ព្រឹត្តិការណ៍ «រត់ដោយ បេះដូង» ដើម្បី រៃអង្គាស់ថវិកា ជួយកុមារខ្សោយ សតិបញ្ញា

ព្រឹត្តិការណ៍ រត់សប្បុរសធម៌ « រត់ ដោយបេះដូង» ឆ្នាំ២០២៥  រៀបចំឡើង ក្នុងគោលបំណង រៃអង្គាស់ថវិកា ជួយដល់កុមារខ្សោយសតិបញ្ញា និងបង្កើតទំនាក់ទំនង រវាងសាធារណៈជន និងកុមារៗ ជាពិសេស ផ្ដល់ឱកាសឱ្យ សប្បុរសជន មកជួបជុំគ្នា បង្ហាញពីសាមគ្គីភាព ដើម្បីគាំទ្រដល់ កុមារអូទីស្សឹម នៅសាលា រៀនទន្សាយ ។

ព្រឹត្តិការណ៍នេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម សំហេង បុរស រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា និងជាសមាជិកគណ:អចិន្ត្រៃយ៍ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) លោក អ៊ួន បឋម (សាយ) សា្ថបនិក «រត់ ជាមួយសាយ» ព្រមទាំង អ្នកស្រី សរ សុធារម្យ នាយិកាប្រតិបត្តិ នៃអង្គការសាលារៀនទន្សាយ ។

លោក អ៊ួន បឋម (សាយ) បានឲ្យដឹងថា នេះព្រឹត្តិការណ៍ រត់សប្បុរសធម៌ «រត់ដោយបេះដូង» នេះជាការរៀបចំ លើកទី២ ទទួលបានការចូលរួម ពីសាធារណៈជនជាច្រើន និងមានការផ្សព្វផ្សាយផុលផុស ជាខ្លាំង ដល់សាធារណៈជនទូទៅ នៅកម្ពុជា។ លោក សាយ បានបន្ថែមទៀតថា ថវិកា ដែលប្រមូល បានពីព្រឹត្តិការណ៍រត់នេះ នឹងយកទៅជួយ ដល់អង្គការសាលារៀនទន្សាយ ដែលកំពុងមានកម្មវិធីពិសេស ផ្ដល់ការអប់រំ ដល់កុមារខ្សោយ សតិបញ្ញា។ មួយវិញទៀតនេះជាឱកាសបង្ហាញ ពីការស្រឡាញ់ ដល់កុមារ ដែលមានបញ្ហាដូចនេះ និងជាការផ្សារភ្ជាប់រវាងសាធារណៈជនជាមួយពួកគេផងដែរ។

ដោយឡែកលោក ស៊ីថូ ណាថាន់ តំណាងឲ្យក្រុមបាល់ទាត់ពិធីករកីឡា នៅកម្ពុជា ក៏បានដឹកនាំក្រុម របស់លោក មកចូលរួមព្រឹត្តិការណ៍ សប្បុរសធម៌ នេះដែរ និងបង្ហាញក្ដីរំភើបជាខ្លាំង ដែលឃើញមានសាធារណៈជន ចូលរួមច្រើន។ លោកក៏ដូចជា ក្រុមទាំងមូលមាន អារម្មណ៍រីករាយជាខ្លាំង ដែលចូលរួមពិសេស បានបង្ហាញថា ក្រុមបាល់ទាត់ពិធីករកីឡា នៅកម្ពុជា នៅជាមួយកុមារៗ ខ្សោយសតិបញ្ញា ប្រកបដោយការស្រឡាញ់រាប់អាន និងបានផ្សព្វផ្សាយពីសកម្មភាពសប្បុរសធម៌នៅកម្ពុជា ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ រត់សប្បុរសធម៌ «រត់ដោយបេះដូង» នេះផ្ដួចផ្ដើមឡើង ដោយតារាចម្រៀង សាយ សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងពហុកីឡដ្ឋានជាតិ។ «រត់ដោយបេះដូង» នេះមាន ការចូលរួមពី សាធារណៈជន ប្រមាណ ៤០០-៥០០នាក់ ៕