ព្រឹត្តិការណ៍ប្រណាំងរថយន្ត OFF-ROAD ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៧ ចាប់ផ្តើមបើកការប្រកួតយ៉ាងស្វិតស្វាញ ក្នុងក្រុងកំពង់សោម

ពិធីបើកព្រឹត្តិការណ៍ប្រណាំងរថយន្តប្រចាំឆ្នាំ «ប្រណាំង OFF-ROAD ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៧ – Cambodia OFF-ROAD Championship 2027 (CORC)» ត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ នៅភូមិពូធឿង សង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ទៀ ស្យាម អនុប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា និងលោក សាមុត សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងមានការចូលរួមពីសំណាក់មន្ត្រីនៃមន្ទីរ-អង្គភាពកីឡាករ កីឡាការិនី  ភ្ញៀវជាតិ-អន្តរជាតិ និងក្រុមអ្នកគាំទ្រយ៉ាងច្រើនកុះករ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ទៀ ស្យាម អនុប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា បានមានប្រសាសន៍ថា នេះជាលើកទីពីរហើយ ដែលខេត្តព្រះសីហនុបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតរថយន្ត OFF-ROAD ជ្រើសរើសជើងឯកថ្នាក់ជាតិ សម្រាប់ព្រឹត្តិការណ៍នាពេលនេះដែលប្រព្រឹត្តរយៈ ពេល៤ថ្ងៃចាប់ពីថ្ងៃទី២៨ដល់ថ្ងៃ ទី៣១ ខែតុលា ឆ្នាំ២០២៦ ដែលមានកីឡាករ កីឡាការិនីចូលរួមប្រគួតរថយន្តសរុបចំនួន ៤៨គ្រឿង ដោយបែងចែកជា ៣  (Class)  Class A ចំនួន ១៧គ្រឿង, Class B ចំនួន ១៨គ្រឿង និង Class C ចំនួន ១៣គ្រឿង។

ឯកឧត្តម បានបន្ថែមថា ការរៀបចំព្រឹត្តិការណ៍នេះ មានគោលបំណងសំខាន់ៗចំនួន២

១. ជ្រើសរើសតំណាងជើងឯកថ្នាក់ជាតិ ស្វែងរកកីឡាករ និងក្រុមប្រកួតដែលមានស្នាដៃឆ្នើមបំផុតប្រចាំប្រទេស ដើម្បីតំណាងឱ្យជាតិទៅចូលរួមប្រកួត លើឆាកអន្តរជាតិ។

២. បង្កើតផលិតផលទេសចរណ៍ថ្មី បង្កើតទស្សនីយភាពកីឡាទេសចរណ៍ប្លែកថ្មី បង្បង្ហាញពីភូមិសាស្ត្រ និងតំបន់ទេសចរណ៍ធម្មជាតិ ព្រៃភ្នំ និងតំបន់រុករកថ្មីៗ ឱ្យកាន់តែទូលំទូលាយបន្ថែមលើតំបន់ឆ្នេរ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

បន្ថែមពីនេះ ព្រឹត្តិការណ៍នេះក៏ជាការបង្ហាញពីសាមគ្គីភាពរវាងក្រុមកីឡាករ និងសង្គម ការចែករំលែកបទពិសោធន៍លើវិស័យកីឡាយានយន្តនៅកម្ពុជា ព្រមទាំងការលើកកម្ពស់កម្រិតស្តង់ដារសុវត្ថិភាព លក្ខណៈបច្ចេកទេស និងការស្វែងយល់បន្ថែមអំពីបច្ចេកវិទ្យាថ្មីៗផងដែរ។

លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានកោតសរសើរចំពោះសហព័ន្ធកីឡាយានយន្តកម្ពុជា ក្លឹបកីឡាយានយន្ត OFF-ROAD កម្ពុជា និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី រៀបចំព្រឹត្តិការណ៍នេះឡើង ក្នុងគោលបំណងដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡា ជាពិសេសវិស័យកីឡាប្រណាំងរថយន្ត ចូលរួមចំណែកផ្សព្វផ្សាយវិស័យទេសចរណ៍ និងបង្កើនកិត្យានុភាពខេត្តព្រះសីហនុ ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។

លោកក៏បានផ្តាំផ្ញើរ កីឡាករ កីឡាការីនី ត្រូវមានស្មារតីទទួលខុសត្រូវក្នុងចិត្តជាកីឡាករ យ៉ាងពិតប្រាកដ ដោយស្ម័គ្រចិត្តទទួលយកនៅលទ្ធផលឈ្នះ-ចាញ់ និងគោរពនៅសេចក្តីថ្លៃថ្នូរ ស្របតាមគោលការយុត្តិធម៌ និងមិត្តភាព ក្នុងស្មារតីនេះ កីឡាមិនត្រឹមតែផ្តល់នូវកាយសម្បទារឹងមាំប៉ុណ្ណោះទេ ថែមទាំងបានអប់រំទៅលើផ្លូវចិត្ត និងសីលធម៌ មានភាពអំណត់ ព្យាយាម និងចេះយោគយល់គ្នា ប្រកាន់ភ្ជាប់នភាភាពយុត្តិធម៌ សុចរិតធម៌ជានិច្ច។

អត្ថបទ : មនសូត្រ

រូបភាព: ផូង ថៃ