺមហារីកសុដន់ សម្រាប់ប្រើប្រាស់ជួយសម្រាលដល់អ្នកជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត្រផងដែរ៕