ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុង អន្តរជាតិ ចក្រភពអង្គរខួបលើកទី១០ ក្រោមប្រធានបទ «រត់ដើម្បីសន្ដិភាព សាមគ្គីភាព ភាពសុខសាន្ដរបស់ប្រជាពលរដ្ឋ និងរក្សាការពារបេតិកភណ្ឌរបស់មនុស្សជាតិ»

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា ជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងបញ្ជាក់ថា ការរៀបចំទិវាម៉ារ៉ាតុងអន្តរជាតិចក្រភាពអង្គរខួបលើកទី១០នេះឡើងវិញនេះ ដោយសាតែមានការសូមណូមពរពីអ្នករត់ជាតិនិងអន្តរជាតិ ខណៈដែលព្រឹត្តិការណ៍មួយនេះបានពន្យាពេល ព្រោះតែជម្លោះប្រដាប់អាវុធកម្ពុជា និងថៃតាមខ្សែបន្ទាត់ព្រំដែន។
ចំពោះព្រឹត្តិការណ៍នេះ គឺបានជ្រើសរើសយកថ្ងៃទី៣១ ខែ សីហា ឆ្នាំ២០២៥ ដោយបានដាក់ចេញនូវសារមួយចំនួន មានដូចជា៖ រត់ដើម្បីសន្តិភាព សាមគ្គភាព សុខភាពប្រជាពលរដ្ឋ និងរក្សាការពារបេតិកភណ្ឌរបស់មនុស្សជាតិ ដែលសារទាំងនេះ ជាការចូលរួមចំណែកបង្ហាញនូវស្មារតីជាតិនិយម និងរំលេចផ្សព្វផ្សាយទៅកាន់អន្តរជាតិឱ្យពួកគេមើលឃើញអំពីប្រាសាទរបស់កម្ពុជាមួយចំនួនត្រូវបានបែកបាក ។
ឯកឧត្តម វ៉ាត់ ចំរើន បានគូសបញ្ជាក់ទៀតថា ព្រឹត្តិការណ៍រត់នេះ គឺបានផ្តោតសំខាន់ទៅលើចលនារួមរួមសាមគ្គីភាព ដែលជាស្មារតីជាតិនិយម ទាំងស្មារតី ថវិកា និងសម្ភារៈ ដើម្បីជួយដល់សមរភូមិមុខ និងជនភៀសសឹករបស់យើង ហើយការថ្លែងនេះ នៅក្នុងសន្និសិទ ប្រកាសជាផ្លូវការទិវាម៉ារ៉ាតុងអន្តរជាតិចក្រភាពអង្គរខួបលើកទី១០ នៅអាគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីថ្ងៃទី១២ ខែ សីហា ឆ្នាំ២០២៥។
ឯកឧត្តម ក៏បានអំពាវនាវ ឱ្យយុវជននិងប្រជាពលរដ្ឋចូលរួមក្នុងព្រឹត្តិការណ៍នេះឱ្យបានច្រើនកុះករ ដោយមានបដានិងទង់ជាតិ សែ្រកបង្ហាញការគាំទ្រជំរុញចលនាជាតិនិយមនេះឱ្យអន្តជាតិមើលឃើញអំពីស្មារតីជាតិនិយមរបស់ជនជាតិយើងឱ្យជ្រោជ្រាបដល់ស្រទាប់មតិជាតិនិងអន្តរជាតិ៕