ព្រឹត្តិការណ៍ប្រកួតអន្តរជាតិលើកទី៦ បញ្ចប់ដោយជោគជ័យ ជាមួយការដណ្តើមខ្សែ ក្រវាត់ពិភពលោកពីកីឡាករ ២០ ប្រទេស
ខេត្តព្រះសីហនុ៖ វិស័យកីឡាគុនខ្មែរបានបោះជំហានកាន់តែខ្លាំងទៅកាន់ឆាកអន្តរជាតិ ខណៈដែលព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរអន្តរជាតិ លើកទី៦ បានបញ្ចប់ទៅដោយជោគជ័យ និងយ៉ាងអធិកអធមបំផុត ក្រោមអធិបតីភាព ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។
ពិធីបិទការប្រកួតនេះបានប្រព្រឹត្តទៅនារសៀលថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីលានតេជោ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយមានការចូលរួមយ៉ាងកុះករពីសំណាក់មហាជន ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ មានការចូលរួមប្រកួតប្រជែងយ៉ាងស្វិតស្វាញពីសំណាក់កីឡាករ-កីឡាការិនីអាជីពមកពី ២០ប្រទេស ជុំវិញពិភពលោក។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានផ្តល់កិត្តិយសបំពាក់មេដាយមាស ប្រាក់ និងសំរឹទ្ធ ជូនដល់ជ័យលាភីតាមប្រភេទវិញ្ញាសានីមួយៗ ដើម្បីជាការលើកទឹកចិត្តដល់កីឡាករដែលបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព។
អ្វីដែលជាចំណុចទាក់ទាញបំផុតនោះគឺ ការស្វែងរកម្ចាស់ “ខ្សែក្រវាត់ពិភពលោក” ដែលជាការតតាំងគ្នាយ៉ាងជក់ចិត្តពីសំណាក់កំពូលកីឡាករគុនខ្មែរល្បីៗចំនួន ៤រូប រួមមាន៖
កីឡាករ ព្រហ្ម សំណាង, កីឡាករ ពេជ្រ សម្បត្តិ , កីឡាករ ពេជ្រ អទិទេព,កីឡាករ ឈុត សេរីវណ្ណថង។
សម្រាប់លទ្ធិផលនៃការប្រកួតដណ្ដើមខ្សែរក្រវាត់ពិភពលោក គឺកីឡាករប្រដាល់គុណខ្មែរបានទទួលជ័យជំនះទាំង៤គូ ផងដែរ
ឯកឧត្តមអភិបាលខេត្តបានលើកឡើងថា ការរៀបចំព្រឹត្តិការណ៍នេះ មិនត្រឹមតែជាការលើកស្ទួយវិស័យកីឡាគុនខ្មែរដែលជាមរតកដូនតាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការ ផ្សព្វផ្សាយវប្បធម៌ខ្មែរ៖ បង្ហាញអត្តសញ្ញាណដ៏រឹងមាំទៅកាន់ឆាកអន្តរជាតិ ជំរុញទេសចរណ៍ បង្ហាញពីសក្ដានុពលនៃខេត្តព្រះសីហនុ ដែលជាគោលដៅទេសចរណ៍ និងព្រឹត្តិការណ៍កម្រិតពិភពលោក។ បង្កើតទំនាក់ទំនងល្អរវាងកីឡាករជាតិ និងអន្តរជាតិ តាមរយៈស្មារតីកីឡា “គុនខ្មែរតែមួយ”។ ទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅខេត្តព្រះសីហនុ ដែលជាតំបន់ទេសចរណ៍តារារះនាទិសនិរតី។
“ស្មារតីកីឡាដែលកីឡាករគ្រប់រូបបានបង្ហាញនៅថ្ងៃនេះ គឺជាមោទនភាពរបស់ជាតិយើងទាំងមូល”៕

អត្ថបទ៖ ស្រីមុំ
រូបភាព៖ សុីថាត់,ភារុណ


