ព្រឹត្តិការណ៍ប្រណាំងរថយន្ត OFF-ROAD ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៧ បិទបញ្ចប់ដោយជោគជ័យ ដោយរកឃើញម្ចាស់ជ័យលាភីទាំង ៣ ប្រភេទ
ក្រុងកំពង់សោម៖ ព្រឹត្តិការណ៍ប្រណាំងរថយន្តប្រចាំឆ្នាំ «ប្រណាំង OFF-ROAD ជ្រើស រើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៧ (Cambodia OFF-ROAD Championship 2027 – CORC)» បានបិទបញ្ចប់ជាផ្លូវការហើយ នារសៀលថ្ងៃសៅរ៍ ទី៣១ ខែតុលា ឆ្នាំ២០២៦ នេះ នៅភូមិពូធឿង សង្កាត់បិតត្រាំង ក្រុងកំពង់សោម ក្រោយពីបានដំណើរការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេល ៣ថ្ងៃពេញ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦។
ពិធីបិទការប្រកួតដ៏មានអត្ថន័យនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តម ទៀ ស្យាម អនុប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា និង លោក សាមុត សុធារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ និងមានការចូលរួមពីសំណាក់តំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ កីឡាករ កីឡាការិនី និងភ្ញៀវជាតិ-អន្តរជាតិយ៉ាងច្រើនកុះករ។
មានប្រសាសន៍ក្នុងពិធីបិទនោះ ឯកឧត្តម ទៀ ស្យាម បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងរថយន្តរយៈពេល ៣ថ្ងៃនេះ បានប្រព្រឹត្តទៅនិងបញ្ចប់ទៅយ៉ាងរលូន ប្រកប ដោយភាពជោគជ័យ និងស្មារតីប្រកួតប្រជែងនិងការទទួលខុសត្រូវខ្ពស់។ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋបាលខេត្តព្រះសីហនុ ក៏ដូចជាគណៈកម្មការរៀបចំការប្រកួតទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀបចំកម្មវិធីទាំង ៣ ប្រភេទ (Class) នេះឡើងយ៉ាងល្អឥតខ្ចោះ មុននឹងឈានដល់ការប្រគល់ពានរង្វាន់ជូនដល់ក្រុម និងកីឡាករ-កីឡាការិនីជ័យលាភី។
លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានបង្ហាញពីភាពរីករាយចំពោះភាពជោគជ័យនៃព្រឹត្តិការណ៍នេះ ដែលរៀប ចំឡើងក្នុងគោលបំណងជំរុញការអភិវឌ្ឍវិស័យកីឡាយានយន្តនៅកម្ពុជាឱ្យកាន់តែរីកចម្រើន។ លោកបានកោតសរសើរដល់សហព័ន្ធកីឡាយានយន្តកម្ពុជា ក្លឹបកីឡាមហាគ្រួសាររថយន្ត OFF-ROAD កម្ពុជា និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ខ្ពស់ធ្វើឱ្យការប្រកួតមានសុក្រឹតភាព និងភាពយុត្តិធម៌។ លោក បានបន្តថា ព្រឹត្តិការណ៍កីឡានេះ មិនត្រឹមតែបង្ហាញពីភាពរីកចម្រើន និងសុខសន្តិភាពពេញបរិបូរណ៍របស់ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកស្ទួយវិស័យសេដ្ឋកិច្ច ទេសចរណ៍ ការទូត និងការផ្សព្វផ្សាយមុខមាត់ជាតិសាសន៍ផងដែរ។ ទន្ទឹមនឹងនេះ លោកក៏បានក្រើនរំលឹកដល់កីឡាករទាំងអស់ឱ្យរក្សាខ្ជាប់នូវស្មារតីសីលធម៌ យុត្តិធម៌ និងមិត្តភាព ដោយត្រូវចេះទទួលយកលទ្ធផលឈ្នះ-ចាញ់ ក្នុងនាមជាកីឡាករអាជីព។
ជាកិច្ចបញ្ចប់ គណៈអធិបតីបានធ្វើការប្រគល់មេដាយជូនដល់កីឡាករ-កីឡាការិនីជាង ១០០នាក់ ដើម្បីជាការលើកទឹកចិត្ត និងបានប្រគល់ពានរង្វាន់ព្រមទាំងថវិកាដល់ក្រុមដែលទទួលបានជ័យលាភីលេខ១ លេខ២ និងលេខ៣ ក្នុងប្រភេទនីមួយៗ រួមមាន៖
-Class A: លេខ១៖ ក្រុម VKH HC (ទទួលបានពាន១ និងថវិកា ៤.០០០.០០០ រៀល), លេខ២៖ ក្រុម BM Garage (ទទួលបានពាន១ និងថវិកា ២.៨០០.០០០ រៀល) , លេខ៣៖ ក្រុម BN Autoparts (ទទួលបានពាន១ និងថវិកា ២.០០០.០០០ រៀល)។
-Class B:លេខ១៖ ក្រុម តាខ្មែរ (ទទួលបានពាន១ និងថវិកា ២.៨០០.០០០ រៀល),លេខ២៖ ក្រុម គោព្រៃមណ្ឌលគីរី (ទទួលបានពាន១ និងថវិកា ២.០០០.០០០ រៀល),លេខ៣៖ ក្រុម KING KONG (ទទួលបានពាន១ និងថវិកា ១.២០០.០០០ រៀល)។
-Class C:លេខ១៖ ក្រុម VKH (ទទួលបានពាន១ និងថវិកា ២.០០០.០០០ រៀល),លេខ២៖ ក្រុម CamCar Racing Teams (ទទួលបានពាន១ និងថវិកា ១.២០០.០០០ រៀល),លេខ៣៖ ក្រុម VKH HC happy off road (ទទួលបានពាន១ និងថវិកា ៨០០.០០០ រៀល)។
អត្ថបទ៖ មនសូត្រ
រូបភាព៖ ផូង ថៃ


